រៀបការនៅអាមេរិករួច ខៀវ សុខារ៉ាវី នឹងដឹកដៃស្វាមីមកកាត់ចំណងដៃនៅស្រុកខ្មែរឆាប់ៗនេះ
- 2018-11-07 04:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការនៅអាមេរិករួច ខៀវ សុខារ៉ាវី នឹងដឹកដៃស្វាមីមកកាត់ចំណងដៃនៅស្រុកខ្មែរឆាប់ៗនេះ
ចន្លោះមិនឃើញ
ពិតជាដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ក្រោយពីអតីតតារាសម្តែង ខៀវ សុខារ៉ាវី ដែលបាត់មុខពីសិល្បៈ ថែមទាំងជីវិតឯកជនស្ថិតក្នុងភាពអាថ៌កំបាំងជាច្រើនឆ្នាំ បានប្រកាសរៀបការជាសាធារណៈនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ។ ក្រោយរៀបការមិនបានប៉ុន្មានផងក៏មានលេចឮដំណឹងថាអតីតតារាសម្តែងមុខមូលក្រឡង់រូបនេះមានគម្រោងដឹកដៃស្វាមីមកកាត់ចំណងដៃនៅស្រុកខ្មែរម្តងទៀត។
ឆ្លើយតបនឹងបញ្ហានេះ អ្នកស្រី នីន រ៉ាត់ ម្ដាយរបស់ ខៀវ សុខារ៉ាវី បានអះអាងថា ពេលនេះកូនស្រីរបស់អ្នកស្រី ពិតជាបានរៀបការមែន តែមិនមែនធ្វើនៅស្រុកខ្មែរនោះទេ គឺធ្វើនៅសហរដ្ឋអាមេរិក ចំណែកឯរូបអ្នកស្រីមិនបានចូលរួមឡើយ។ "កូនស្រីខ្ញុំការហើយ តែខ្ញុំមិនចាំថ្ងៃខែច្បាស់ទេ ព្រោះទើបថ្មីៗហ្នឹងទេ មង្គលការហ្នឹងខ្ញុំក៏មិនបានចូលរួមដែរ ព្រោះធ្វើនៅអាមេរិក តែមិនអីទេ ឲ្យតែកូនៗស្រលាញ់គ្នាទៅចុះ"។ ម្តាយ សុខារ៉ាវី បញ្ជាក់។
ទោះជាមិនបានចូលរួមក្នុងពិធីមង្គលការកូនស្រីនៅឯសហរដ្ឋអាមេរិកក្តី តែអ្នកស្រីអះអាងថា រ៉ាវី មានគម្រោងមកកាត់ចំណងដៃនៅស្រុកខ្មែរនាពេលឆាប់ៗខាងមុខ តែមិនកំណត់ថាថ្ងៃណាច្បាស់នោះទេ។ ស្វាមីរបស់ ខៀវ សុខារ៉ាវ៉ ត្រូវបានអ្នកម្តាយបញ្ជាក់ថា ជាអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាអ្នកធ្វើការធម្មតា ពិសេសលោកមិនប្រកាន់រឿងអតីតកាលរបស់ សុខារ៉ាវី នោះឡើយ។
ខៀវ សុខារ៉ាវី បានសម្រេចចិត្តលុបចោលពិធីមង្គលការជាមួយអតីតារាសម្តែង ស៊ុក សុភា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨។ ក្រោយមកទៀតអ្នកលេចឮដំណឹងថា អ្នកនាងបានជួបប្រសព្វនឹងស្នេហាជាមួយបុរសម្នាក់មានឋានៈធំគ្រាន់បើ ថែមទាំងមានកូនប្រុសម្នាក់ ក្រោយមកក៏ស្ងាត់ដំណឹងសូន្យឈឹង៕
រូបភាព៖ ហ្វេសប៊ុក ខៀវ សុខារ៉ាវី