នរណា​ថា ​បរាជ័យ​អាពាហ៍ពិពាហ៍​ម្ដង​មិន​​អាច​រក​គូ​បាន ​តារា​ទាំង​នេះ​​នៅ​តែ​អាច​រក​ឃើញ​ស្នេហា​ថ្មី​សម​ដូច​បំណង

  • 2018-11-07 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជីវិត​ស្នេហា ​តារា​ជា​ច្រើន​បាន​ជួប​រឿង​បរាជ័យ​ ត្រូវ​លែង​លះ​គ្នា ​ដោយ​សារ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​បាន។ ​យ៉ាង​ណា​ក៏​ដោយ ​ក្រោយ​ខក​ចិត្ត​ម្តង​ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ ពួក​គេ​នៅ​តែ​អាច​ស្វែង​រក​ដៃ​គូ​យ៉ាង​ស័ក្ដិសម រួម​ផ្លូវ​កសាង​គ្រួសារ​ជាមួយ​គ្នា​ជា​ថ្មី ​យ៉ាង​មាន​សុភមង្គល ​ដោយ​មិន​ខ្វល់​ពី​អតីត​កាល។​

គង់ សុ​ជាតិ និង ជា វិបុល

អ្នក​នាង ​គង់ សុ​ជាតិ ​បាន​រៀប​ការ​ជាមួយ​លោក ​ម៉ៅ សារភាព​ តែ​ដោយ​មិន​ចុះ​សម្រុង​គ្នា ​អ្នក​ទាំង​ពីរ​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន។ ​ថ្វី​បើ​បែប​នេះ​ក្ដី ​ពិធី​កា​រី​នី​រូប​ស្រស់​ នៅ​តែ​អាច​ស្វែង​រក​សុភមង្គល​ជាមួយ​គូថ្មី ​គឺ​លោក ​ជា វិបុល ដោយ​អ្នក​ទាំង​ពីរ​ ថែម​ទាំង​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ស្រប​ច្បាប់​ ​​យ៉ាង​​​ផ្អែម​ល្ហែម​ទៀត​ផង។ រី​ឯ​កូន​ៗ​របស់​​​អ្នក​នាង​សុ​ជាតិ​ វិញ ​ហៅ​លោក​វិបុល ថា ប៉ា​ៗ​ពេញ​មាត់​ ធ្វើ​ឲ្យ​គ្រួសារ​នេះ កាន់តែ​កក់​ក្ដៅ ។

ស៊ឹម សូ​លិ​កា និង អេង រិទ្ធី

​​មុន​ចូល​សិល្បៈ ​តួ​ឯក​ស្រី​ក្នុង​រឿង "​នេសាទ​ក្រពើ" ​បាន​ឆ្លង​កាត់​ជី​វិត​គ្រួសារ​រួច​ហើយ ​​ជាមួយ​បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់ ​តែ​ក្រោយ​មក ​ចំណង​ស្នេហា​អ្នក​ទាំង​ពីរ​ក៏​ដល់​ផ្លូវ​បំបែក។ បន្ទាប់​ពី​រួម​ការងារ​ច្រើន​ឆ្នាំ ​ជាមួយ​លោក ​អេង រិទ្ធី ​ពន្លក​ស្នេហា​​ក៏​ចាប់​ផ្ដើម​ស្ងាត់​ៗ ​ ទើប​​តែ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ​​​គូ​ស្នេហ៍​ជា​ពិធី​ករ​ទាំង​ពីរ​ព្រម​ទទួល​ស្គាល់ និង​បើក​ចំ​ហរ​។

​ត្បិត​ពុំ​ទាន់​មាន​ដំណឹង​រៀប​ការ​ តែ​ក្ដី​ស្រលាញ់​របស់​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ពិត​ជា​រឹង​មាំ ​ហើយ​កូន​ស្រី​របស់​អ្នក​នាង ស៊ឹម សូ​លិកា វិញ ​ក៏​សប្បាយ​ចិត្ត​​ចំពោះ​រឿង​នេះ​ដែរ។

សាត រស្មី និង ឆៃ ដា​ពិសិដ្ឋ

​ស្នេហា​​ខុស​ជំនាន់ ​របស់​អ្នក​ទាំង​ពីរ ធ្លាប់​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​បើ​ក​ភ្នែក​ធំ​ៗ​ម្ដង​រួច​ហើយ ​ពេល​ធ្លាយ​ដំណឹង​ថា ​ក្មួយ​ប្រុស​លោក ព្រាប សុវត្ថិ​ ត្រៀម​ចូល​រោង​ការ​ជាមួយ​អតីត​ភរិយា ​លោក​ ជៀស​ ស្រួច។ ​ឆៃ​ដា ពិសិដ្ឋ នៅ​តែ​ស្រលាញ់ ​និង​មិន​ដែល​ខ្វាយ​ខ្វល់​ពី​អតីតកាល​របស់​អនាគត​ភរិយា​របស់​ខ្លួន​ឡើយ ​និង​ថែម​ទាំង​មាន​គម្រោង​ចូល​រោង​ការ​​​នៅ​ ២ ឆ្នាំ​ខាង​មុខ​ទៀត​ផង។

ខៀវ សាន​សា​ណា និង Seraj Sutton

​ពិធី​កា​រី​នី​តូច​ច្រ​លឹង​រូប​នេះ ​ធ្លាប់​ជួប​ស្នេហា​មិន​សម​បំណង​ ​​ជាមួយ​បុរស​ធ្វើ​ការ​​នៅ​អង្គ​ការ​ណា​តូ ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​ពេល​ជាង​២​ឆ្នាំ។ ​ក្រោយ​បែក​បាក់​គ្នា ​​ពិធី​កា​រី​នី​ពូ​កែ​ភាសា​អង់គ្លេស​ បាន​ជួប​ប្រទះ​ស្នេហ៍​ថ្មី ​ជាមួយ​បុរស​ជន​ជាតិ​អាមេរិក ​ហើយ​ចំណាយ​លើ​រៀបការម្តងទៀត អស់ក្បែរ​៥ម៉ឺន​ដុល្លារ ដោយរៀប​ចំ​​នៅ​សណ្ឋាគារ​លំដាប់​ក្នុង​រាជ​ធានី​ភ្នំពេញថែមទៀត។ គូ​ស្នេហ៍​​ទាំង​ពីរ​ ចុះ​សម្រុង​គ្នា​ល្អ​ណាស់ និង​តែង​ចំណាយ​ពេល​វេលា​ដើរលេង​ក្រៅ​ប្រទេស​ញឹក​ញាប់។

អេដា និង Allen Tan

តារា​ចម្រៀង Original Song ​​រូប​នេះ ​ធ្លាប់​បាន​សាង​ស្នេហា​ជាមួយ​បុរស​ជា​ជនបរទេស​ម្នាក់ ​​ដោយ​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជាមួយ​គ្នា​ទៀត​ផង។ ​​ចំណង​ស្នេហ៍​ភ្លើង​ចំបើង​មួយ​នេះ ​បាន​រលត់ ប៉ុន្តែ​មិន​បាន​ធ្វើ​​ឲ្យ ​អេដា ​ឈឺ​ចាប់​រយៈ ពេល​យូរ​នោះ​ទេ ​ព្រោះ​ម្ចាស់​បទ "​ពីរ​នាក់​បាន​ហើយ​" ​បាន​រក​ឃើញ​ស្នេហ៍​ថ្មី ​គឺ​លោក Allen Tan ជា​ជន​ជាតិ​អាមេរិក ។ ​

អ្នក​ទាំង​ពីរ​ ថែម​ទាំង​បាន​បង្កើត​មុខ​ជំនួញ​រួម​គ្នា និង​ចេញ​ដើរ​លេង​ក្រៅ​ប្រទេស​កសាង​អនុស្សាវរីយ៍ ​យ៉ាង​មាន​ក្តី​សុខ​បំផុត៕

​​​​​​​​​​​​

អត្ថបទ៖ លឹម សុនា