ដាវ ដាវីកា ព្យាយាមតាំងពីតួរាយរង ទម្រាំបានសម្ដែងជាតួឯក
- 2018-11-08 07:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាវ ដាវីកា ព្យាយាមតាំងពីតួរាយរង ទម្រាំបានសម្ដែងជាតួឯក
ចន្លោះមិនឃើញ
ទម្រាំបានសម្ដែងជាតួឯកនៅក្នុងរឿង "ប្រអប់សំបុត្រចោលទុក្ខ" តារាសម្ដែងវ័យក្មេងសម្រស់ស្រស់ស្អាត ដាវ ដាវីកា ឆ្លងកាត់ការសម្ដែងជាតួអង្គរាយរង និងបទពិសោធន៍រាប់មិនអស់។
ថ្លែងមកកាន់ Sabay ថ្មីៗនេះ តារាសម្ដែងវ័យ២១ឆ្នាំទើបតែប្រឡូកក្នុងវិស័យសិល្បៈសម្ដែងបានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយខិតខំប្រឹងប្រែងតាំងពីគ្មានបទពិសោធន៍ទាល់តែសោះរហូតបានសម្ដែងជាតួឯក។ រឿងដំបូងបំផុត ដែលតារាស្រីវ័យក្មេងនេះចូលរួមសម្ដែងគឺរឿង "នាងនាថបាត់ដំបង" ដោយពេលនោះគ្រាន់តែជាតួបន្ទាប់បន្សំតែប៉ុណ្ណោះ។
បន្ទាប់ពីរឿងដំបូង តារារូបនេះនៅតែបន្តអាជីពសម្ដែង ក្នុងរឿងជាច្រើនដូចជា "មន្តស្នេហ៍លេខា" “ម្ចាស់បំណុល" “មកុដកូនក្រមុំ" “វាសនាវីរីយ៉ា" ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់ពីបណ្ដារឿងទាំងនេះ គឺនាងតែងតែសម្ដែងជាតួកាចភាគច្រើន។ លុះមកដល់រឿងចុងក្រោយដែលនាងសម្ដែងនៅក្នុងរឿង "ប្រអប់សំបុត្រចោលទុក្ខ" ដាវីកា ផ្លាស់ប្ដូរមកសម្ដែងជាតួស្លូតវិញម្ដង។
ជុំវិញអាជីពជាតារាសម្ដែង តារារូបនេះបញ្ជាក់ថាវាពិតជាលំបាកដោយសារការខ្វះបទពិសោធន៍ និងមិនមានខ្សែរយៈ។ ហេតុដូច្នេះហើយទើប កញ្ញាបានលើកទឹកចិត្តឲ្យតារាៗជំនាន់ថ្មី ដែលចង់ប្រឡូកក្នុងវិស័យនេះ កុំរុញរានឹងការធ្វើតេស្តសម្ដែងសាកល្បង ហើយចំណុចសំខាន់បំផុតនោះគឺត្រូវតែចេះដាក់ខ្លួនយល់ព្រមសម្ដែងតួអង្គគ្រប់ប្រភេទ ជាពិសេសគឺចេះបត់បែនតាមកាលៈទេសៈ។ រហូតមកដល់ពេលនេះ កញ្ញាបញ្ជាក់ថា ទោះបីជាខ្លួនមានគេចង់ឲ្យសម្ដែងមិនមែនជាតួឯកក៏ដោយ ក៏នៅតែពេញចិត្តសម្ដែង ឲ្យតែតួអង្គនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និងមានសាច់រឿងល្អ៕