Jessie J ស្បថនឹងធ្វើជាម្ដាយគេឲ្យបាន ទោះបីមិនអាចមានកូនតាមធម្មជាតិក៏ដោយ
- 2018-11-18 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jessie J ស្បថនឹងធ្វើជាម្ដាយគេឲ្យបាន ទោះបីមិនអាចមានកូនតាមធម្មជាតិក៏ដោយ
ចន្លោះមិនឃើញ
តារាចម្រៀង Jessie J បានស្បថស្បែថា នាងនឹងធ្វើជាម្ដាយគេឲ្យបាន ក្នុងសារដ៏ពោរពេញដោយមនោសញ្ចេតនាមួយ ក្រោយប្រកាសថានាងមិនអាចមានកូនតាមធម្មជាតិបាន។
កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ តារាចម្រៀង Jessie J បានប្រាប់អ្នកគាំទ្រថា នាងបានរកឃើញថានាងមានបញ្ហាមិនអាចមានកូនបានតាំងពី ៤ ឆ្នាំមុនមកម៉្លេះ ហើយរូបនាង បានរៀបរាប់រឿងទុក្ខសោកមួយនេះគ្រប់បែបយ៉ាង ខណៈនាងធ្វើការប្រគំតន្ត្រីមួយនៅទីក្រុងឡុងដុង។
ចំណែកឯថ្មីនេះ តារាចម្រៀងវ័យ ៣០រូបនេះ បានបង្ហោះសារមួយលើគណនី Instagram របស់នាង ដើម្បីធ្វើការអរគុណចំពោះអ្នកគាំទ្រ ដែលបានផ្ដល់ការស្រឡាញ់និងលើកទឹកចិត្ត ចំពោះបញ្ហាដ៏អកុសលរបស់នាងមួយនេះ។
ក្នុងសារនោះដែរនាងបានសរសេរថា៖ "ក្រោយរៀបរាប់ពន្យល់ពីអត្ថន័យនៃបទចម្រៀង "Four Letter Word” លើឆាកតន្ត្រីទេសចរណ៍រួចមក ការស្រឡាញ់និងលើកទឹកចិត្តដែលខ្ញុំទទួលបានគឺពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តជាខ្លាំង។ អរគុណ។ ខ្ញុំត្រូវបានគ្រូពេទ្យប្រាប់កាលពី៤ ឆ្នាំមុនថា ខ្ញុំមិនអាចមានកូនបានទេ។ ខ្ញុំក៏ត្រូវបានប្រាប់ដែរថា ខ្ញុំត្រូវកាត់ស្បូនរបស់ខ្ញុំចោលភ្លាមៗ និងត្រូវប្រើប្រាស់ថ្នាំដើម្បីព្យាបាល។ ខ្ញុំបដិសេធការកាត់ស្បូនចោលនេះ ខ្ញុំឈប់ផឹកថ្នាំពេទ្យអ្វីទាំងអស់ និងប្រែមកប្រើថ្នាំធម្មជាតិ និងការតមអាហារវិញ។ ខ្ញុំមិនបោះបង់ក្ដីសង្ឃឹម។ ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងតាមដែររាងកាយខ្ញុំអាចធ្វើបាន"។
តារាចម្រៀងស្រី ដែលបច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Channing Tatum រូបនេះ ក៏បានបញ្ជាក់ដែរថា នាងមិនអស់សង្ឃឹម ហើយនាងនឹងអាចមានគ្រួសារមួយពេញលេញដូចគេ៖ "…..ខ្ញុំនឹងអាចក្លាយជាម្ដាយគេ។ ខ្ញុំជឿជាក់លើអភូតហេតុ...”៕