ក្រៅពីរត់ម៉ារ៉ាតុង ម៉ា វីរ៉ូ មានការងារ២ទៀតដែលអ្នកប្រហែលមិនចាប់អារម្មណ៍
- 2018-11-26 02:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីរត់ម៉ារ៉ាតុង ម៉ា វីរ៉ូ មានការងារ២ទៀតដែលអ្នកប្រហែលមិនចាប់អារម្មណ៍
ចន្លោះមិនឃើញ
ម៉ា វីរ៉ូ ត្រូវបានគេស្គាល់ថា ជាកីឡាកររត់ប្រណាំងម៉ារ៉ាតុងដ៏ល្អម្នាក់សម្រាប់វិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ និងចម្ងាយ៤២គីឡូម៉ែត្រដែលភាគច្រើនទទួលបានលទ្ធផលល្អក្នុងការប្រកួតម៉ារ៉ាតុងអន្តរជាតិអង្គរ ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ និងពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ។ យ៉ាងណា លោកអ្នកប្រហែលជាមិនដឹងពីជីវិតពិតរបស់អ្នករត់ម៉ារ៉ាតុងរូបនេះទេ។
ថ្ងៃនេះ Sabay សូមបង្ហាញរឿងរ៉ាវ៣យ៉ាងដែលមហាជនមួយចំនួនប្រហែលជាមិនដឹងអំពីរូបគេឡើយ។ ទី១លោកធ្វើជាគ្រូបង្រៀនគណិតវិទ្យា ទី២ ធ្វើជាអាជ្ញាកណ្តាលបាល់ទាត់មិនអាជីព និងទី៣គឺជួលផ្ទះគេនៅដោយមិនទាន់មានផ្ទះខ្លួនឯងឡើយ។
ម៉ា វីរ៉ូ បានប្រាប់ថា លោកជាគ្រូបង្រៀនគណិតវិទ្យានៅអនុវិទ្យាល័យព្រែកព្នៅច្រើនឆ្នាំមកហើយ។ ការងារគ្រូបង្រៀនជាមុខរបរសំខាន់សម្រាប់លោករកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្រៅពីនេះ លោកឆ្លៀតពេលវេលាទំនេរទៅធ្វើជាអាជ្ញាកណ្តាលបាល់ទាត់មិនអាជីពដើម្បីរកចំណូលបន្ថែម។ ចំពោះអាជីពរត់ប្រណាំងវិញក៏មិនមែនជារបររកចំណូលសំខាន់ឡើយដោយសារកីឡាម៉ារ៉ាតុងគឺរៀបចំការប្រកួតពីរឬ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំហើយ រកប្រាក់រង្វាន់ក៏មិនមែនថែមទៀត។
ថ្វីបើលោកក្លាយជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ និងជាអ្នកកីឡាក៏ដោយ ប៉ុន្តែលោកនៅមិនទាន់មានផ្ទះរស់នៅផ្ទាល់ខ្លួនឡើយ។ សព្វថ្ងៃលោក និងប្រពន្ធកូនកំពុងរស់នៅផ្ទះជួលមួយឯទួលសង្កែដែលមួយខែតម្លៃជាង១០០ដុល្លារ។
កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ ម៉ា វីរ៉ូ ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងវិញ្ញាសាចម្ងាយផ្លូវ៤២គីឡូម៉ែត្រពីព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅប្រាសាទអង្គរវត្ត។ លោកធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ចម្ងាយផ្លូវ២១គីឡូម៉ែត្រនៅប្រទេសវៀតណាមកាលពីឆ្នាំ២០១៥ និងទទួលបានចំណាត់ថ្នាក់លេខ២ចម្ងាយ២១គីឡូម៉ែត្រនៅប្រទេសវៀតណាមឆ្នាំ២០១៦ ព្រមទាំងទទួលបានលទ្ធផលល្អជាច្រើនទៀតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងក្នុងស្រុក។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំ២០១៨នឹងរៀបចំនៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះដែលមាន៣វិញ្ញាសាសម្រាប់លោកអ្នកចូលរួមរត់ប្រណាំងគឺចម្ងាយ៣គីឡួម៉ែត្រ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ៕