បើ​ក្លៀក​ស្អុយ​ដល់​ទ្រាំ​ខ្លួន​ឯង​សឹង​មិន​បាន មក​សាក​ប៉ុន្មាន​វិធី​នេះ

  • 2018-11-28 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ក្លៀក​មាន​ក្លិន អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ទូទៅ តែ​បើ​ចំពោះ​អ្នក​កំពុង​ប្រឈម​នឹង​រឿង​នេះ​តែ​ម្ដង ទើប​ដឹង​តែ​វា​មិន​ងាយ​ស្រួល​ឡើយ ដែល​ទៅ​ណា​មក​ណា​មិន​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង ជា​ពិសេស​ខ្លាច​តែ​គេ​សួរ​ថា ធំ​ក្លិន​អី​ហ្នឹង។

តែ​ទោះ​យ៉ាង​ណា យើង​ក៏​មាន​វិធី​អាច​បង្ក្រាប​វិញ​បាន​ឲ្យ​តែ​មាន​ចិត្ត​អំណត់៖

១. ម្សៅ​សូដា ឬ Baking Soda ជាមួយ​ទឹក​ក្រូច​ឆ្មា៖ លាយ ២ មុខ​នេះ​ជាមួយ​គ្នា​ឲ្យ​ស្មើ​សាច់ បន្ទាប់​មក​លាប​វា​លើ​ក្លៀក រួច​ទុក​ប្រមាណ ២-៣នាទី សឹម​ចូល​ទៅ​មុជ​ទឹក​លាង​ជម្រះ។ ធ្វើ​បែប​នេះ​វា​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​វា​អាច​ជួយ​ឲ្យ​ក្លៀក​ស្ងួត​ល្អ ព្រម​ទាំង​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្កើត​ក្លិន។

២. សាច់​ប្រទាល​កន្ទុយ​ក្រពើ៖ គ្រាន់​តែ​យក​វា​មក​លាប​លើ​ក្លៀក​ជា​រៀង​រាល់​ថ្ងៃ រួច​ទុក​ចោល​មួយ​យប់ ព្រឹក​ឡើង​សឹម​លាង​ទឹក​ចេញ។ មូលហេតុ​គឺ ប្រទាល​កន្ទុយ​ក្រពើ​ជា​រុក្ខជាតិ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​បង្ក្រាប​បាក់តេរី​បង្ក​ក្លិន​ទាំង​ឡាយ។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជា​ប្រចាំ​ដើម្បី​ឃើញ​លទ្ធផល​កាន់​តែ​ឆាប់។

៣. ប្រេង​ដូង៖ ចាក់​ប្រេង​ដូង​លើ​បាត​ដៃ រួច​យក​មក​លាប​លើ​ក្លៀក ទុក​រហូត​ដល់​ស្ងួត​ចូល​ស្បែក​អស់ ចាំ​ចូល​ទៅ​មុជ​ទឹក​លាង​ជម្រះ។ ធ្វើ​វា​ឲ្យ​បាន ១ ទៅ ២ ដង​ក្នុង ១ថ្ងៃ និង​ធ្វើ​មុន​ពេល​មុជ​ទឹក​កាន់​តែ​ល្អ។ ហេតុផល​ព្រោះ​ថា ប្រេង​ដូង​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ មាន​ជាតិ Antimicrobial ដែល​អាច​សម្លាប់​ពពួក​បាក់តេរី ព្រម​ទាំង​ជួយ​បង្កើន​កម្រិត pH ស្បែក​ឡើង​វិញ។

៤. អំបិល​ខាត់​ស្បែក ឬ​អំបិល Epsom៖ យក​អំបិល Epsom នេះ ១ ពែង ចាក់​ចូល​ក្នុង​ទឹក រួច​ត្រាំ​ប្រមាណ ១៥-២០នាទី ជា​រៀង​រាល់​ថ្ងៃ។ អំបិល​ខាត់​នេះ អាច​ជួយ​ឲ្យ​អ្នក​បញ្ចេញ​ជាតិ​ពុល​ដែល​បង្ក​ក្លិន​អាក្រក់​មក​តាម​ញើស ព្រម​ទាំង​មាន​ជាតិ​ស្ពាន់ធ័រ ដែល​អាច​សម្លាប់​បាក់តេរី​បាន​ដូច​គ្នា។ អ្នក​អាច​ស្វែង​រក​ប្រភេទ​អំបិល​បែប​នេះ​បាន​នៅ​តាម​ផ្សារ​ទំនើប​នានា។

៥. ដំឡូង​បារាំង៖ ហាន់​វា​ជា​ចំណិត​ស្ដើងៗ រួច​យក​វា​មក​ជូត​លើ​ក្លៀក​ទុក​ឲ្យ​ស្ងួត រួច​សឹម​ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ក្លៀក​ពី​លើ។ ធ្វើ​វា​ឲ្យ​បាន ១ ទៅ ២ដង ក្នុង ១ថ្ងៃ ដើម្បី​ឃើញ​ប្រសិទ្ធ​ភាព។ ដំឡូង​បារាំង​ជួយ​គ្រប់គ្រង​កម្រិត​ចេញ​ញើស​អ្នក​បាន​ល្អ ព្រម​ទាំង​សម្លាប់​បាក់តេរី​ដែល​កាត់​បន្ថយ​កម្រិត pH នៃ​ស្បែក​របស់​អ្នក។

ទោះ​ជា ៥ វិធី​ខាង​លើ អាច​ជួយ​បំបាត់​ក្លិន​ក្លៀក​អ្នក​ក៏​ពិត​មែន តែ​ក៏​មិន​អាច​រំលង​ចំណុច​តូចៗ​មួយ​ចំនួន ដូចជា​មុជ​ទឹក​ជា​រៀងរាល់​ថ្ងៃ ប្រើ​សាប៊ូ​កម្ចាត់​បាក់តេរី ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ត្រូវ​ប្រាកដ​ថា រោម​ក្លៀក​អ្នក​បាន​សម្អាត​ជា​ប្រចាំ៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម