Pele ថា​កុំ​យក​ Messi ប្រៀបនឹង​រូប​លោក ហើយ​ថា Messi ​ជា​កីឡាករ​ជើង​ម្ខាង

  • 2018-12-08 05:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pele ប្រើប្រាស់​សម្ដី​យ៉ាង​មុត​ស្រួច​អំពី Messi ដោយ​បាន​ចាត់ទុក​ថា​តារា​ឆ្នើម​អាហ្សង់ទីន ជា​​កីឡាករ "ជើង​១" ហើយ​ថា​​ខ្សែ​ប្រយុទ្ធ​ Barcelona មិន​អាច​ប្រៀប​នឹង​​វីរបុរស​ប្រេស៊ីល​រូប​នេះ​​ដែល​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ខ្លាំង​គ្រប់​សម័យ​កាល​នោះ​ទេ។ នេះ​បើ​តាម​សារព័ត៌មាន​រុស្ស៊ី RT។

ម្ចាស់​ពាន World Cup ៣​សម័យ Pele ដែល​មាន​វ័យ ៧៨​ឆ្នាំ​ ដែល​ជា​រឿយៗ ត្រូវ​បាន​គេ​ប្រៀប​ធៀប​ថា​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​សម័យ​កាល (Great of All Time ឬ GOAT) ​ជាមួយ​នឹង Diego Maradona។

ពេញ​១​ទសវត្ស​នៃ​ការប្រកួតប្រជែង​រវាង​ Messi និង Ronaldo ធ្វើ​ឲ្យ​ពិភពលោក តែង​ផ្សារភ្ជាប់​ កីឡាករ​អាហ្សង់ទីន​ថា​ជា GOAT ដូច​ទៅ​នឹង Pele។

យ៉ាង​ណា​ក្តី​ Pele មិន​បាន​នៅ​ស្ងៀម​នឹង​ការ​ប្រៀបធៀប​នេះ​ឡើយ។ លោក​បាន​និយាយ​ថា "តើ​អ្នក​អាច​ប្រៀបធៀប​បុរស​ម្នាក់​​ដែល​អាច​តែត​បាល់​បញ្ចូល​ទី ទាត់​បញ្ចូល​ទី​ជើង​ឆ្វេង ជើង​ស្តាំ ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ចេះ​​តែ​ប្រើ​ជើង​ម្ខាង មាន​ជំនាញ​តែ​១​មុខ ហើយ​មិន​ចេះ​តែត​បាល់​ទៀត​យ៉ាង​ម៉េច​នឹង​កើត?”។

“ដើម្បី​ប្រៀបធៀប​នឹង​ Pele គេ​ត្រូវ​តែ​ជា​អ្នក​ដែល​អាច​​ស៊ុត​ល្អ​ទាំង​ជើង​ឆ្វេង ជើង​ស្តាំ​ និង ប្រើ​ក្បាល​រក​គ្រាប់​បាល់"។ Pele បាន​និយាយ។

Pele ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ថា​ជា​កីឡាករ​​ប្រចាំ​សតវត្ស​ទី​២០

Messi បាន​ទាត់​បាល់​បញ្ចូល​ទី​លើស​ពី​៦០០​គ្រាប់​។ របាយការណ៍​បង្ហាញ​ថា ៤៩៦ គ្រាប់​ជា​ការ​ស៊ុត​ដោយ​ប្រើ​ជើង​ឆ្វេង ៧៨ គ្រាប់​ ប្រើ​ជើង​ស្តាំ និង ២៤ គ្រាប់​ជា​ការ​ប្រើ​ក្បាល។

ខណៈ​មិន​ទាន់​មាន​​នរណា​អាច​​បំបែក​កំណត់ត្រា​របស់​ Pele ដែល​ស៊ុត​បាន ច្រើន​ជាង ១ ០០០ គ្រាប់ ហើយ​សមត្ថភាព​ពិសេស​ដោយ​ឡែក​មួយ​ទៀត​របស់​អតីត​កីឡាករ Santos គឺ​​ការ​តែត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​១​ប្រកួត។

យ៉ាងណា​ក្តី Luka Modric ក្រោយ​ឈ្នះ​ពាន Ballon d'Or កាល​ពី​ថ្ងៃ​ចន្ទ បាន​សារភាព​ថា​បើ​ទោះ​ជា​ខ្លួន​ឈ្នះ​ពាន​នេះ​ក៏​ដោយ ប៉ុន្តែ​រូប​គេ​មិន​ល្អ​ដូច​ Messi និង Ronaldo ឡើយ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខ លាងហ៊ត