លោក​ ប្រាក់ សុវណ្ណារ៉ា​ បង្ហាញ​រឿង​ពិត​ក្នុង​នាមជាគ្រូ​បាល់ទាត់​

  • 2018-12-28 01:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប្រាក់ សុវណ្ណារ៉ា ដែល​ជា​អតីត​គ្រូ​បង្វឹក​បាល់ទាត់​ណាហ្គាវើល​ និង​​បឹងកេត​ ព្រម​ទាំង​​ធ្លាប់​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​បង្ហាញ​​រឿង​​ពិត​ខ្លះ​ៗ​របស់​គ្រូ​បង្វឹក​បាល់ទាត់​ដែល​​ប្រឈម​​នៅ​ពេល​ដឹក​នាំ​ក្លឹប​ណា​មួយ។

លោក​ ប្រាក់ សុវណ្ណារ៉ា​

លោក​បាន​និយាយ​ថា នេះ​ហើយ​អាជីព​បាល់ទាត់​ តាម​ស្ថិតិ​នៅ​ប្រទេស​អង់គ្លេស​ ជា​មធ្យម​គ្រូ​​ត្រូវ​បាន​បណ្ដេញ​ចេញ​ក្នុង​រយៈ​ពេល​៩​ទៅ​១២ខែ។ ហើយ​នេះ​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​គ្រូ​ភាគ​ច្រើន​ក្នុង​តំបន់​អាស៊ាន​ខ្លាចរអា។

លោកសង្កត់​ធ្ងន់​លើ​​កត្តា​៣​ចំណុច​គឺ​៖

  • ទី១៖ បាត់​បង់​ការងារ​ក្នុង​រយៈ​ពេល​ខ្លី​ ដាច់​ពោះ​ស្លាប់​ ចឹង​មាន​តែ​ប្រឹង​ធ្វើ​ទាំង​មិន​ពេញ​ចិត្ត។

  • ទី​២៖ ធ្វើ​ការ​ក្បត់​នឹង​អាជីព​ខ្លួន​ឯង​ ខុស​ឬ​ត្រូវ​មិន​ហ៊ាន​បញ្ចេញ​មតិ​ត្រឹម​ត្រូវ​ (បាទ​ចឹង​មែន​មេ)​ ព្រោះ​តែ​ខ្លាច​បាត់​បង់​ការងារ។

  • ទី​៣៖ ត្រូវ​ស្វែង​រក​មុខ​របរ​បន្ថែម​ដើម្បី​ការពារ​ និង​រក្សា​ជីវភាព​រស់​នៅ​របស់​គ្រួសារ។ ក្រៅ​ពី​កត្តា​ខាង​លើ​​​នៅ​មាន​ច្រើន​ទៀត។ 

លោក​បញ្ជាក់​ថា​ ហេតុ​នេះ​ហើយ​បាន​ជា​ពុំ​សូវ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ​គ្រូ​ៗ​មក​ពី​បណ្តា​ទ្វីប​ផ្សេង​ៗ​ សុខ​ចិត្ត​ធ្វើ​គ្រូ​ជំនួយ។ បើ​បណ្ដុះ​ផ្នត់​គំនិត​បែប​ហ្នឹង​ហើយ​ ជួយ​ពិចារណា​គ្នា​ទៅ​មើល​ តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​ ទើប​អាស៊ាន​ទាំង​មូល​អាច​ប្រជែង​ថ្នាក់​អាស៊ី​ ហើយ​អាស៊ី​ទាំង​មូល​អាច​ប្រជែង​ថ្នាក់​ពិភព​លោក​បាន​? សូម​ចូល​រួម​យោបល់​តាម​ការ​គួរ!!!!!

លោក​ ប្រាក់ សុវណ្ណារ៉ា ពេល​ដឹក​នាំ​ក្រុម​កម្ពុជា​បណ្តោះ​អាសន្ន

ការ​លើក​ឡើង​របស់​លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា​ គឺ​ស្រប​ពេល​ដែល​​​រូបភាព​​​​មួយ​​បង្ហាញ​ថា​ ក្លឹប​កំពូល​អេស្ប៉ាញ់​ក្រុម​អ្នក​បុណ្យ​ FC Barcelona បាន​កំណត់​​ឲ្យ​គ្រូ​បង្វឹក​របស់​ខ្លួន​គឺ​លោក​ Emesto Valverde សម្រេច​ពី​អនាគត​ត្រឹម​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

តាម​ការ​លើក​ឡើង​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា​​ បង្ហាញ​​ឲ្យ​ឃើញ​ពី​ហានិភ័យ​ខ្ពស់​​របស់​អាជីព​​គ្រូ​បង្វឹក​ដែល​មិន​អាច​ស្ថិតស្ថេរ​យូរ​អង្វែង​​ ហើយ​អាច​នឹង​ឈាន​ដល់​​បាត់​បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ។ ជា​ពិសេស​គ្រូ​បាល់ទាត់​​តំបន់​អាស៊ាន​ដែល​ត្រូវ​ការ​ទាំង​ប្រាក់​ចំណូល​ និង​ការ​ប្រកួត​ប្រជែង​នឹង​តំបន់​ផ្សេង​ៗ៕

អត្ថបទ៖ ជាន ចាន់រ៉ា