យុវជនខ្មែរ នូវែលសេឡង់ ៣នាក់បងប្អូនចង់ជាប់ជម្រើសជាតិ និងចូលហាត់នៅថ្នាលបឹងកេត
- 2019-01-08 05:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនខ្មែរ នូវែលសេឡង់ ៣នាក់បងប្អូនចង់ជាប់ជម្រើសជាតិ និងចូលហាត់នៅថ្នាលបឹងកេត
ចន្លោះមិនឃើញ
យុវជនថ្នាល៣នាក់បងប្អូននៃក្លិប Melville United Academy នៃតំបន់ Waikato ប្រទេសនូវែលសេឡង់ដែលមានឈាមជ័រ មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិនូវែលសេ ឡង់ចង់ក្លាយជាកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។
យុវជនបាល់ទាត់៣នាក់ខាងលើមានឈ្មោះ លឹម ចិត្ត អាយុ១៨ឆ្នាំ លឹម អារុណ ១៥ឆ្នាំ និងលឹម លោកា អាយុ១២ឆ្នាំបាននិយាយ ដូចៗគ្នាថា ខ្លួនមានមោទនភាពជាកូនកាត់ខ្មែរ ហើយមានក្តីសុបិនដ៏ធំក្នុងជីវិតរបស់ខ្លួន គឺចង់ចូលរួមជួយដល់ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលអនាគត។ ពួកគេ បច្ចុប្បន្ននេះកំពុងចុះឈ្មោះហ្វឹកហាត់នៅថ្នាលរបស់បឹងកេត ហើយសមត្ថភាពក៏ល្អផងដែរ។
មុនមកកម្ពុជានេះ កីឡាករថ្នាលបីនាក់បងប្អូននេះបានទទួលការបណ្តុះបណ្តាលកីឡាបាល់ទាត់ក្នុងក្រុមថ្នាលកម្រិតខ្ពស់ប្រចាំតំបន់មួយនៃប្រទេសនូវែលសេឡង់ ប្រមាណជាង៣ឆ្នាំ ជាពិសេសគឺលឹម ចិត្ត និងលឹម អារុណ ត្រូវជ្រើសរើសឲ្យប្រកួតតំណាងឲ្យតំបន់ Waikato and Bay of Plenty ហៅកាត់ WaiBop នៃកម្រិត U14 ក្នុងឆ្នាំ២០១៧ និង U15 ក្នុងឆ្នាំ២០១៨ក្នុងប្រទេសនូវែលសេឡង់ផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ លឹម អារុណ ក៏ធ្លាប់បានជ្រើសរើសឲ្យទៅហ្វឹកហាត់រយៈពេល១ខែជាមួយក្លឹប Valencia នៅប្រទេសអេស្ប៉ាញ។ លោក លឹម គុណ ដែលជាឪពុកកីឡាករទាំង៣នាក់ លោកស្រី Marliese ត្រូវជាម្ដាយ បាន បង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងដែលឃើញកូនរបស់លោកមានឆន្ទៈខ្ពស់កើតចេញពីបេះដូងរបស់ខ្លួន ដែលចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា៕