អបអរសាទរ! ក្រុមកម្ពុជា Klach Ey ឈ្នះជើងឯក MATIC 2019
- 2019-01-13 12:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ក្រុមកម្ពុជា Klach Ey ឈ្នះជើងឯក MATIC 2019
ចន្លោះមិនឃើញ
ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមខ្លាំងរបស់កម្ពុជា Klach Ey ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយដោយបានឈ្នះជើងឯកពានរង្វាន់អន្តរជាតិ MATIC 2019 បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គវិលជុំសន្សំពិន្ទុ និងវគ្គផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ MATIC 2019 មាន៤ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះកម្ពុជាក្រុម Klach Ey ដែលទើបឈ្នះជើងឯកទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ប្រទេសចិនបានបញ្ជូនក្រុម Ali Huaye ប្រទេសថៃបញ្ជូនក្រុម Safety First និងប្រទេសម៉ាឡេស៊ីបញ្ជូនក្រុម Suicide។
រូបមន្តនៃការប្រកួតត្រូវធ្វើឡើងវគ្គសន្សំពិន្ទុសម្រាប់ជុំដំបូងគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។ ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ២គឺលេខ១ និងលេខ២ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តងដើម្បីស្វែងរកក្រុមជើងឯកពានអន្តរជាតិនេះ។
សម្រាប់៣ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ ក្រុមរបស់កម្ពុជាបានក្លាយជាក្រុមឈរចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះក្រុមម៉ាឡេស៊ី Suicide ដោយលទ្ធផល ៣-០, ឈ្នះក្រុមថៃ Safety First ដោយលទ្ធផល ៣-១ និងបន្តឈ្នះក្រុមចិន Ali Huaye ដោយលទ្ធផល ៣-២។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅក្រុមម៉ាឡេស៊ី Suicide ដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត។
លទ្ធផលនៃប្រកួតវិលជុំសន្សំពិន្ទុ
លទ្ធផលនៃប្រកួតវគ្គផ្តាច់ព្រ័ត្រ
ជយលាភីទទួលបាន
ក្រុមជើងឯក៖ ក្រុមកម្ពុជា Klach Ey ទទួលបានពាន មេដាយ និងប្រាក់រង្វាន់ ៦ ០០០ ដុល្លារអាមេរិក
ជើងឯករង៖ ក្រុមម៉ាឡេស៊ី Suicide ទទួលបានប្រាក់រង្វាន់ ៣ ០០០ ដុល្លារអាមេរិក
សូមបញ្ជាក់ថា ក្រុម Klach Ey ទើបតែឈ្នះជើងឯកថ្នាក់ជាតិទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ទី១២ ខែមករា កន្លងទៅ បន្ទាប់ពីធ្វើបានយ៉ាងល្អទាំងវគ្គសន្សំពិន្ទុ ជាពិសេសឈ្នះក្រុមខ្លាំង Never Care ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព័ត្រដែលបានតំណាងកម្ពុជាប្រកួតពានរង្វាន់អន្តរជាតិ MATIC 2019។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង Sabay ជាអ្នករៀបចំការប្រកួតនេះដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនទូរសព្ទ Huawei ទូរទស្សន៍ MYTV ផ្សារទំនើប AEON Mall និងក្លឹបកីឡាអេឡិចត្រូនិក MCT E-Sport Cambodia៕