គ្រួសារនាយ ក្តឹប កាន់តែជួបទុក្ខធំ ពេលជំងឺត្រូវការប្រាក់ច្រើនម៉ឺនដុល្លារព្យាបាលនៅថៃ

  • 2019-01-24 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្រុម​គ្រួសារ​បាន​បញ្ជូន​តារា​កំប្លែង នាយ​ ក្ដឹប ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រួច​មក ​បញ្ហា​សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ ​កាន់​តែ​ជួប​ទុក្ខ​កាន់​​តែ​ខ្លាំង​បន្ថែម​ទៀត ​ដោយ​សារ​ខ្វះ​ថវិកា។ ​បើ​តាម​កូន​ស្រី​របស់​តារា​រូប​នេះ ​ប្រាប់​ថា ​ ជំ​ងឺ​របស់​លោក​ អាច​ចំណាយ​ដល់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ ​ក្នុង​ខេត្ត​ អ៊ូ​ប៊ុន។

នៅ​លើ​បណ្ដាញ​សង្គម ​កូន​ស្រី​របស់​តារា​កំប្លែង​កម្សត់​ដដែល​ សរសេរ​ថា ៖ "ជំ​ងឺ​របស់​ឪ ពេទ្យ​ថៃ​ថា​អស់​១ ម៉ឺន​ដុល្លារ​ជាង ​គ្រាន់​តែ​ថត​មើល​បេះ​ដូង ​និង​ខួរ​ក្បាល អស់​ជិត​១​ម៉ឺន​ដុល្លារ នៅ​ថ្លៃ​ព្យាបាល​ ថ្នាំ​ផ្សេង​ៗ ​គិត​ផ្សេង​ទៀត និង​ជំ​ងឺ​សួត តម្រងនោម ទៀត"។

​លើស​ពី​នេះ ​ក្នុង​វីដេអូ Live ​កូន​ស្រី​រូប​នេះ ​បាន​លើក​ដៃ​សំពះ​ សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​​ទាំង​អស់​ ឲ្យ​ជួយ​ដល់​ឪពុក​របស់​ខ្លួន​ផង ​ព្រោះ​ ពេ​ទ្យ​ថៃ​ប្រាប់​ថា ​បើ​មាន​ប្រាក់​ចាប់​ពី​ ១ ម៉ឺន​ដុល្លារ​ឡើង​ទៅ ​ប្រហែល​អាច​មាន​សង្ឃឹម។ ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ នាយ​ក្តឹប មាន​ជំ​ងឺ​ច្រើន​មុខ​ ដូច​ជា ទឹក​ដក់​ក្នុង​សួត ទឹក​នោម​ផ្អែម ​ដាច់​សរសៃឈាម​ខួរក្បាល ខ្វះ​ឈាម​ក្នុង​បេះ​ដូង ព្រម​ទាំង​លើស​ឈាម​ថែម​ទៀត។ ​

​យ៉ាង​ណា​ ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ​សម្រាប់​ក្រុម​គ្រួសារ​មួយ​នេះ ​ពិត​ជា​ច្រើន​ខ្លាំង​ណាស់ ​។ តារា​កំប្លែង នាយ​ ក្តឹប ​​ជា​ចំហ​គ្រួសារ ​តែ​ពេល​លោក​ត្រូវ​ឈឺ​ធ្ងន់​បែប​នេះ ​ជីវភាព​គ្រួសារ​ត្រូវ​ដាំ​ក្បាល​ចុះ ​ហើយ​ម្នាក់​ៗ​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម