ជូនលុយជូនកាក់អី មិនអីទេ តែហាមឲ្យហើយចូលឆ្នាំចិនកុំជូនរបស់ ១០យ៉ាងនេះឲ្យគ្នាដាច់ខាត
- 2019-01-28 03:46:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនលុយជូនកាក់អី មិនអីទេ តែហាមឲ្យហើយចូលឆ្នាំចិនកុំជូនរបស់ ១០យ៉ាងនេះឲ្យគ្នាដាច់ខាត
ចន្លោះមិនឃើញ
ជាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិ តែងឲ្យកាដូអនុស្សាវរីយ៍ ឬអាំងប៉ាវឲ្យគ្នាទៅវិញទៅមក ដើម្បីនាំលាភសំណាងដល់សាច់ញាតិ កូនចៅបងប្អូន។ បើតាម លោកយាយ គីម ស៊ាងហេង ជាកូនចៅចិនរស់នៅរាជធានីភ្នំពេញ បានប្រាប់ Sabayថារបស់មួយចំនួនអ្នកជាប់សែស្រឡាយចិនហាមឲ្យគ្នាដាច់ខាត ព្រោះគិតថាចង្រៃផុតលេខ។
ខាងក្រោមនេះជារបស់១០យ៉ាងហាមឲ្យគ្នាដាច់ខាតថ្ងៃចូលឆ្នាំចិន៖
១ វត្ថុមុតស្រួច៖ ការកាត់ផ្ដាច់ទំនាក់ទំនង
ការឲ្យកាដូជារបស់មុតស្រួច ដូចជាកន្ត្រៃ កាំបិត ជាដើម ចិនមានជំនឿថា ហាក់ដូចជាកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នា អាចបែកបាក់គ្រួសារ ឬអាចឈានទៅរកជម្លោះក្នុងវង្សត្រកូល។
២. លេខ ឬ ចំនួន៤៖ មានការបញ្ចេញសំឡេងដូច ពាក្យ «ស្លាប់»
លោកយាយ គីម ស៊ាងហេង ប្រាប់ថា នៅក្នុងភាសាចិន «លេខ៤» មានសំឡេងស្រដៀងគ្នានឹងពាក្យ «ស្លាប់»។ ដូច្នេះអ្វីដែលមានលេខ ឬចំនួន៤ ត្រូវបានចាត់ទុកថាជា សំណាងអាក្រក់។
៣ ស្បែកជើង៖ សំណាងអាក្រក់ ឬ បិសាច
ការជូនស្បែកជើងជាកាដូ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន គឺជាគំនិតអាក្រក់មួយ ព្រោះពាក្យ «ស្បែកជើង» មានសំឡេងដូចបេះបិទនឹងពាក្យ «សំណាងអាក្រក់» ឬ «បិសាច» នៅក្នុងភាសាចិន។ មិនតែប៉ុណ្ណោះ ស្បែកជើង គឺជារបស់ដែលមនុស្សដើរជាន់ពីលើទៀតផង។
៤ កន្សែងដៃ៖ និមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត
ជាទូទៅ គេតែងឲ្យកន្សែងដៃ នៅចុងបញ្ចប់នៃពិធីបុណ្យសពមួយ ហើយវាជានិមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត។
៥ នាឡិកា៖ សំណាងអាក្រក់
នៅក្នុងភាសាចិន ការនិយាយពាក្យថា «ជូននាឡិកា» មានសំឡេងដូចគ្នាបេះបិទនឹងពាក្យ «ចូលរួមពិធីបុណ្យសព» ដូច្នេះការជូនកាដូនាឡិកាប៉ោល ឬ នាឡិកាដៃ គឺជាសំណាងអាក្រក់។ មិនតែប៉ុណ្ណោះ នាឡិកា ក៏ជានិមិត្តសញ្ញានៃការអស់ពេលវេលា ផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។
៦ ផ្លែសារី៖ បែកបាក់
ការជូនផ្លែឈើជាកាដូ គឺជារឿងល្អ ប៉ុន្តែហាមជូនផ្លែសារីឲ្យសោះ ដោយសារតែនៅក្នុងភាសាចិន ពាក្យ «ផ្លែសារី» មានសំឡេងដូចនឹងពាក្យ «ចាកចេញ» ឬ «បែកបាក់»។
៧ ផ្កាកាត់ចេញពីដើម៖ តំណាងពិធីបុណ្យសព
ផ្កាដែលត្រូវគេកាត់ចេញពីដើម ជាទូទៅ តំណាងឲ្យពិធីបុណ្យសព។ ជាពិសេស ផ្កាស្បៃរឿង និង ផ្កាពណ៌សដទៃទៀត ព្រោះពណ៌ស តំណាងឲ្យសេចក្ដីស្លាប់។ ស គឺជាពណ៌ដែលនាំសំណាងអាក្រក់ នៅក្នុងប្រពៃណីចិន។
៨ ឆត្រ៖ បែកគ្នា
នៅក្នុងភាសាចិន ពាក្យ «ឆត្រ» មានសំឡេងដូចពាក្យ «បែកគ្នា»។ ការជូនឆត្រជាកាដូ ប្រៀបបានដូចជាបង្ហាញអារម្មណ៍របស់អ្នកថា អ្នកចង់បែកគ្នាជាមួយគេអីចឹង។
៩ របស់ពណ៌ខ្មៅ ឬ ស៖ ភាគច្រើនត្រូវបានប្រើក្នុងពិធីបុណ្យសព
ខ្មៅ និង ស គឺជាពណ៌សំខាន់សម្រាប់ប្រើក្នុងពិធីបុណ្យសព ដូច្នេះត្រូវជៀសវាងកាដូ ដែលមានពណ៌ខ្មៅ ឬ ស។ ជាមួយគ្នានេះដែរ ការវិចខ្ចប់ក្រដាស ឬ ស្រោមសំបុត្រ ប្រើពណ៌ទាំង២នេះ ក៏គួរតែជៀសវាងដែរ។ ក្រហម គឺជាពណ៌នាំសំណាង ដូច្នេះពណ៌ក្រហម តែងតែជាជម្រើសដ៏អស្ចារ្យ។
១០ កញ្ចក់៖ ទាក់ទាញខ្មោច
ការជូនកញ្ចក់ជាកាដូ គឺជាគំនិតអាក្រក់មួយសម្រាប់ជនជាតិអាស៊ី ព្រោះគេជឿជាក់ថា កញ្ចក់ទាក់ទាញខ្មោចមកព្យាបាទ។ មិនតែប៉ុណ្ណោះ វាងាយនឹងបែក ហើយរបស់បែកបាក់ គឺជាប្រផ្នូលមិនល្អ៕