វិធាន​ការ​ក្ដៅ ! ចៅហ្វាយ​​ក្រុង​ប៉ោយប៉ែត​ប្រកាស​ផាក​ពិន័យ​អ្នក​បោះ​ចោល​សំរាម​ផ្តេសផ្តាស

  • 2019-01-30 02:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រកាស​ផាក​ពិន័យ​ចំពោះ​អ្នក​បោះ​ចោល​សំរាម​ផ្តេសផ្តាស​គ្មាន​សណ្ដាប់​ធ្នាប់។ វិធានការ​ក្តៅ​នេះ បាន​ដាក់​ចេញ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ក្រុង បាន​អនុម័ត​កាល​ពី​ពេលថ្មីៗ​នេះ ក្នុង​ទិសដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សោភ័ណភាព​ក្រុង​ប៉ោយប៉ែត​កាន់តែ​មាន​សណ្ដាប់​ធ្នាប់ ខណៈ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​ច្រក​ទ្វារ​សេដ្ឋកិច្ច​ដ៏​សំខាន់។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត​

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ចេញ​វិធានការ​នេះ​ជា​ការ​អនុវត្ត​តាម​ស្មារតី អនុក្រឹត្យ​លេខ ១១៣ អនក្រ.បក របស់​រាជ​រដ្ឋាភិបាល ដែល​និយាយ​ពី​ការ​ផាក​ពិន័យ និង​ទណ្ឌកម្ម ​ក្នុង​ការ​ចោល​សំរាម ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ សាលា​ក្រុង​នឹង​ផាក​ពិន័យ​ចន្លោះ​ពី ៣ម៉ឺន​រៀល​ទៅ ៥​ម៉ឺន​រៀល ចំពោះ​ជន​ណា​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស។  

លោក​បាន​បន្ថែម​ថា មុននឹង​​ដាក់​ចេញ​វិធាន​ការ​ផាក​ពិន័យ​សាលា​ក្រុង​តែង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រយៈ​វេទិកា​សាធារណៈ និង​តាម​វិទ្យុ​ជាដើម។ “ដូច្នេះ​យើង​នឹង​ព្យាយាម ជំរុញ​ការងារ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព។ ខ្ញុំ​ឃើញ​បងប្អូន​យើង​ចាប់​ផ្ដើម​យល់​ដឹង​ច្រើន​ហើយ​ទាក់ទង​នឹង​ការ​ទុក​ដាក់​សំរាម​នេះ”។

សកម្មភាព​ពេល​ចុះផ្សព្វផ្សាយ​កាល​ពី​កន្លងមក

បន្ទាប់ពី​មាន​សន្ទុះ​ការ​អភិវឌ្ឍ​កើន​ឡើង​សំរាម​នៅ ក្រុង​ប៉ោយប៉ែត​បាន​កើន​ឡើង​រង្វង់ ១០០​តោន ​ក្នុង​មួយ​ថ្ងៃ​ ខណៈ​ឡាន​ប្រមូល​សំរាម​បាន​បន្ថែ​ម​រហូត​ដល់ ១៥គ្រឿង។ ​​លោក សាន ស៊ានហូ ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​វិធាន​ការ​គ្រប់​គ្រង​សំរាម​ហាក់​បី​ដូចជា​ល្អ​ប្រសើរ​ច្រើន​​​ ប៉ុន្តែ​ដើម្បី​ឱ្យ​ក្រុង​កាន់តែ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ត្រូវតែ​មាន​វិធាន​ការ​ផាក​ពិន័យ​។

កន្លងមក​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រកាស​ផាក​ពិន័យ​ចំពោះ​អ្នក​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​នេះ​ដែរ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​វិធាន​ការ​ហាក់​បី​ដូចជា​ស្ងប់ស្ងាត់​បច្ចុប្បន្ន។ កាល​ពី​ ខែ ​វិច្ឆិកា ឆ្នាំ២០១៥ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ ស្ដីពី «ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​​ទីប្រជុំជន» ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ ជា​ប្រាក់​ចាប់​ពី ១ម៉ឺនរៀល​ ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ទៅ​តុលាការ ចំពោះ​ជន​ណា ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ៕

រូបភាព៖ ផ្ដល់​ឲ្យ  

អត្ថបទ៖ សុផល