នាយ ក្តឹប កាន់តែមានសង្ឃឹមអាចព្យាបាលនៅថៃម្តងទៀត ក្រោយសប្បុរជនបរិច្ចាគថវិកាបន្តបន្ទាប់

  • 2019-02-01 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ​ដោយសារ​ខ្វះ​ថវិកា​ព្យាបាល​ជំ​ងឺ ពេល​នេះ តារា​កំប្លែង​​រូប​នេះ ​ចាប់​ផ្ដើម​មាន​សង្ឃឹម​ខ្លះ​ៗ​ហើយ ​ក្រោយ​ពី​មាន​សប្បុរសជន​ជា​ច្រើន​បាន​បរិច្ចាគ​ថវិកា ដើម្បី​ជូន​លោក​ក្នុង​ការ​ដោះស្រាយ​ ដែល​ត្រូវ​ការ​ប្រាក់​ជា​ចាំ​បាច់។

បើ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម លោក ហេង ឡុង ​បាន​បញ្ជាក់​ថា មាន​សិល្បករ​និង​សប្បុរស​ជន​ច្រើន​នាក់​ ព្រម​ទាំង​មូល​និ​ធិ​សិល្បករ​ចាស់​ជរា​ផង បាន​ប្រមូល​ថវិកា​សរុប​គិត​ត្រឹម​ម្សិល​មិញ ​ចំនួន​ទឹក​ប្រាក់ ២២​លាន ៦០​ម៉ឺន​រៀល និង ៤២០​ដុល្លារ។

​ទឹក​ប្រាក់​នេះ ​នឹង​ផ្ដល់​ជូន​តារា​កំប្លែង នាយ​ក្តឹប ​ក្នុង​ការ​ព្យាបាល​ជំ​ងឺ ដោយ​លោក​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ម្ដង​រួច​ហើយ ​តែ​ត្រូវ​ត្រលប់​មក​វិញ ​ក្រោយ​ពី​ពេទ្យ​ថៃ​ប្រាប់​ថា ជំ​ងឺ​លោក​អាច​ត្រូវ​ចំណាយ​លើស​ពី​ ១ម៉ឺន​ដុល្លារ ទើប​មាន​សង្ឃឹម​។

ដោយសារ​តែ​ជីវភាព​ក្រ ហើយ​ស្ថាន​ភាព​ជំ​ងឺ​កាន់​តែ​ដុន​ដាប​ៗ ​លោក​ដាច់​ចិត្ត​អង្គុយ​និយាយ​ តាម​ការ​ Live Video ​សុំ​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​អស់ ​ទាំង​សំដី​ខ្សាវៗ រាង​កាយ​ទន់​ខ្សោយ ​យ៉ាង​សង្វេគ​បំផុត ដោយ​មាន​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ ជួយ​សម្រប​សម្រួល​ផង​ដែរ។ តារា​កំប្លែង​រូប​នេះ រៀប​រាប់​ថា ​នៅ​សល់​តែ​ផ្ទះ​ទេ​ដែល​លោក​មិន​ទាន់​លក់ ដើម្បី​ព្យាបាល​ជំ​ងឺ ​តែ​បើ​ជាពីជំងឺ​ហើយ​ពេល​នោះ​គ្មាន​ផ្ទះ ​តើ​ឲ្យ​លោក​ទៅ​រស់​នៅ​ទី​ណា ។

គួររម្លឹកថា តារា​កំប្លែង​នាយ ក្តឹប មាន​ជំ​ងឺ​ច្រើន​មុខ​ដូចជា ​ជំងឺ​ស្ពោត​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​ចូល​សួត និង​ជំងឺ​បេះ​ដូង​ជា​ដើម៕ ​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម