៨ វិធីសាស្ត្រជំរុញចិត្តឲ្យខំរៀនសូត្រ និងរក្សាភាពអំណត់រហូតទទួលបានលទ្ធផលសមបំណង

  • 2019-02-23 08:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សយើង​​បើ​មិន​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​ការ​រៀន​សូត្រ​ទេ​នោះ​ ច្បាស់​ជា​មិន​ងាយ​មាន​កំណើត​ឡើយ។ បើ​យើង​កើតមក​ចូល​ចិត្ត​រៀន​ស្រាប់​ ជា​រឿង​ដ៏​ប្រពៃ​មួយ តែ​ជាទូទៅ​នៅ​វ័យ​ក្មេង​មិន​ងាយ​មាន​ឆន្ទៈ​ចង់​រៀន​សូត្រ​ដោយ​ឯកឯង​ឡើយ ត្បិត​ដំណើរ​នៃ​ការ​រៀន​សូត្រ​ស្មុគស្មាញ វែងឆ្ងាយ និង​ទាមទារ​ការ​លះបង់​ទាំង​ពេល​វេលា និង​កម្លាំងកាយ​ចិត្ត។

ដើម្បី​ជំរុញចិត្ត​ឲ្យ​ខំ​ប្រឹង​រៀន​ និង​រៀន​ឆាប់​ចេះ​ ឆាប់​ចាំ​នោះ មាន​ ៨ វិធី​សាស្ត្រា​ដូចជា៖​​

១. ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ត្រូវ​ប្រឹង​រៀន ៖ រៀន​គឺ​ដើម្បី​ខ្លួន​ឯង ព្រោះ​មាន​តែ​ការ​រៀន​សូត្រ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឲ្យ​អ្នក​រីក​ចម្រើន​បាន។ ត្រូវ​ចាំ​ថា​ការរៀនសូត្រ​អ្វីក៏ដោយ មិន​អាច​លំៗ លេង​ៗ​បាន​ឡើយ បើ​ចាយ​ពេល​ជាមួយ​វា​ហើយ ​ត្រូវ​តែ​ប្រឹង​ឲ្យអស់​ពី​លទ្ធភាព​បង្កើត​លទ្ធផល​ឲ្យ​បាន​ល្អ​បំផុត ទើប​វា​ផ្តល់​ផល​មក​វិញ​បាន​ច្រើន​តាម​នោះ​ដែរ។

២. បង្កើត​កម្លាំង​ជំរុញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ចង់​រៀន ៖ ការ​មាន​គោល​ដៅ​ច្បាស់​លាស់​នឹង​ជួយ​ឲ្យ​អ្នក​រៀន​ចំ​យុទ្ធសាស្ត្រ​ដើម្បី​រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជា​ទូទៅ​អ្នក​រៀន​ម្នាក់​គួរ​តែ​ដាក់​គោល​ដៅ​ឲ្យ​ធំ ហើយ​ខ្ពស់ ដូចជា​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​អ្វីមួយ​ឲ្យ​ប្រាកដ ទើប​ពេល​រៀន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា និង​ទន្ទេញ​ពាក្យ​ថា​ «ខ្ញុំ​ធ្វើ​បាន» ជានិច្ច​។

៣. បើក​ចំហ​ចិត្ត​ដើម្បី​ទទួល​យក​ចំណេះដឹង ៖ មានន័យថា​អ្នក​ត្រូវ​តែ​មាន​ចំណាប់​អារម្មណ៍ និង​ឆន្ទៈ ចង់​ចេះ​ចង់​ដឹង យក​ចិត្ត​ទុកដាក់ ចង់​ឲ្យ​ខ្លួនឯង​កាន់​តែ​វាងវៃ និង រីកចម្រើន ចង់​បាន​ជីវិត​មួយ​ដែល​ល្អ​ប្រសើរ និង​ស្គាល់​តម្លៃ​នៃ​ការ​រៀនសូត្រ។

(រូបតំណាង)

**៤. យក​អ្វី​ដែល​រៀន​មក​គិត​ត្រិះរិះ ​ឲ្យ​យល់​ច្បាស់​ និង​ស៊ីជម្រៅ**៖ ប្រើ​ការ​គិត​ឲ្យ​បាន​ច្រើន​បំផុត បែងចែក​រក​ហេតុ​ផល​រហូត​ដល់​អ្នក​យល់​ពិត​ប្រាកដ​ទើប​អាច​ហៅ​ថា​ជា​ការ​រៀន​សូត្រ​ដ៏​ពេញលេញ​បាន។ បើ​យើង​ទទួល​មេរៀន​ ឬ ព័ត៌មាន​មួយ​ដោយ​គ្រាន់តែ​កត់​ត្រាទុក​ក្នុង​ប្រព័ន្ធ​ចង​ចាំ​ខួរក្បាល​តែ​ម្យ៉ាង​ដោយ​មិនបាន​គិត​ត្រិះរិះ​ពិចារណា​ឲ្យ​យល់​ជាក់លាក់​នោះ​ទេ​ នេះ​មិន​ចាត់​ទុក​ថា​អ្នក​បាន​បើក​ចំហ​ចិត្ត​ដើម្បី​រៀន​សូត្រ​ឡើយ។​

៥. ឲ្យតែ​ប្រឹងប្រែង​ប្រាកដជា​មាន​លទ្ធផល៖ ជា​អ្នក​រៀន​ម្នាក់​ត្រូវ​មានការ​តាំងចិត្ត​មោះមុត ប្រាប់​ខ្លួន​ឯង​ថា​ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏ដោយ​ដាច់ខាត​កុំ​បោះបង់​ ។ រៀន​សូត្រ​អ្វីមួយ បើ​ចង់​បាន​លទ្ធផល​ល្អ​ប្រសើរ​វា​មិន​ងាយ​ស្រួល តែ​អ្នក​ក៏​ត្រូវ​ជឿ​ជាក់​​ថា​គ្មាន​អ្វី​ដែល​លើស​ពី​សមត្ថភាព​ខ្លួន​ឡើយ ដរាបណា​អ្នក​ខំ​ប្រឹង​ប្រែង ដោយ​មាន​របៀប និង​វិធីសាស្ត្រ​រៀន​ត្រឹមត្រូវ​ អ្នក​ច្បាស់ជា​ជោគជ័យ​មិនខាន។

៦. កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ជ្រុល​ពេក ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រៀន​ដោយ​រីករាយ៖ ជីវិត​មនុស្ស​យើង​មាន​ឡើងចុះ ការ​រៀន​សូត្រ​ក៏​ដូច្នេះ​ដែរ។ អីចឹង​ត្រូវ​ចេះ​បើក​ចិត្ត​ទទួល​យក​បញ្ហា និង ការ​បរាជ័យ​ដែល​អ្នក​ជួប​ប្រទះ​ជា​មេរៀន​។ មាន​លក្ខខណ្ឌ​ជាច្រើន​ដែល​រំខាន​ដល់​ការ​រៀន​សូត្រ​ជារឿយៗ ដូចជា សុខភាព ស្ថាន​ភាព​គ្រួសារ និង​ផ្លូវចិត្ត​ជាដើម នេះ​​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។​ ដូច្នេះ​ពេល​ជួប​បញ្ហា​ទាំង​នេះ គួរ​ចេះ​ដកឃ្លា បន្ធូរ​សម្ពាធ សម្រាក​ ស្វែង​រក​ថាមពល​ថ្មី ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

(រូបតំណាង)

៧. នឿយ​មុន​ស្រណុក​ក្រោយ ៖ រាល់​ការ​រៀន​សូត្រ គឺ​ជា​ការ​វិនិយោគ​រយៈពេល​យូរ ដូច្នេះ​អ្នក​ក៏​ត្រូវ​ប្រឹង​រក្សា​ភាព​អំណត់​តស៊ូ​ខ្លួន​ឯង​ឲ្យ​បាន​រហូត​ដល់​សម្រេច​ជោគជ័យ​ពិត​ប្រាកដ​ផង​ដែរ។ ព្រោះថា​បើ​អ្នក​បោះបង់​ចោល​ពាក់​កណ្តាល​ទី រាល់​ការ​ប្រឹង​ប្រែង​កន្លង​មក​នឹង​ទៅជា​អាសា​បង់​មិន​ខាន។ តែបើ​អ្នក​សម្រេច​បាន​ជោគជ័យ​ហើយវា នឹងក្លាយជាទ្រព្យជាប់ខ្លួនមួយជីវិត មិន​អាច​ជ្រុះ​បាត់ ឬ ចោរឆក់​ប្លន់​បាន​ឡើយ។

៨. យក​ចំណេះ​ទៅ​បំពេញ​ឲ្យ​កើត​ប្រយោជន៍​ជា​វិជ្ជមាន៖  ការ​រៀន​ដ៏​ពិត​ប្រាកដ គឺ មានន័យថា​យើង​បាន​ប្រើ​ចំណេះ​ដឹង​នោះ​ដើម្បី​បង្កើត​ភាព​វិជ្ជមាន ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ ​មនុស្ស​ជាតិ និង​ខ្លួន​ឯង ដូច​ពាក្យ​ចាស់​តែង​ពោល​ថា «ចំណេះដឹង​ណា​ដែល​មិន​បម្រើ​សង្គម ប្រៀប​បាន​នឹង​សំរាម»។

ការ​រៀន​សូត្រ​មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​ ត្រូវ​​ទៅ​រៀន​នៅ​សាលា​ប៉ុណ្ណោះ​ទេ វា​អាច​កើត​ឡើង​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា តួយ៉ាង​ដូចជា រៀន​ពី​មនុស្ស​ និង​បញ្ហា​ជុំវិញ​ខ្លួន ពី​ចាស់ទុំ​ដែល​ពោរ​ពេញ​ដោយ​បទពិសោធន៍ ពី​ក្រុម​គ្រួសារ​ និង​ការ​អាន​សៀវភៅ​​ជាដើម៕

អត្ថបទ​ទាក់​ទង​៖ ១០វិធីសាស្ត្រយកឈ្នះចិត្តមនុស្សយ៉ាងស័ក្ដិសិទ្ធិ ដើម្បីសម្រេចការងារ​ធំដុំបានកាន់តែងាយស្រួល

អត្ថបទ៖ លីដា

អត្ថបទថ្មី