រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​៤​​ពី​កីឡា​ការិនី​ខ្មែរ​-អាមេរិក ឯម សុវណ្ណារី

  • 2019-03-06 02:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​គុន​ចម្រុះ​កូន​កាត់​ខ្មែរ​-អាមេរិក​ ឯម​ សុវណ្ណារី​ ដែល​ទើប​ផ្ដួល​កីឡា​ការិនី​អ៊ុយក្រែន​ Iryna​ Kyselova ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​​នៅ​ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​​មាន​រឿងរ៉ាវ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ខ្លះ​​អំពី​ជីវិត​របស់​នាង។

ឯម សុវណ្ណារី ពេល​ដើរ​ចូល​សង្វៀន​ ONE (រូបថត៖ ONE)

**ទី​១-​ចូល​ចិត្ត​រឿង​ The​ Lord​ of​ the​ Rings​ បំផុត**

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ សុវណ្ណារី បាន​បោះ​ពុម្ព​សៀវភៅ​កុមារ​ជា​លើក​ទី​១​មាន​ចំណង​ជើង​ថា The Talent Quest​។ កីឡា​ការិនី​​អាយុ​២៦​ឆ្នាំ​រូប​នេះ​​ជា​​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​យ៉ាង​ងប់ងុល​ម្នាក់​ ហើយ​​សៀវភៅ​សំណព្វ​ចិត្ត​របស់​នាង​គឺ​រឿង​​​ប្រលោមលោក​​របស់​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ J. R. R. Tolkien។

សុវណ្ណារី ប្រាប់​ថា​ ៖«រឿង​សំណព្វ​ចិត្ត​បំផុត​របស់​ខ្ញុំ​គឺ​ Lord of the Rings និង Hobbits Series​។ ​ខ្ញុំ​ស្រលាញ់​រឿង​ទាំង​ពីរ​នេះ​គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​​ការ​ផ្សង​ព្រេង​ពេញ​ដោយ​សេរីភាព​ ការ​ធ្វើ​ដំណើរ​កាត់​វាល​ធំ​ល្វឹងល្វើយ​ និង​វេទមន្ត​។ តួអង្គ​ក្នុង​រឿង​​ពោរពេញ​ដោយ​មិត្តភាព​ល្អ​ជាមួយ​គ្នា​។

ទី​២-ចូល​ចិត្ត​​របៀប​​​វ៉ៃ​មិន​ដក​ដៃ​របស់​ Mike Tyson

សុវណ្ណារី​ លើក​ឡើង​​ថា​៖ «ការ​វាយ​គឺជា​ចំណង់​ចំណូល​ចិត្ត​ធំ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​​ព្យាយាម​ហាត់​រៀន​តាម​អ្នក​ប្រយុទ្ធ​ជា​ច្រើន​ផ្សេង​គ្នា​។ អ្នក​ប្រយុទ្ធ​ចម្បង​ដែល​ខ្ញុំ​ហាត់​រៀន​តាម​គឺ​ Mike Tyson​។ ខ្ញុំ​ពិត​ជា​​ចូល​ចិត្ត​​របៀប​វាយ​ដ៏​កាច​ និង​ធ្ងន់​ៗ​របស់​គាត់​ណាស់​។ ខ្ញុំ​នឹង​ចម្លង​ស្ទីល​វាយ​របស់​គាត់​»។

សុវណ្ណារី ពេល​ឈ្នះ Iryna​ Kyselova (រូបថត៖ ONE)

​ទី​៣-​​ធ្លាប់​​ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​កាល​រៀន​វិទ្យាល័យ​

មិន​ត្រឹម​តែ​ចេះ​គូ​រ​គំនូរ​យ៉ាង​ស្អាត​និង​​​​ជា​អ្នក​លេង​គុន​ចម្រុះ​ប៉ុណ្ណោះ​ទេ​ ឯម​ សុវណ្ណារី ថែម​ទាំង​ចេះ​លេង​ហ្គីតា​យ៉ាង​ស្ទាត់​ទៀត​ផង​ ហើយ​នាង​ធ្លាប់​ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​កាល​រៀន​ថ្នាក់​វិទ្យាល័យ​។

សុវណ្ណារី ប្រាប់​ថា ​៖«សព្វ​ថ្ងៃ​ខ្ញុំ​មិន​សូវ​បាន​លេង​ឧបករណ៍​តន្ត្រី​ប៉ុន្មាន​ទេ​ ប៉ុន្តែ​កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​ ខ្ញុំ​ពូកែ​លេង​ហ្គីតា​ណាស់​។ ខ្ញុំ​ធ្លាប់​លេង​ហ្គីតា​ឱ្យ​ក្រុម​តន្ត្រី​មួយ​។ កាលណោះ​ខ្ញុំ​វក់​នឹង​តន្ត្រី​។ តន្ត្រី​​បុរាណ​ជា​តន្ត្រី​សំណព្វ​ចិត្ត​របស់​ខ្ញុំ​កាល​មុន​ តែ​ក្រោយ​មក​ខ្ញុំ​​បាន​ចូល​ក្រុម​តន្ត្រី​សម័យ​ជាមួយ​សង្សារ​ខ្ញុំ​នៅ​ពេល​នោះ»។

ទី​៤-​វេលា​ដ៏​មាន​មោទកភាព​គឺ​ពេល​ប្រកួត​នៅ​ ONE Championship

កីឡា​ការិនី​​ដែល​រស់​នៅ​កាលីហ្វ៉ញ៉ា សហរដ្ឋ​អាមេរិក​​រូប​នេះ​កំពុង​សម្លឹង​ទៅ​រក​ឆ្នាំ២០១៩​ដ៏​ជោគជ័យ​ធំ​មួយ​ក្នុងនាម​ជា​អ្នក​លេង​គុន​ចម្រុះ​ជំនាន់​ថ្មី​របស់​កម្ពុជា​នៅ​ ONE Championship។

សុវណ្ណារី​ លើក​ឡើង​ថា ​៖«ខណៈ​នេះ​ ជីវិត​ខ្ញុំ​ល្អ​ ហើយ​គ្រប់​យ៉ាង​ដើរ​ទន្ទឹម​គ្នា​យ៉ាង​រលូន​ ជា​ពិសេស​ជា​មួយ ONE​។ វេលា​ដែល​មាន​មោទកភាព​បំផុត​របស់​ខ្ញុំ​គឺ​នៅ​ពេល​ខ្ញុំ​ឡើង​វ៉ៃ​លើក​ដំបូង​នៅ​ ONE ​។ មូលហេតុ​​ដែល​​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​​​នៅ​ ONE ​គឺ​​ព្រោះ​ខ្ញុំ​ទទួល​បាន​ឱកាស​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ខ្ញុំ​បាន​ផ្សា​ភ្ជាប់​ឡើង​វិញ​ជាមួយ​ឫសគល់​​ខ្មែរ​របស់​ខ្ញុំ​ និង​ជា​មួយ​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​​ថា​ខ្ញុំ​នឹង​មាន​ឱកាស​ទៅ​លេង​ប្រទេស​កម្ពុជា​។ កន្លង​មក ​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​ថា​អាច​​ទៅ​រួច​ ប៉ុន្តែ​​ឥឡូវ​នេះ​​ផ្ទុយ​ស្រឡះ​ពី​មុន​»​៕

អត្ថបទ៖ Matias Andres

អត្ថបទថ្មី