EZECOM គាំទ្រអស់ពីចិត្ត លើកស្ទួយកម្មវិធី Digital Cambodia និងវិស័យ ICT កម្ពុជា
- 2019-03-20 03:09:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EZECOM គាំទ្រអស់ពីចិត្ត លើកស្ទួយកម្មវិធី Digital Cambodia និងវិស័យ ICT កម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជា បាននឹងកំពុងលើកកម្ពស់វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) នៅកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ហើយកាលពីពេលថ្មីៗនេះ បានចូលរួមឧបត្ថម្ភជា “ដៃគូអ៊ីនធឺណិត” នៃសន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ទៀតផង។
ព្រឹត្តិការណ៍សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ដែលបានប្រព្រឹត្តិទៅកាលពីសប្តាហ៍កន្លងទៅ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយ រៀបចំឡើងដោយវិទ្យាស្ថានជាតិ NIPTICT និងគាំទ្រដោយក្រសួងពាក់ព័ន្ធ និងជាព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិជ្ជាថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ ២០១៩។
លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយ EZECOM យល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃការលើកកម្ពស់វិស័យ ICT នៅកម្ពុជា។ ហេតុនេះហើយ គេតែងឃើញ EZECOM មានវត្តមានចូលរួមឧបត្ថម្ភ ឬផ្តួចផ្តើមសកម្មភាពនិងគម្រោងជាច្រើនទាក់ទងនឹងការលើកកម្ពស់វិស័យ ICT នៅកម្ពុជា”។
លោកបានបន្ថែមទៀតថា “សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ គឺជាព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ ដំបូង និងធំបំផុតប្រចាំឆ្នាំនេះ។ ខ្ញុំមានសុទិដ្ឋនិយមថា ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកជួយអោយនាវាកម្ពុជាបើកឆ្ពោះទៅរកការបង្កើតសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយ ហើយនឹងជំរុញការអភិវឌ្ឍសហគមន៍បច្ចេកវិទ្យានៅកម្ពុជាអោយកាន់តែផុសផុលឡើង។”
ទាក់ទងនឹងសារសំខាន់នៃការលើកកម្ពស់វិស័យ ICT នៅកម្ពុជា លោក ថាន ថេន បានលើកឡើងថា វិស័យ ICT មានសក្តានុពលធំធេងណាស់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិយើង។ វិស័យនេះអាចក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ហើយតាមរយៈការលើកស្ទួយគំនិតច្នៃប្រឌិត សកម្មភាពស្រាវជ្រាវ និងបច្ចេកទេសពាណិជ្ជកម្មទំនើប វិស័យនេះអាចបង្កើតការងារថ្មីៗ និងធ្វើអោយវិស័យដ៏ទៃទៀតអភិវឌ្ឍឈានឡើងជាមួយគ្នាផងដែរ។
លោកបានបិទបញ្ចប់ថា ថ្វីត្បិតសកម្មភាពរបស់ EZECOM គ្រាន់តែជាសកម្មភាពរបស់ក្រុមហ៊ុនតែមួយ តែលោកជឿជាក់ថា បន្តិចម្តងៗយើងអាចរូមគ្នាធ្វើឱ្យអនាគតដ៏ភ្លឺស្វាងនេះក្លាយជាការពិតសម្រាប់ប្រទេសកម្ពុជាយើង។
សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ បាននាំមកនូវគំនិតច្នៃប្រឌិតថ្មីៗ និងល្អបំផុតមិនធ្លាប់មាននៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលពោរពេញទៅដោយគំនិតដឹកនាំ ចំណេះដឹងល្អៗ និងដំណោះស្រាយជាក់ស្តែង។ អ្នកជំនាញ អ្នកអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិត និងអ្នកដឹកនាំពាក់ព័ន្ធទូទាំងពិភពលោក ពីក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ នឹងធ្វើការពិភាក្សា ព្រមទាំងធ្វើបទបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសពួកគាត់នឹងផ្តល់គំនិត និងទស្សនវិស័យរបស់ពួកគាត់ ចំពោះបញ្ហាប្រឈមចំពោះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា និងលើសាកលលោក។
ជាមួយនឹងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន តួយ៉ាងដូចជាក្រុមហ៊ុន EZECOM នឹងមានសុទិដ្ឋិនិយមថា វិស័យ ICT នៅកម្ពុជា អាចនឹងរីកចម្រើនឡើងយ៉ាងខ្លាំងក្លានៅក្នុងអំឡុងទសវត្សរ៍ខាងមុខនេះ៕