រំលងម៉េចបាន! សម្ព័ន្ធក្រុមហ៊ុនយក្សរបស់ Jack Ma ផ្ដើមពន្លេចគម្រោងធំនៅកម្ពុជាបណ្ដើរៗ
- 2019-03-21 04:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលងម៉េចបាន! សម្ព័ន្ធក្រុមហ៊ុនយក្សរបស់ Jack Ma ផ្ដើមពន្លេចគម្រោងធំនៅកម្ពុជាបណ្ដើរៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alibaba Cainiao Logistics Group របស់មហាសេដ្ឋី Jack Ma បានបង្ហាញការគម្រោងវិនិយោគមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។ គេសង្កេតឃើញគម្រោងវិនិយោគ បានចាប់ផ្ដើមមានពន្លឺបណ្ដើរៗ បន្ទាប់ពីស្ថាបនិកនៃក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានមកដល់កម្ពុជាកាលពីកន្លងទៅ។
ក្រោមការស្វាគមន៍របស់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពីលោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០១៩ ដោយកម្ពុជាបានគាំទ្រគម្រោងវិនិយោគនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។
គួរជម្រាបថា កាលពីថ្ងៃទី ១៩ មីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ក៏បានធ្វើសក្ខីភាពនៃភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែលត្រូវបានបង្កើតឡើងផ្អែកតាមចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងនាំឱ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានាដែលនាំឱ្យមានការរាំងស្ទះ។
កិច្ចសហការនេះ គឺដើម្បីបង្កើតប្រព័ន្ធអេកូស៊ីស្ទឹម សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានគោលបំណងលើកកម្ពស់ បរិយាបន្ន និងភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗចំនួនបី៖ រាជរដ្ឋាភិបាល ធុរកិច្ច និងឯកត្តជន ឬអ្នកប្រើប្រាស់។ ប្រព័ន្ធនេះនឹងផ្តល់ឱកាសការងារតាមរយៈការពង្រីកការធ្វើពិពិធកម្ម និងនវានុវត្តន៍ បើកចំហឱ្យមានការជួលបុគ្គលិកតាមរបៀបថ្មី សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូង (startups), សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម, និងសហគ្រាសប្រភេទផ្សេងទៀង និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបច្ចេកទេស៕