ពេល​​រៀបការ​ហើយ​ ខ្ញុំដើរ​ដល់​ម៉ោង​១២យប់​ ខុស​អត់​?

  • 2019-03-28 04:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ប្ដី​ខ្ញុំ​ខឹង​ខ្ញុំ​​ ព្រោះ​តែ​ពេល​ខ្លះ​ខ្ញុំ​ចូល​ផ្ទះ​យប់​ដល់​ម៉ោង​១២យប់​”។​ ទាំង​នេះ​កើត​ចេញ​ពី​រឿង​រ៉ាវ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍ ​​៥ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ទ្រនំ​គ្រួសារ​មួយ​នេះ​តែង​តែ​​​​មាន​ទំនាស់​នឹង​គ្នា​ព្រោះ​តែ​មិន​យល់​ចិត្ត​គ្នា​ទៅវិញ​ទៅមក​។​

អ្នក​ស្រី ម៉ាលី​ (ឈ្មោះ​ហៅក្រៅ) អាយុ​២៩​ឆ្នាំ ប្រធាន​​អង្គការ​កុមារ​កំព្រា​មួយ​ ​​បាន​រៀប​រាប់​ប្រាប់​ Sabay ថា ជីវិត​​គ្រួសារ​របស់​ខ្ញុំ​មិន​សូវ​​ជា​ល្អ​នោះ​ទេ ព្រោះ​តែ​ខ្ញុំ​រវល់​នឹង​ការងារ​​ហើយ​មាន​ពេល​ខ្លះ​ធ្វើការ ​ដល់​យប់​​ម៉ោង​ ៨ ទៅ​៩​យប់ និង​ម្ដង​ម្កាល​គេ​មាន​ពិធី​ជប់លៀង​​ ហើយ​ត្រូវ​ទៅ​រាំរែក​រហូត​ដល់​ម៉ោង​១២​យប់​​​ ប៉ុន្តែ​ប្ដី​ខ្ញុំ​គាត់​តែង​តែ​រក​រឿង​។ “​គាត់​ចង់​លែង​លះ​ជាមួយ​ខ្ញុំ”។​​​​​​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ​ មួយ​ជា​ប្ដី​ មួយ​ជា​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​?​

សូមបញ្ជាក់ ​នេះ​ជារូបតំណាង​ ប៉ុណ្ណោះ

“ខ្ញុំ​ដឹង​ថា​បើ​តាម​ប្រពៃណី​ខ្ញុំ​ខុស​ ប៉ុន្តែ​ប្រសិនបើ​សម័យ​ឥឡូវ​ប្ដី​គួរ​តែ​មានការ​យោគយល់ ខ្លះ​សម្រាប់​​​ស្ត្រី​ដើម្បី​មានឱកាស​ធ្វើការ​ងារ​​ផ្សេង​ៗ​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​​លើក​កម្ពស់​វិស័យ​យេនឌ័រ​នៅ​កម្ពុជា​”។ នេះ​ជា​ការ​លើក​ឡើង​របស់​​​​បងស្រី​ម៉ាលី​។ អ្នកស្រី​ម៉ាលី​បាន​និយាយ​ថា “ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​សម្រាប់​ក្មេង​ៗ​នៅ​​ក្នុង​មណ្ឌល ដូចជា​​ ការ​​បង្រៀន​អក្សរ, លេង​កីឡា, និង​​សរសេរ​របាយការណ៍​ផ្សេង​ៗ​​​ជាដើម​"។

នៅ​ពេល​យប់​​ប្រមាណ​ជា​ម៉ោង​៨ ទៅ​៩​យប់​ គឺ​ទៅ​ស្វែង​រក​​មើល​ក្មេង​ៗ​​​អនាថា តាម​ភោជនីយដ្ឋាន​ និង​​តាម​មាត់​ទន្លេ​ ដើម្បី​រក​ក្មេង​​ដែល​ចង់​​មក​នៅ​​ជាមួយ​អង្គការ​ ហើយ​ពេល​ខ្លះ​​ក៏មាន​កម្មវិធី​ជប់​លៀង​នានា​ដោយ​មាន​ជនបរទេស​ច្រើន​​​ហើយ​ត្រូវ​ចូល​បារ​​ម្ដង​​ម្កាល​រហូត​ដល់​ម៉ោង​១២យប់​។ ដូច្នេះ​ហើយ​ប្ដី​ខ្ញុំ​​គាត់​ខឹង​ ហើយ​​បាន​រក​រឿង​ខ្ញុំ​ស្ទើរ​គ្រប់​ពេល​។​ គាត់​តែង​ចោទ​ខ្ញុំ​ថា “ខ្ញុំ​គ្មាន​ពេល​សម្រាប់​គ្រួសារ​ គ្មាន​ពេល​មើល​កូន​នោះ​ទេ​”។ ​

តែ​តាម​ពិត​ទៅ​អ្វី​ទាំង​នេះ​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​មុន​នឹង​ចេញ​ទៅ​ធ្វើការ​។ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ខ្ញុំ​បាន​រៀប​ចំ​ម្ហូប​អាហារ​​ពេលព្រឹក​សម្រាប់​កូន​ប្រុស​២នាក់​ (កូនបង​អាយុ​៧ឆ្នាំ និង​ប្អូន​អាយុ​៤ឆ្នាំ) និង​ប្ដី​ ព្រម​ទាំង​បាន​ជូន​កូន​ៗ​ទៅ​សាលា​រៀន​ បន្ទាប់​​មក​ខ្ញុំ​បាន​ទៅ​ទទួល​យក​ពួកគេ​ពី​សាលារៀន មក​ដាក់​នៅ​កន្លែង​ធ្វើការ​ជាមួយ​ រហូត​ដល់​ពេល​យប់​ទើប​យក​ពួកគេ​មក​ផ្ទះ​វិញ​ជាមួយគ្នា។​   

ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះ​ខ្ញុំ​ពុំសូវ​មាន​ពេលវេលា​​ទំនាក់ទំនង​ជាមួយ​ប្ដី ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​ខ្ញុំ​មាន​ពេល​ច្រើន​សម្រាប់​ ប៉ុន្តែ​ពេល​ខ្លះ​ប្ដី​​រវល់​ការងារ​គាត់​វិញ​”។ ប្ដី​ម៉ាលី ​គឺជា​បុគ្គលិក​បើក​ឡាន​ ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន​មួយ ហើយ​ត្រូវមាន​បេសកកម្ម​ចុះ​ខេត្ត​ មិនថា​ថ្ងៃសៅរ៍​ អាទិត្យ​នោះ​ទេ​។ តើ​ខ្ញុំ​គ្មាន​ពេល​វេលា​សម្រាប់​ប្ដី ឬ​ប្ដី​គ្មាន​ពេល​សម្រាប់​ខ្ញុំ​?​ អ្នក​ស្រីម៉ាលី ​តែង​តែ​​សួរ​សំណួរ​នេះ ​​នៅ​ពេល​ប្ដី​គាត់​ប្រតិកម្ម​ដោយ​ប្រើ​ពាក្យ​ថា "អូន​ឯង​គិត​តែ​ពីការងារ​ ហើយ​ដើរ​យប់​ៗ​ តើ​សម​ទេ​ខ្លួន​យើង​ជាស្រី​"​។​

តាមពិត​ទៅ​ខ្ញុំ​ដឹង​ថា ប្ដី​ខ្ញុំ​​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​ជា​អ្នក​មើល​ថែ​កូន​បាន​ល្អ និង​បាន​ទទួល​ខុសត្រូវ​ចំពោះ​កិច្ចការ​ផ្ទះ ប៉ុន្តែ​អ្វី​ដែល​គាត់​ខឹង​ខ្ញុំ​ ដោយ​សារ​តែ​ខ្ញុំ​​ធ្វើការ​​ជ្រុល​ដល់​យប់​។ ប៉ុន្ដែ​ខ្ញុំ​បាន​ព្យាយាម​ប្រាប់​គាត់​ថា "ការងារ​​នេះ​ថ្មី​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ត្រូវ​ព្យាយាម​​ចូលរួម​ជាមួយ​ជនបរទេស​ទាំង​នោះ ក្រោយ​មក​ខ្ញុំ​ នឹង​​បែង​ចែក​ពេល​វេលា​សម្រាប់​គ្រួសារ​ហើយ​​"។​​

គ្រប់​យ៉ាង​ខ្ញុំ​ស្រឡាញ់​ប្ដី ស្រឡាញ់​គ្រួសារ​ និង​ស្រឡាញ់​ការងារ​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​បើ​ប្ដី​ខ្ញុំ​ខឹង​ខ្ញុំ​ ព្រោះ​តែ​ខ្ញុំ​ធ្វើការ​ដល់​យប់​​។ ស្ថាន​ភាព​ជីវភាព​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ បើ​ខ្ញុំ​អត់​មាន​ការងារ​​តើ​ប្ដី​អាច​រ៉ាប់​រង​​​ជីវភាព​គ្រួសារ​បានទេ? ខ្ញុំ​ធ្វើការ​ដល់​យប់​ពេលខ្លះ​នោះ ខ្ញុំ​មិន​ដែល​មាន​គំនិត​ក្បត់​ប្ដី​នោះ​ទេ តែ​ប្ដី​តែង​តែ​ប្រចណ្ឌ​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?​ យូរៗម្ដង​ធ្វើការ​ដល់​ម៉ោង​១២​យប់​ខុស​ដែរ​ ឬ​យ៉ាងណា?

​​ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់៖

  • លេខទូរសព្ទ៖ 099 588 880

  • Email: bin.bunna@sabay.com

Sabay នឹង​សម្រប​សម្រួល​ ចុះផ្សាយ​ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី