ឡាន​ចេញ​ផ្សែង ៤ ពណ៌​នេះ កំពុង​បង្ហាញ​បញ្ហា​ខុសៗ​គ្នា​នៅ​នឹង​មុខ

  • 2019-03-29 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​រថយន្ត​អ្នក​កំពុង​តែ​ចេញ​ផ្សែង​ពណ៌​ស​ស្រាល​ដូច​ចំហាយ​ទឹក ផ្សែង​ពណ៌​ខ្មៅ និង​ប្រផេះ ផ្សែង​ពណ៌​ខៀវ ឬ​ពណ៌​ស​ចេញ​ពី​បំពង់​ស៊ី​ម៉ាំង អត្ថបទ​នេះ​ជូន​ចំពោះ​អ្នក​ជា​ពិសេស​ព្រោះ Sabay នឹង​ប្រាប់​ពី​មូលហេតុ​ដែល​កើត​ឡើង។

  • ពណ៌​ខ្មៅ និង​ប្រផេះ

ពណ៌​នេះ​បង្ហាញ​ថា ម៉ាស៊ីន​អ្នក​ដំណើរ​ការ​មិន​ប្រក្រតី ដែល​ករណី​ភាគ​ច្រើន​មក​ពី​ប្រេង​ដំណើរ​ការ​ខុស​ប្រក្រតី ឬ​ស្ទះ​តម្រង​ខ្យល់​ជាដើម។ ប៉ុន្តែ​កុំ​ភ័យ បញ្ហា​នេះ​ប្រើ​ពេល​តិច និង​មិន​សូវ​ចំណាយ​ច្រើន​លើ​ការ​ជួសជុល​ឡើយ។ ដោយ​ឡែក​សម្រាប់​រថយន្ត​ប្រើ​ម៉ាស៊ូត​វិញ ពណ៌​នេះ​ជា​សញ្ញា​បញ្ជាក់​ថា ម៉ាស៊ីន​ក្ដៅ​ពេក ឬ​តម្រង​ប្រេង​ម៉ាស៊ូត​ឡើង​ខ្មៅ​ដែល​អាច​កើត​មាន​យូរៗ​ម្ដង។

  • ពណ៌ខៀវ

ពណ៌​នេះ​ជា​សញ្ញា​អាក្រក់​ចំពោះ​ម៉ាស៊ីន ដែល​ត្រូវ​ការ​ចូល​យានដ្ឋាន​ជួសជុល​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ឡាន​ប្រើ​សាំង​អាច​មក​ពី​ប្រេង​លិច​ចូល​តួ​ម៉ាស៊ីន ជា​កន្លែង​ដែល​ប្រេង​លាយ​ឡំ​នឹង​ខ្យល់។ ដោយ​ឡែក​ឡាន​ប្រើ​ម៉ាស៊ូត បញ្ហា​មក​ពី​មាន​ប្រេង​ច្រើន​ពេក​ក្នុង​ម៉ាស៊ីន។

  • ពណ៌​ស

ពណ៌​នេះ​ត្រូវ​ការ​ត្រួត​ពិនិត្យ​ភ្លាមៗ ព្រោះ​ជា​សញ្ញា​អាក្រក់​បំផុត​សម្រាប់​ម៉ាស៊ីន។ ចំពោះ​ឡាន​ប្រើ​ម៉ាស៊ូត មាន​បញ្ហា​នឹង​ថេរវេលា​ម៉ាស៊ីន (Engine Timing) មិន​ត្រឹម​ត្រូវ ដែល​បង្ក​ជា​កំហុស​ក្នុង​ប្រព័ន្ធ​បាញ់​ប្រេង ឬ​ម៉ាស៊ីន​ឡើង​កម្ដៅ​ខ្លាំង។ រីឯ​រថយន្ត​ប្រើ​សាំង​វិញ អាច​មក​ពី​ក្បាល​ស៊ីឡាំង​បែក ឬ​ទ្រនាប់​ក្បាល​ស៊ីឡាំង​លិច ហើយ​បើ​មិន​ជួសជុល​ភ្លាមៗ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ខូច​បាន។

  • ពណ៌​ស​ស្រាល​ដូច​ចំហាយ​ទឹក

ចុង​ក្រោយ​នេះ​ហាក់​ថមថយ​បញ្ហា​ជាង​គេ ដោយ​អាច​មក​ពី​ម៉ាស៊ីន​មិន​ទាន់​ក្ដៅ ឬ​អាកាស​ធាតុ​ខាង​ក្រៅ​ត្រជាក់។ អ្នក​អាច​រង់ចាំ​ដល់​ម៉ាស៊ីន​ក្ដៅ​សិន សឹម​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​បើ​នៅ​តែ​មាន​ផ្សែង​ទៀត​គួរ​ចូល​ឆែក​ជាមួយ​ជាង​ជំនាញ​បន្ថែម៕

អត្ថបទ៖ វិទូ