ងាយៗ​ដោយ​ស្រាយ​បញ្ហា ៣ លើ​ម៉ាស៊ីន​បោក​ខោ​អាវ (ក្លិន​មិនល្អ ឮ​សំឡេង​ខ្លាំង ជាប់​សាប៊ូ)

  • 2019-04-03 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា ៣ យ៉ាង ដែល​តែង​តែ​លើក​ឡើង​ពី​សំណាក់​អ្នក​ប្រើ​ម៉ាស៊ីន​បើក​ខោអាវ​នោះ​គឺ បោក​យ៉ាង​ណា​ក៏​តែ​មាន​ក្លិន​មិន​ល្អ ពេល​បោក​លាន់​សំឡេង​ខ្លាំង និង​តែងតែ​ជាប់​សាប៊ូ​នៅ​នឹង​​សម្លៀក​បំពាក់។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ មាន​អ្នក​ខ្លះ​សុខ​ចិត្ត​ចំណាយ​លុយ​ឲ្យ​ជាង​ជួសជុល ទាំង​ដែល​មិន​បាន​ដឹង​ថា វា​អាច​ព្យាបាល​ដោយ​មិន​អស់​លុយ​មួយ​រៀល ហើយ​ក៏​មិន​ចំណាយ​ពេល​ច្រើន។

  • បញ្ហា​ក្លិន​មិន​ល្អ​លើ​​សម្លៀក​បំពាក់

មាន​កត្តា ២ ដែល​អាច​ឲ្យ​កើត​បញ្ហា​នេះ​គឺ សាប៊ូ និង​សមាស​ធាតុ​មិន​ល្អ​កក​ជាប់​នៅ​ក្នុង​ម៉ាស៊ីន។ បើ​ផ្លាស់​ប្ដូរ​សាប៊ូ​ហើយ​នៅ​តែ​មាន​ក្លិន ដល់​ពេល​ដែល​អ្នក​ត្រូវ​សម្អាត​ម៉ាស៊ីន​ហើយ ដោយ​ដំបូង​ត្រូវ​ប្រើ​កំណាត់​សើម​ជូត​សម្អាត​ផ្នែក​ខាង​ក្នុង​កន្លែង​ក្រឡុក​សម្លៀក​បំពាក់។ បន្ទាប់​មក​អ្នក​ក៏​ត្រូវ​សម្អាត​តម្រង​របស់​វា​ផង​ដែរ ដែល​ចំណុច​នេះ​ក៏​មាន​ក្នុង​សៀវភៅ​ណែនាំ​ដូច​គ្នា។ ចុង​ក្រោយ​គឺ​បើក​ដំណើរ​ការ​មុខងារ​សម្អាត​ខ្លួន​ឯង​របស់​ម៉ាស៊ីន តែ​កុំ​ភ្លេច​បន្ថែម​សាប៊ូ​មុន​ពេល​ចុច​ឲ្យ​វិល។ ក្រោយ​បញ្ចប់​មុខងារ​នេះ អ្នក​ក៏​គួរ​បើក​ចំហ​គម្រប ដើម្បី​ឲ្យ​ផ្នែក​ខាង​ក្នុង​ស្ងួត​ផង​ដែរ។

  • បញ្ហា​សំឡេង​ឮ​ខ្លាំង

ចំណុច​នេះ អាច​មាន​មូល​ហេតុ ២ យ៉ាង​ដូច​គ្នា ដោយ​ទី១ អាច​មាន​បញ្ហា​ត្រង់​ម៉ាស៊ីន​មិន​នឹង​ល្អ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា ជើង​ទាំង ៤ របស់​ម៉ាស៊ីន​គឺ​ស្មើ​ល្អ។ ទី២ វិញ​គឺ​បញ្ហា​បោក​លើស​ទម្ងន់។ ថ្វីត្បិត​តែ​ម៉ាស៊ីន​អាច​បើក​ឲ្យ​អ្នក​ដំណើរ​ការ​ដល់​ទម្ងន់​ធ្ងន់​កប់ តែ​ម៉ាស៊ីន​នៅ​តែ​ជា​ម៉ាស៊ីន ពេល​ប្រើ​យូរ​ប្រាកដ​ជា​ថមថយ​គុណ​ភាព។ ដំណោះ​ស្រាយ​គួរ​ផ្អាក​ដំណើរ​ការ​សិន​អំឡុង​ពេល​កំពុង​ម៉ាស៊ីន​ក្រឡុក​ខ្លាំង រួច​បន្ថយ​ចំនួន​ខោអាវ​ខ្លះ។ អ្នក​ក៏​គួរ​តែ​សង្កេត​មើល​ដូច​គ្នា ថា​ម៉ាស៊ីន​របស់​អ្នក​អាច​ទ្រាំទ្រ​ត្រឹម​ប៉ុន្មាន​គីឡូ ទើប​លើក​ក្រោយ​មិន​មាន​បញ្ហា។

  • សម្លៀក​បំពាក់​ជាប់​សាប៊ូ

បោក​រួច តែ​ខោអាវ​នៅ​តែ​មាន​សាប៊ូ​ដដែល។ នេះ​អាច​មក​ពី​ប្រើ​សាប៊ូ​ច្រើន​ពេក ឬ​លំហូរ​ទឹក​ចូល​ម៉ាស៊ីន​មាន​បញ្ហា។ គួរ​ពិនិត្យ​មើល​ការ​ណែនាំ​ពី​ចំណុះ​ម្សៅ​សាប៊ូ ក៏​ដូចជា​ប្រាកដ​ថា​ទឹកហូរ​ចូល​ម៉ាស៊ីន​មាន​គ្រប់គ្រាន់៕

អត្ថបទ៖ វិទូ