តើខ្មែរយើងចាប់ផ្ដើមប្រើនាមត្រកូលតាំងពីពេលណា?
- 2019-04-10 02:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើខ្មែរយើងចាប់ផ្ដើមប្រើនាមត្រកូលតាំងពីពេលណា?
ចន្លោះមិនឃើញ
នាមត្រកូលគឺជានាម ឬឈ្មោះ ដែលនៅក្នុងសង្គមខ្មែរប្រមាណជា ២០០ ឆ្នាំមកនេះ បានប្រើជាទូទៅភ្ជាប់នៅខាងដើមឈ្មោះរបស់សាមីខ្លួនម្នាក់ៗ នៅពេលត្រូវសរសេរ ឬហៅជាផ្លូវការ។ នាមត្រកូល នៅក្នុងសង្គមខ្មែរ ជាទូទៅត្រូវបានគេយកឈ្មោះរបស់ឪពុក ឬតា ឬរហូតដល់តាទួត ក៏មានដែរ។ នាមត្រកូលជាគ្រឿងបញ្ជាក់ពីសេចក្ដីថ្លៃថ្នូរនៃបុគ្គលម្នាក់ៗថា ជាអ្នកមានពូជពង្សសាវតារត្រឹមត្រូវផង ពីរោះស្ដាប់ផង និងបញ្ជាក់អត្តសញ្ញាណឲ្យកាន់តែសុក្រឹតផង។
១. សង្កេតលើឯកសារប្រវត្តិសាស្ត្រ
សំណេរជាច្រើន ដែលបានបន្សល់ទុកតាំងពីមុនសម័យអង្គរ រហូតដល់សម័យក្រោមអាណាព្យាបាលបារាំង ហើយសំណេររបស់អ្នកប្រវត្តិសាស្ត្រជាច្រើនទៀត ដែលបានរៀបរាប់ពីឈ្មោះព្រះរាជា មន្ត្រី និងរាស្ត្រ គេសង្កេតពុំឃើញមានភ្ជាប់នាមត្រកូលជាមួយនឹងឈ្មោះទេ។ ជាក់ស្ដែងព្រះបាទអង្គដួង ដែលមាននាមសម្រាប់រាជហៅដោយខ្លីថា ហរិរក្សរាមាឥស្សរាធិបតី ព្រះរាជនត្តាព្រះអង្គតន់ បុត្រាព្រះអង្គអេង ព្រះនាមព្រះអង្គមានត្រឹមតែ ដួង ប៉ុណ្ណោះ ពុំមែនតន់ ដួង ឬអេង ដួងនោះឡើយ។ កាលពីរាជព្រះបិតាព្រះអង្គ គឺព្រះអង្គអេង មានមន្ត្រីថ្នាក់ទីមួយ ដែលមានឈ្មោះក្នុងព្រឹត្តិការណ៍សំខាន់ៗកាលនោះ ក៏អត់បានប្រើនាមត្រកូលដែរ ដូចជា លោកមូ លោកស៊ូ និងលោកបែនជាដើម។ ព្រះរាជបុត្រារបស់ព្រះបាទអង្គដួងទាំង៣អង្គា គឺ ព្រះអង្គម្ចាស់ស៊ីវត្ថា ព្រះអង្គម្ចាស់នរោត្តម និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ក៏ពុំបានប្រើនាមត្រកូលដែរ។
២. ការចាប់ផ្ដើមប្រើនាមត្រកូលរបស់ខ្មែរ
លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ និងអាស៊ីអាគ្នេយ៍ បានកត់សម្គាល់យ៉ាងសង្ខេប និងដោយទូលំទូលាយថា សង្គមខ្មែរចាប់ផ្ដើមប្រើនាមត្រកូលនៅក្នុងសម័យអាណានិគមបារាំង។
នៅក្នុងឯកសារសំណេរប្រវត្តិសាស្ត្រខ្មែរ គេបានដឹងថា ព្រះបាទនរោត្តម មានព្រះឱរស (កូនប្រុស ) ចំនួន ២៧ ព្រះអង្គ និងព្រះរាជធីតា ៣៤ អង្គដោយរាយព្រះនាមផ្ដើមដោយអក្សរកាត់ «ន.» ដូចជា ព្រះអង្គម្ចាស់ ន. កម្ពុជារាជសុដាដួង (១៨៥០ ដល់ ១៩១៣) និងព្រះអង្គម្ចាស់ ន. ភួងកម្ពុជារតន (១៨៥៥ ដល់ ១៩១៣) ជាដើម ដែលអក្សរ «ន.» ទំនងសំដៅដល់ «នរោត្តម»។
ចាប់ពីពេលនេះហើយ ដែលគេឃើញមានសំណេរឯកសារខ្មែរមានភ្ជាប់ជាមួយនាមត្រកូល ឬ គេអាចនិយាយម្យ៉ាងទៀតថា ខ្មែរបានចាប់ផ្ដើមប្រើនាមត្រកូលភ្ជាប់មកជាមួយឈ្មោះនៅក្នុងសំណេរឯកសារ គឺនៅក្នុងអំឡុងរជ្ជកាលព្រះបាទ នរោត្តម។ ខ្មែរយើងនិយមប្រើនាមត្រកូលខាងបិតា ច្រើនជាងខាងមាតា ហើយច្រើនតែយកឈ្មោះជីតាធ្វើជានាមត្រកូលច្រើនជាងនាមរបស់ឪពុក។
យោងតាមអនុក្រឹត្យ ស្ដីពីអត្រានុកូលដ្ឋាន មាត្រា ១៨ ការកំណត់នាមត្រកូលរបស់កូន អាចធ្វើឡើងបាន ៣យ៉ាង៖
ទី១-អាចយកត្រកូល ដែលក្រុមគ្រួសារកំណត់យកតាំងពីដូនតាយូរលង់មកហើយក៏បាន
ទី២-អាចយកឈ្មោះជីតាខាងឪពុកមកដាក់ជានាមត្រកូលក៏បាន
ទី៣-ឬក៏អាចយកឈ្មោះរបស់ឪពុក មកដាក់ជានាមត្រកូលក៏បាន៕