យន្ដហោះពាណិជ្ជកម្មលឿនបំផុតទាំង ៥ ម៉ូឌែល ពីក្រុមហ៊ុន Boeing

  • 2025-06-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Boeing ជាក្រុមហ៊ុនផលិតយន្ដហោះ ធំបំផុតលំដាប់ទី១ លើពិភពលោក និងជាដៃគូរប្រកួតប្រជែងរបស់ក្រុមហ៊ុន Airbus។ យន្ដហោះរបស់ Boeing មិនត្រឹមតែផ្ដោតលើផ្នែករចនា និងភាពរឹងមាំប៉ុណ្ណោះទេ ថែមទាំងមានម៉ាស៊ីនអាចហោះហើរក្នុងល្បឿនលឿនខ្លាំងផងដែរ។ ខាងក្រោមនេះគឺជា យន្ដហោះពាណិជ្ជកម្មទាំង ៥ ពីក្រុមហ៊ុន Boeing ដែលអាចហោះហើរក្នុងល្បឿនលឿនបំផុត។

១. យន្ដហោះ Boeing 757

អាចហោះហើរបានដល់ល្បឿន ៩១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះប្រភេទនេះ ពេញនិយមប្រើប្រាស់នៅក្នុងវិស័យអាកាសចរណ៍ សម្រាប់ដឹកអ្នកដំណើរឆ្លងទ្វីប ភាគច្រើនហោះហើរចន្លោះរវាងទ្វីបអាមេរិក និងអឺរ៉ុប។ អាចដឹកអ្នកដំណើរបានចំនួន ២៤០ កៅអី និងចាប់ផ្ដើមហោះហើរដំបូង ដោយក្រុមហ៊ុន Eastern Air Lines កាលពីខែមករា ឆ្នាំ១៩៨៣។

២. យន្ដហោះ Boeing 747-400

អាចហោះហើរបានដល់ល្បឿន ១ ០៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះនេះ ជាស៊េរីខ្ពស់បំផុតក្នុងចំណោមត្រកូល Boeing 747-100, 747-200, 747-300, និង 747-400 និងជាម៉ូដែលយន្ដហោះលក់បានច្រើនជាងគេផងដែរ។ ទោះបីជាបានបញ្ចប់ផលិតកម្មស៊េរី Boeing 747-400 ចាប់តាំងពីឆ្នាំ២០០៥ ក្ដី ប៉ុន្តែយន្ដហោះនេះ លក់ចេញបានប្រមាណជាង ៦៥០ គ្រឿង ជុំវិញពិភពលោក។

៣. យន្ដហោះ Boeing 777

អាចហោះហើរបានដល់ល្បឿន ១ ០៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះ Boeing 777 ចាប់ផ្ដើមហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន United Airlines ជាយន្ដហោះមានម៉ាស៊ីនខ្លាំង (ម៉ាស៊ីន GE90-115B Turbofan ចំនួន ២ គ្រឿង) មានកម្លាំងជំរុញអតិបរមា ១១៥ ៣០០ ផោន ល្អបំផុតសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយៗ។ បច្ចុប្បន្ន យន្ដហោះ Boeing 777 ត្រូវបានប្រើប្រាស់ច្រើនជាងគេ នៅក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ។

៤. យន្ដហោះ Boeing 787

អាចហោះហើរបានដល់ល្បឿន ១ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះម៉ូដែលនេះ បានឈានជើងចូលទីផ្សារយន្ដហោះពាណិជ្ជកម្ម ចាប់ពីឆ្នាំ ២០១១ ហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ហើយគិតមកដល់ពេលនេះ ស៊េរីយន្ដហោះ Boeing 787 លក់ចេញជាង ១ ១៥០ គ្រឿងមកហើយ។

៥. យន្ដហោះ Boeing 747-8

អាចហោះហើរបានល្បឿនអតិបរមា ១ ១៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ូដែល Boeing 747-8 ចាប់ផ្ដើមហោះហើរពាណិជ្ជកម្មដំបូង ចាប់ពីខែមិថុនា ឆ្នាំ២០១២ ដោយក្រុមហ៊ុនអាកាសចរណ៍ Lufthansa។ យន្ដហោះនេះ ប្រើប្រាស់ម៉ាស៊ីនចំនួន ៤ គ្រឿង និងប្រើប្រាស់ថាមពលប្រេងសាំងតិចជាង យន្ដហោះផ្សេងទៀត ដូចជា Airbus A350 និង Boeing 787 ជាដើម ហើយនៅតែជាយន្ដហោះពាណិជ្ជកម្ម ដែលមានល្បឿនលឿនបំផុតពីក្រុមហ៊ុន Boeing។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម
អត្ថបទថ្មី