នំបញ្ចុកនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ
- 2019-04-19 04:21:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំបញ្ចុកនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ
ចន្លោះមិនឃើញ
"នំបញ្ចុក" គឺជាមុខម្ហូបមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត ដែលវាកើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ជាម្ហូបអាហារគ្រាន់សម្រាប់បំពេញក្រពះផង និង មាននៅក្នុងពិធីជប់លៀងផ្សេងៗផងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាទូទៅនំបញ្ចុក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្ល និង របោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និង តាមតំបន់នីមួយៗ។
នំបញ្ចុកក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ ដែលវាសឹងតែជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្ដងម្កាលថែមទៀតផង។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបនំបញ្ចុកក៏បានក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង។
សូមចុចអាន៖ មកមើលពិព័រណ៍រថយន្ត មិនបាច់ភ័យរឿងញ៉ាំអាហារថ្ងៃ
អ្នកស្រី ស៊ីភេន ជាអ្នកលក់នំបញ្ចុក ដោយគាត់ដើរលក់នៅម្ដុំរង្វង់មូលផ្សារដើមថ្កូវ និយាយថា "ខ្ញុំលក់នំបញ្ចុកនេះអស់រយៈពេល ៨ ឆ្នាំមកហើយ ហើយខ្ញុំលក់នំបញ្ចុកតែសម្លប្រហើរប៉ុណ្ណោះ"។
អ្នកស្រី ស៊ីភេន ដែលមានស្រុកកំណើតនៅស្រុកកំពត បាននិយាយថា នំបញ្ចុកសម្លប្រហើរនេះ មានពីរប្រភេទ សម្លពណ៌ស, និង ទឹកសម្លពណ៌លឿង។ អ្នកស្រីបានបញ្ជាក់ថា សម្លពណ៌លឿងភាគច្រើនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញនិយមហូបខ្លាំងណាស់ ដែលសម្លលឿងនេះ គេលាយរមាតបន្តិច និង ដាក់ដូង។ ប៉ុន្តែបើនៅខេត្តកំពត ឯណោះវិញ គេនិយមញុំានំបញ្ចុកសម្លពណ៌ស ដែលមានលាយខ្ជាយ តែមិនមានដាក់ដូងនោះទេ។
អ្នកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គឺនិយមចូលចិត្តនំបញ្ចុកគាត់ណាស់ទាំងកម្មករ, បុគ្គលិកក្រុមហ៊ុន, និង អ្នកមាននៅតាមផ្ទះវីឡាក៏មានដែរ។ អ្នកស្រីក៏បានបញ្ចាក់ទៀតថា នំបញ្ចុក ១ ចាន តម្លៃត្រឹមតែ ១៥០០-២០០០ រៀល ហើយក្នុង១ថ្ងៃ អ្នកស្រីអាចរកប្រាក់ចំណូលបាន ២ ម៉ឺន ទៅ ៣ ម៉ឺន រៀលគ្រាន់បានចិញ្ចឹមជីវិត និង បង់ថ្លៃជួលផ្ទះគេដែរ។
យុវតី កក្កដា សិស្សនៅវិទ្យាល័យព្រះយុគន្ធរ បាននិយាយថា "យូរៗម្ដង ខ្ញុំញុំានំបញ្ចុក ខ្ញុំគិតថា វាពិតជាឆ្ងាញ់ណាស់ ហើយវាថែមទាំងអាចសន្សំលុយកាក់បានថែមទៀតផង មានន័យថា វាថោកហ្នឹងណា"។ យុវតីរូបនេះ បានលើកដែរថា នំបញ្ចុកក្រៅពីមានទឹកសម្ល ដែលមានឱជារស គឺវាមានគ្រឿងផ្សំច្រើន ដូចជាបន្លែ គ្រប់មុខ ដែលធ្វើឲ្យអ្នកញុំា អាចញុំាបានយ៉ាងងាយ ហើយបន្លែជួយដល់សារពាង្គកាយថែមទៀតផង។
កញ្ញា ឆវី ជាបុគ្គលិករបស់អង្គការមួយ នៅម្ដុំផ្សារដើមថ្កូវ និយាយដែរថា "ខ្ញុំចូលចិត្តញុំានំបញ្ចុកស្ទើរជារៀងរាល់ព្រឹក នៅពេលមានអ្នកលក់នំបញ្ចុករែកកាត់កន្លែងខ្ញុំធ្វើការ"។ ឆវី និយាយថា បានជានាងចូលចិត្តញុំានំបញ្ចុក ដោយសារនំបញ្ចុកជារបស់ខ្មែរ ខ្ញុំចង់លើកតម្កើងម្ហូបខ្មែរផង និង វាមានរស់ជាតិឆ្ងាញ់ ដោយសារទឹកសម្ល និង មានបន្លែ។
ចុះប្រិយមិត្តដឹងពីរបៀបធ្វើទឹកសម្លនំបញ្ចុកទេ? ខាងក្រោមនេះ គឺជារូបមន្ដខ្លីៗ សម្រាប់ធ្វើសម្លនំបញ្ចុក៖
សម្លប្រហើរនំបញ្ចុក មានគ្រឿងផ្សំដូចជា៖ ត្រីឆ្អើរ, ឬសាច់ត្រីស្រស់ស្ងោរឆ្អិន, ប្រហុក, ស្លឹកគ្រៃ, ខ្ទឹមស, ខ្ជាយ, រមៀត, អំបិល, និង ស្ករ។
វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។
២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។
៣.យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។
៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។
៥. ដាំ ២-៣អំពុះ ទើបបង់អំបិល ស្ករ ភ្លក្សតាមចូលចិត្តជាការស្រេច។