ចោល​ជិត ១០​ឆ្នាំ​ហើយ ឥឡូវ​ត្រឡប់​មក​ច្រៀង​វិញ ស្រាប់​តែ ចាន់ សម័យ និយាយ​ថា...

  • 2019-04-30 01:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា លោក ចាន់ សម័យ ជា​តារា​ចម្រៀង​ពេញ​និយម​ក្នុង​សម័យ​ស្នេហា​៤ដួង ឬ "F4” ដូច្នេះ​ហើយ ក្នុង​ពេល​លោក បាន​វិល​ត្រឡប់​មក​កាន់​សិល្បៈ​ចម្រៀង​វិញ ក្រោយ​ពី​បាត់​មុខ​ឈឹង​ប្រមាណ​ជិត ១០​ឆ្នាំ​នោះ មាន​សំណួរ​ថា តើ​លោក​នឹង​ល្បី​ល្បាញ​ឡើង​វិញ​ឬ​ទេ?

ក្រោយ​ពី​កម្សត់​អស់​ពេល​ជិត ១០​ឆ្នាំ លោក ចាន់ សម័យ បាន​វិល​ចូល​សិល្បៈ​ចម្រៀង​វិញ ដោយ​​ត្រូវ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ផ្ដល់​ឱកាស​ឲ្យ​លោក នោះ​គឺ​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅ​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​វិញ​នេះ ម្ចាស់​បទ "សុំ​មេ​មាន់​១" ទើប​បាន​បញ្ចេញ​បទ​ផ្ទាល់​មួយ​បទ​ជា​ចង្វាក់​តាលុង មាន​ចំណង​ជើង​ថា "បាត់​ស្រី​ទៅ​ណា"។

លោក ចាន់ សម័យ បាន​បញ្ជាក់​ថា លោក​រីករាយ​ជាមួយ​នឹង​ឱកាស​ថ្មី​នេះ ដោយ​មិន​ដែល​នឹក​ស្មាន​ថា នឹង​អាច​ទទួល​បាន​សារ​ជា​ថ្មី​នោះ​ទេ ក្នុង​នោះ​ថែម​ទាំង​គ្រោង​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់​ទៀត​ផង ដោយ​មាន​ការ​គាំទ្រ​ពី​ផលិតកម្ម។ បែប​នេះ​ក្ដី ជុំ​វិញ​ការ​លើក​ឡើង​ថា​តើ ការ​វិល​ត្រឡប់​របស់​លោក​នេះ អាច​នឹង​ធ្វើ​ឲ្យ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ឡើង​វិញ​ឬ​យ៉ាង​ណា​នោះ។ លោក​ថា​ឆ្លើយ​ថា មិន​ហ៊ាន​អះអាង​មុន​ទេ។

លោក​មិន​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ ព្រោះ​ថា ពេល​លោក​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ ហើយ​កាលៈទេសៈ​ពេល​នេះ ក៏​មិន​ដូច​កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ​ដែរ។ "ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ​រឿង ទុក​ឲ្យ​បង​ប្អូន​អ្នក​ស្ដាប់​វាយ​តម្លៃ​ទៅ​ចុះ ម្យ៉ាង ឥឡូវ​អ្នក​ចម្រៀង​យើង​ឥឡូវ ក៏​ច្រើន​ជាង​មុន​ទៅ​ទៀត អីចឹង​ហើយ​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​នោះ​ទេ"។ លោក បន្ត​ថា អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នា​ពេល​នេះ គឺ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព។

លោក ចាន់ សម័យ បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម Galaxy ប្រមាណ​២​ខែ​មុន​ចូល​ឆ្នាំ ក្នុង​រយៈ​ពេល​ខ្លះ លោក​បាន​ចេញ​បទ​ចម្រៀង​២​បទ​រួច​ហើយ សុទ្ធ​ជា​ចង្វាក់​ប្រជាប្រិយ​ខ្មែរ។ តាម​ការ​អះអាង លោក​ថា បន្ទាប់​ពី​ចូល​ឆ្នាំ​រួច លោក​នឹង​មាន​បទ​មួយ​ចំនួន​ទៀត​ចេញ​កំដរ​ប្រិយមិត្ត​អ្នក​គាំទ្រ ទុក​ស្ដាប់​កម្សាន្ត។ បច្ចុប្បន្ន ថ្នាក់​ដឹកនាំ​កំពុង​រៀប​ចំ​ស្ទូឌីយ៉ូ ដោយ​គ្រោង​នឹង​នាំ​ចូល​ឧបករណ៍​ទំនើប​ៗ​ទាំង​អស់។

បទ​ចម្រៀង​ទាំង​នោះ លោក​ថា មាន​ច្រើន​ទម្រង់ ទាំង​ប្រភេទ​បទ​សម័យ ប្រជាប្រិយ និង​ញាក់​ជា​ដើម។ លោក ចាន់ សម័យ បាន​ចូល​សិល្បៈ តាំង​ពី​ឆ្នាំ ៩០ ហើយ​ល្បី​ខ្លាំង​អំឡុង​ឆ្នាំ ២០០០-២០០៣។ បន្ត​នោះ​មក​មិន​ប៉ុន្មាន លោក​ក៏​បាន​បាត់​មុខ​ឈឹង ដោយ​គ្មាន​មូលហេតុ។ ទើប​តែ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ស្រាប់​តែ​បែក​ធ្លាយ​ព័ត៌មាន​លោក​មាន​ជីវភាព​ក្រ​ខ្សត់​រហូត​ដល់​ដើរ​ស្ទូច​ត្រី​លក់​ចិញ្ចឹម​ប្រពន្ធ និង​កូន។

បន្ទាប់​ពី​នោះ​មក លោក​ក៏​បាន​ទទួល​ការ​យក​អាសា​ពី​មិត្ត​រួម​អាជីព និង​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​រស្មី​ម្ដង​ទៀត។ ពិសេស​បាន​វិល​មក​ច្រៀង​សារ​ជា​ថ្មី ទាំង​មិន​នឹក​ស្មាន។ លោក ចាន់ សម័យ​បាន​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ពីរ​លើក​រួច​មក​ហើយ បន្ទាប់​ពី​វិល​មក​កាន់​សិល្បៈ​ជា​ថ្មី។ លើក​ទី​១ លោក​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​កាល​ពី​អំឡុង​ខែ​កក្កដា ២០១៨។ លើក​ទី​២ លោក​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕

អាន៖ ច្បាស់​ការណ៍ ថ្ងៃ ឱក សុគន្ធកញ្ញា ​និងម្ចាស់ចិត្តដឹកដៃគ្នាចូលរោងជ័យ

អាន៖ ធ្វើ​អីចឹង សារ៉ាយ សក្ខណា ធ្វើ​បាប​ចិត្ត​អ្នក​ដេក​ផ្ទះ​ហ្មង .

អត្ថបទ៖ ស៊ុន ហួត

អត្ថបទពេញនិយម