ក្រោយពីរឿងធំៗ២ ជាប់គាំង ជា លាងឈែ បន្តមកក្ដាប់តំណែងធំជាថ្មីទៀតហើយ!
- 2019-05-17 08:47:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពីរឿងធំៗ២ ជាប់គាំង ជា លាងឈែ បន្តមកក្ដាប់តំណែងធំជាថ្មីទៀតហើយ!
ចន្លោះមិនឃើញ
តារាប្រុសមុខដូចកូនចិន ជា លាងឈែ បានហក់មកក្ដាប់តំណែងធំជាថ្មីទៀតក្នុងខ្សែភាពយន្ត បន្ទាប់ពីលោកខកខានអស់មួយរយៈពេលធំ និងបន្ទាប់ពីស្នាដៃរបស់លោកធំៗ២នៅជាប់គាំងនៅឡើយ។
ជា លាងឈែ បានហក់មកក្ដាប់តំណែងតួឯកជាថ្មី ក្នុងភាពយន្តសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍មួយរឿងមានចំណងជើងថា "បុប្ផាស្រុកស្រែ"។ រឿងថ្មីនេះលោកចាប់ដៃគូជាមួយតួឯកស្រី ជា ស្រីរ័ត្ន ដែលជាការជួបសម្ដែងជាមួយគ្នាលើកទី២។ "និយាយទៅខ្ញុំខានលេងតួឯកនេះ យូរដែរហើយ គឺក្រោយពីរឿង "ទាយាទអាសុខ" បើតាមខ្ញុំចាំគឺតាំងឆ្នាំ ២០១៧មកបង"។
កាលណោះ លាងឈែ ក៏ចាប់ដៃគូសម្ដែងជាតួឯកជាមួយ តារាស្រីខាងលើដែរ។ នេះនិយាយតែតំណែងតួឯកក្នុងភាពយន្តភាគសម្រាប់ទូរទស្សន៍ ប៉ុន្តែសម្រាប់ខ្សែភាពយន្តសម្រាប់ចាក់បញ្ចាំងរោងកុនវិញ តារាប្រុសរូបនេះ បញ្ជាក់ថា លោកក៏ទទួលបានជាហូរហែមកដែរ។ ជាក់ស្ដែង កន្លងមកនេះ មាន២រឿងមកហើយ ដែលលោកបានតំណែងតួឯក។ យ៉ាងនេះក្ដី តួឯកប្រុសក្នុងរឿង "អូនជាការចងចាំបង" បញ្ជាក់ថា រឿងទាំងពីរនោះ មិនទាន់ចេញបញ្ចាំងនោះទេ។
“នេះនិយាយតែរឿងភាគណាបង តែរឿងដុំ គឺខ្ញុំដើរតួឯកបានពីររឿងដែរ មួយរឿងរបស់ផលិតកម្មថោន មានចំណងជើងថា "ខ្មោចគ" ឯមួយរឿងទៀតរបស់ផលិតកម្ម Galaxy គឺរឿង "កុំងាកក្រោយ"។ តែទាំងពីររឿងនេះ មិនទាន់បានដាក់បញ្ចាំងនៅឡើយទេ!”។ លោកមិនទាន់ដឹងថា រឿងទាំងពីរនឹងបានចេញបញ្ចាំងនៅពេលណាទេ ខណៈលោកបានថតបញ្ចប់ឲ្យម្ចាស់ផលិតរួចរាល់អស់ហើយ។
ទោះយ៉ាងនេះក្ដី នៅពេលនេះ ជា លាងឈែ ក៏ទទួលបានតំណែងតួឯកថ្មីទៀត គឺរឿង "បុប្ផាស្រុកស្រែ" បើទោះស្នាដៃចាស់របស់ខ្លួនមិនទាន់បានចេញបញ្ចាំងក៏ដោយ។ ខ្សែភាពយន្តផលិតដោយទូរទស្សន៍លេខ ៥ នេះ ទើបបើកកម្មវិធីក្រុងពាលីត្រៀមនឹងចេញថតក្នុងពេលឆាប់ៗនេះ។ តួសម្ដែងក្នុងរឿងនេះ មានលោក ជា លាងឈែ កញ្ញា ជា ស្រីរ័ត្ន លោក ស្រេន វុធថា និងកញ្ញា លី រីណា ជាដើម។
ភាពយន្តខាងលើ គឺជាភាពយន្តទី២០ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បន្ទាប់ពីរឿងទី១៩មានចំណងជើងថា "មិត្តឬស្យា" បាន និងកំពុងចាក់បញ្ចាំងជូនប្រិយមិត្តទស្សនា។ "បុប្ផាស្រុកស្រែ" គ្រោងចំណាយពេលថតប្រមាណជា ៣ខែ មុនពេលដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាលើកញ្ចក់ទូរទស្សន៍នាពេលបន្ទាប់ទៀត៕