ទិវា​សិទ្ធិ​កុមារ​ឆ្នាំ​នេះ លើក​ឡើង​ប្រធាន​បទ លើក​កម្ពស់​សិទ្ធិ​កុមារ​តាម​រយៈ​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ប្រភេទ​លើ​កុមារ

  • 2019-05-27 08:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀប​ចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិ​កុមារ អន្តរជាតិ​នៅ​ថ្ងៃ ទី​១ ខែ​មិថុនា ខាង​មុខ​នេះ ក្រោម​ប្រធាន​បទ​លើក​កម្ពស់​សិទ្ធិ​កុមារ​តាម​រយៈ​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ប្រភេទ​លើ​កុមារ។

ទិវា​សិទ្ធិ​កុមារ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំលឹក​ដល់​ការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន របស់​កុមារ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​កុមារ​ស្រប​តាម​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ។

ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​កុមារ​នេះ​ឱ​កាន់តែ​មាន​ភាព​អធិកអធម រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ ​ណែ​នាំ​ដល់​គ្រប់​អង្គភាព​ទាំង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ​គ្រឹះ​ស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន ឲ្យ​រៀប​ចំ ពិធី​នេះ​ទៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន។

ជាក់ស្ដែង​កាល​ពី​ចុង​សប្ដាហ៍​នេះ សាលា​អន្តរជាតិ យូ អេស អេ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក ទី​៧០​ នៃ​ទិវា​សិទ្ធិ​កុមារ ដែល​មាន​កុមារ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

លោក ស៊ឺ ទ្រី នាយក​សាលា​អន្តរជាតិ យូ អេស អេ បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិធី​នេះ​ឡើង​មិន​ត្រឹមតែ បង្ក​លក្ខណៈ​ជួបជុំ​គ្នា​សប្បាយ​រីករាយ​រវាង​សិស្សានុសិស្ស និង​អាណាព្យាបាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង បាន​បង្ក​លក្ខណៈ​ឲ្យ​សិស្ស​បាន​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​ ដែល​ខ្លួន​មាន ដូចជា ការ​សម្តែង សិល្បៈ​បុរាណ​សម័យ ច្រៀង​ចម្រៀង សម្ដែង​រឿង​អប់រំ ដើរ​បង្ហាញ​ម៉ូដ​ជាដើម។

លោក​បាន​អះអាង​ថា សាលា​រៀន​នេះ​បាន​រៀបចំ​កម្មវិធី​សិទ្ធិ​កុមារ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ចូលរួម​ជា មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ​និង​លើក​កម្ពស់​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់ ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី