Lexus RX330 មួយទឹកក្នុងស្រុក មាន Option មួយដែល​មាន​ទីផ្សារសម្បូរអ្នកជិះច្រើន

  • 2019-06-04 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងមានទីផ្សារត្រូវប៉ាន់​អ្នកជិះក្នុងស្រុក ឡាន​ Lexus RX300, RX330 មាន​ជម្រើសប៉ុង១ ប៉ុង២, Base Option, Half full និង Full Options ហើយ​អ្វី​ដែល​ខុស​គ្នា​ឆ្ងាយ​មួយ​ទៀត​នោះ​គឺ ពណ៌។

​ត្រកូល Lexus RX330 មាន​​​ស៊េរី​ ២០០៤ និង ២០០៥ ហើយជា​ឡានដែល​កំពុង​​ទទួលបាន​ ការ​ប្រើប្រាស់​ច្រើន​នៅ​លើ​ទី​ផ្សារ​។ តើ​អ្នកគួរ​ទិញជម្រើសមួយ​ណា​ ទើប​ចំណេញ​លុយ​ និង​​​មានទី​ផ្សារ។

លោក ហេង ហៀប បុគ្គលិក​លក់​ឡាន​មួយ​ទឹក​ នៅ​ឃ្លាំង​មួយ​កន្លែង​ម្ដុំ​ជ្រោយចង្វារ​បាន​ប្រាប់ Sabay ​ថា Lexus RX ដែល​កំពុង​ពេញ​និយម​ភាគ​ច្រើន​ពណ៌​ស។ បើ​ពណ៌​ផ្សេង​ខុស​ពី​ពណ៌​ស​ ពុំ​សូវ​មាន​ទី​ផ្សារ​ឡើយ ​ចំណែក​​តម្លៃ​វិញ​ក៏​​ខុស​គ្នា​ជាង ២ ០០០ ដុល្លារ​ ដោយ​គិត​ទាំង​​ប្រភេទ Base Option, Half full និង Full Options ជាដើម។

លោក​បន្ត​ថា​ សម្រាប់​អ្នក​​ចង់​ទិញ Lexus RX330 ប្រើ​ប្រាស់​ក្នុង​ស្រុក​ គួរ​ជ្រើសយក​ប្រភេទ Half Full ព្រោះ​ចំណេញ​លុយ​ មាន​អ្នកប្រើ​ប្រាស់​ច្រើន និង​​មាន​លក្ខណៈ​ទំនើប​​ ដូច​​ប្រភេទ Full Option ដែរ ពិសេសនៅតាម​ឃ្លាំង​ក៏​មាន​ការនាំចូលមកលក់​ច្រើនដែរ។

ប្រភេទ Half Full និង Full option មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ រួមមាន​អេក្រង់​បង្ហាញ​ព័ត៌មាន​ធំ, មាន DVD​, មាន​កាមេរ៉ា​ក្រោយ, ​មាន​ទឹក​បាញ់​ចង្កៀង, ប៊ូតុង​ចុច​បិត​ឃ្លុប​ក្រោយ​អូតូ (ប្រភេទ Base Option អាច​មាន​ឬ​អត់) កៅអី​អង្គុយ​បញ្ជា​អូតូ, ចំពោះ​ពោង​សុវត្ថិភាព​មាន​ប្រាំបួន​គ្រាប់​ដូច​គ្នា​។

សម្រាប់ Full Option មាន​លក្ខណៈ​ពិសេស​ជាង Half Full ត្រង់​​កន្លែង​ដាំបាយ​អគ្គិសនី​នៅ​ផ្នែក​ខាង​ក្រោយ មាន​ផ្លិត​ទឹក​ដំណើរ​ការ​អូតូ​នៅ​​ពេល​ភ្លៀង និង​អេគ្រុយ​នៅ​លើ​តាប្លូ​ជា​ដើម។

RX330 ​ប្រភេទ Hafl Full ថ្លៃជាង Base Option​ ប្រមាណ​​ ១ ៥០០ ទៅ ២ ០០០ ដុល្លារ និង​​ Full option ថ្លៃជាង Hafl Full ​ចន្លោះ​ពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារ អាចច្រើនជាងច្រើន ឬតិចជាង​នេះអា​ស្រ័យ​ទៅ​តាម​គុណ​ភាព​ និង​ទីផ្សា​រក្នុង​ស្រុក។

សម្រាប់​កម្រិត​ស៊ី​សាំង​របស់ Lexus RX330៖

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

កម្រិត​ស៊ីសាំង​នៃប្រភេទទាំងពីរ អាច​ខុស​គ្នា​បន្តិច​បន្តួច​ ព្រោះ​ជា​ប្រភេទ​ឡាន​មួយ​ទឹក និង​អាស្រ័យ​តាម​ការ​ប្រើប្រាស់​ជាក់ស្ដែង៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី