ឱ! ព្រលឹងទាំង ១៩ អ៊ើយ!
- 2019-06-05 03:04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱ! ព្រលឹងទាំង ១៩ អ៊ើយ!
ចន្លោះមិនឃើញ
ខ្មែរយើងជឿថា យើងម្នាក់ៗមានព្រលឹង ១៩ក្នុងខ្លួន។ ពេលសប្បាយ ត្រេកអរ រសាប់រសល់ ឬភ័យស្លន់ ក៏បានន័យថា ព្រលឹងខ្លះបានហោះអណ្តែតរសាត់ចេញពីខ្លួនយើងទៅហើយ។ ដោយហេតុនេះហើយ ទើបពេលនរណាម្នាក់ហាក់ដូចឈឺស្ទងៗ គ្មានស្មារតីក្នុងខ្លួន យើងធ្វើពិធីជញ្ជាត់ព្រលឹង ទៅកោះហៅព្រលឹងគាត់ពីព្រៃ ពីអីមកវិញ។ នេះគេនិយាយតៗគ្នាមកថា ព្រលឹងយើងចិត្តងាយណាស់ តែងត្រូវបានព្រលឹងខ្មោចបិសាចក្នុងព្រៃទាក់ឲ្យគេចពីខ្លួនបានជានិច្ចកាល។
ស្តាប់ទៅសមម៉្យាងដែរ ព្រោះថា មានអ្នកខ្លះ មិនដឹងយ៉ាងម៉េច អាចស្ថិតនៅអន្ទងផ្តិតជាប់ក្នុងខួរក្បាល និង ចិត្តយើងជានិច្ច។ ខំលុបណាស់ ចេញមុខណាស់។
ហាក់ដូចគេបានស្រូបព្រលឹងយើងទៅអស់អញ្ចឹង ធ្វើឲ្យខ្លួនយើង រសាប់រសល់ អារម្មណ៍មិនមូល ព្រលឹងមិននៅក្នុងខ្លួន។ តែងតែគិតរហូតថា គេនៅធ្វើអី សុខសប្បាយទេ ដេកលក់ស្រួលទេ កំពុងគិតអី ពិបាកចិត្ត ឬត្រេកអររឿងអីទៅ… ពេលរៀនក៏គិត ដេកក៏គិត អាយល់សប្តិហើយនៅឆ្លៀតស្រម៉ៃឃើញទៀត។ លែងមានទៀតហើយជីវិតដែលជារបស់យើង យើងធ្លាក់ក្នុងអន្លង់មួយ ហាក់ដូចខ្លួនមួយចិត្តពីរ។ មួយរបស់យើង មួយរបស់គេ…
បើអ្នកគេសំណាង អ្នកបានលិឍ នោះបានន័យថា ព្រលឹងខ្លះរបស់ដៃគូអ្នក បានហោះមកចូលខ្លួនអ្នកផងដែរ។ គេក៏គិតបារម្ភ និងសប្បាយជំនួសអ្នក។ អ្នកទាំងពីរ ផ្លាស់ប្តូរព្រលឹងខ្លះពីគ្នាទៅវិញទៅមក… ពីរនាក់រស់នៅជីវិតពីរ ប្រទាក់គ្នា មិនដាច់។
តែអនិច្ចារអ្នកដែលគេមិនព្រមស្រឡាញ់វិញ…ក៏ខំទៅអានក្បួនជញ្ជាត់ព្រលឹងពីសៀវភៅក្រាស់ៗ… តែណ្ហើយ! ជញ្ជាត់ពីព្រាយ ពីបីសាចអី ហាក់មានក្បួនខ្នាតតម្រាត្រឹមត្រូវ តែអារឿងជញ្ជាត់ពីក្រាស់វិញ… គម្ពីរណាក៏ជួយមិនបានដែរ!
នេះបើមិនចង់ដ្រាម៉ា តែចង់អានបន្តពីរឿងជញ្ជាត់ព្រលឹងអីហ្នឹង អាចអានសៀវភៅ ព្រះលិង្គ និពន្ធដោយលោកអាំងជូលានបាន!
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន។
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ Wapatoa.com !