នេប៉ាល់ ផលិតបានមនុស្សយន្តរត់តុដំបូងបំផុត បង្កប់សុទ្ធតែមុខងារទំនើប
- 2019-06-26 07:18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេប៉ាល់ ផលិតបានមនុស្សយន្តរត់តុដំបូងបំផុត បង្កប់សុទ្ធតែមុខងារទំនើប
ចន្លោះមិនឃើញ
“Please enjoy your meal,” នេះជាសំឡេងដែលបន្លឺចេញពីតួខ្លួនមនុស្សយន្តរត់តុដំបូងបង្អស់របស់នេប៉ាល់ឲ្យឈ្មោះថា Ginger មានភារកិច្ចលើកម្ហូបមកដាក់លើតុជូនភ្ញៀវដូចមនុស្សទូទៅអ៊ីចឹងដែរ។
មនុស្សយន្តមានកម្ពស់ ១,៥ ម៉ែត្រមួយនេះផលិតដោយក្រុមហ៊ុនខ្នាតតូចក្នុងស្រុក Paaila Technoloy ដែលបានសរសេរនូវប្រព័ន្ធកម្មវិធីធ្វើឲ្យនាងអាចចេះប្រើប្រាស់ទាំងភាសាអង់គ្លេស និងនេប៉ាល់សម្រាប់អតិថិជនក្នុងតំបន់។ អ្វីដែលពិសេស Ginger ក៏អាចនិទានរឿងកំប្លែងកំដរភ្ញៀវដូចទៅនឹង Siri និង Alexa ថែមទៀតផង។
មានមនុស្សយន្ត Ginger ចំនួន ៣ កំពុងដាក់ឲ្យបម្រើការនៅអាហារដ្ឋាន Naulo នៃរាជធានី Kathmandu ជាទីតាំងដែលធ្លាប់រងគ្រោះរញ្ជួយដីកាលពីជាងបីឆ្នាំមុន។ មនុស្សយន្តនេះសោត ផលិតឡើងដោយក្រុមហ៊ុនវិស្វកម្មវ័យក្មេងចំនួន ២៥ រូប ដោយចំណាយពេលប៉ុន្មានខែក្នុងបន្ទប់ការិយាល័យចំនួនបី។ បញ្ជាក់ប្រាប់ដោយ CEO លោក Binay Raut មានប្រសាសន៍ថា៖ "នេះជាដំណាក់កាលសាកល្បង ដោយយើងក៏រីករាយនឹងរង់ចាំការឆ្លើយតបពីអតិថិជនរបស់យើង"។
ដំណើរការរបស់ Ginger គឺទាមទារឲ្យភ្ញៀវធ្វើការកុម្ម៉ង់អាហារដោយចុចបញ្ជាលើអេក្រង់ Touch Screen នៃបញ្ជីមុខម្ហូបបំពាក់ភ្ជាប់លើតុ ហើយមនុស្សយន្តនឹងត្រូវបានហៅទៅទីតាំងផ្ទះបាយនៅពេលម្ហូបចម្អិនរួចរាល់។ ឆ្លើយប្រាប់ពីភ្ញៀវចំណាស់វ័យ ៧៣ ឆ្នាំ ម្នាក់ប្រាប់ថា៖ "នេះជាបទពិសោធន៍ថ្មីមួយ" ស្រដៀងនឹងការលើកឡើងពី Bimali ថា៖ "ពួកគេមើលទៅពិតជាធ្វើបានល្អ ហើយពិតជាមិននឹកស្មានថាបង្កើតឡើងដោយប្រទេសនេប៉ាល់"។
ជោគជ័យនេះក៏ឆ្លើយតបទៅនឹងការទស្សន៍ទាយធ្លាប់ប្រកាសក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនាពេលកន្លងមកថាត្រឹមឆ្នាំ ២០២៥ ការងារប្រមាណ ៥០ ភាគរយនឹងធ្វើដោយមនុស្សយន្តពោលគឺកើនទ្វេដងធៀបនឹងពេលបច្ចុប្បន្ន៕
អានអត្ថបទ: