រៀនផ្លាស់ប្តូរទម្លាប់ ដើម្បីក្លាយជាមនុស្សក្នុងសុបិនរបស់អ្នក

  • 2019-06-27 04:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

តើអ្នកចង់ក្លាយជាមនុស្សបែបណា? មនុស្សម្នាក់ដែលមានចិត្តល្អ ខួរក្បាលវ័យឆ្លាត ហើយចេះអត់ធ្មត់ខ្ពស់? ជាមនុស្សដែលក្រោកឡើងពេលព្រឹកទាន់ពេល ទៅហាត់ប្រាណរាល់ថ្ងៃ ញ៉ាំបាយមិនដែលខាន អាចធ្វើការ ឬរៀនដោយផ្ចង់អារម្មណ៍បានមូលល្អ ហើយថែមទាំងអាចមកផ្ទះចូលដេកបានលឿន បានឆ្អែតទៀត?

តើអ្នកចង់មានទំលាប់សកម្ម មានទំលាប់ចេះផ្តល់អាទិភាពលើតែរឿងសំខាន់ៗក្នុងជីវិត និងចេះរៀបផែនការសកម្មភាពរាល់ថ្ងៃបានរៀបរយ? ថែមទាំងក្លាយជាមនុស្សដែលមានទំលាប់ចូលចិត្តអរគុណដល់រឿងគ្រប់យ៉ាង ជាមនុស្សដែលមានសម្បជញ្ញៈ (mindfulness) និង ចិត្តទូលាយចង់ចេះចង់ដឹង?

អាហ្នឹងជារូបក្នុងក្តីស្រមៃទេ តែពេលងាកមកមើលរូបយើងក្នុងលោកពិតវិញ ទាំងគេទាំងយើង នៅខ្វះខាតច្រើនកន្លែងណាស់។ (លើកលែងតែមនុស្សមួយចំនួនតូចដែលមានទំលាប់ល្អៗទាំងនេះហើយៗ បើអ្នកមានមែន អាចផ្ញើសារមកវប្បធម៌ផង… វប្បធម៌សុំយកធ្វើគ្រូ! ហេហេ)

អ្នកខ្លះមានចិត្តចង់ដេកលឿនហើយក្រោកលឿន ដើម្បីយកពេលព្រឹកតាំងសមាធិ និងអានសៀវភៅ។ តែដល់ការពិត យប់មុនពេលចូលដេកបែរជារមាស់ដៃចុចមើលវីដេអូលើយូធូប (YouTube) ពីមួយទៅមួយទៅមួយទៅមួយទៅមួយ។ ចុងក្រោយ ងាកមើលនាឡិកាម៉ោង ១ ព្រឹកល្មម! កុំថាឡើយចង់ក្រោកពីព្រលឹមម៉ោងប្រាំនោះ…. ហេងស៊យក្រោកពេលថ្ងៃមិនចង់ទាន់ផង!

អ្នកខ្លះក៏តែងបន្ទោសខ្លួនថា មកពីខ្លួនមិនមានឆន្ទៈខ្លាំងដូចគេបានជាមិនអាចតាំងចិត្តប្តូរទំលាប់បាន។ តែតាមពិតទៅ សឹងតែពាក់កណ្តាលនៃសកម្មភាពដែលយើងធ្វើរាល់ថ្ងៃនេះ មិនមែនជាជំរើសផ្ទាល់ពីខួរក្បាលរបស់យើងទេ ផ្ទុយទៅវិញ វាជាជំរើសស្វ័យប្រវត្តិដោយសារទំលាប់ដែលយើងមានទៅវិញទេ [យោងតាមការពិសោធន៍របស់លោក បាស វឺផ្លាកិន (Bas Verplanken) និងអ្នកនាងវ៉េនឌី វូឌ (Wendy Wood)]។

តាំងពីពាក្យសំដីសំដៅ របៀបនិយាយស្តីរបស់យើង អាហារដែលយើងញ៉ាំ តើយើងចាយលុយប៉ុន្មាន សន្សំលុយប៉ុន្មាន តើយើងគ្រប់គ្រងការគិតរបស់យើងតាមរបៀបណា ឬយើងធ្វើការយឺតយ៉ាវឬលឿនរហ័សជាដើម សុទ្ធតែធ្វើឡើងតាមការបញ្ជារបស់ទំលាប់ដែលយើងមានស្រាប់ទាំងអស់។ អញ្ចឹងកុំទៅបន្ទោសឆន្ទៈ ឬបន្ទោសខួរក្បាលយើងអី គួរយកពេលមករៀនសិក្សាពីទំលាប់ និងរបៀបកែប្រែវាវិញទើបឆ្លាត!

ប្រសិនបើយើងចង់ក្លាយជាមនុស្សម្នាក់ល្អជាងនេះ យើងគ្រាន់តែរៀនបង្កើតទំលាប់ល្អៗ ដូចជាទំលាប់ញ៉ាំ ទំលាប់និយាយ ទំលាប់គិត និងមានអារម្មណ៍ល្អៗជាងមុនទៅ ជាការស្រេច។

ហើយបើចង់ផ្លាស់ប្តូរអ្វីម៉្យាង ទាល់តែយើងយល់ពីវាសិន។ អញ្ចឹងហើយបានជា ក្រុមវប្បធម៌សំរេចចិត្តសរសេរអត្ថបទមួយនេះឡើងដើម្បីបកស្រាយឲ្យអស់អាចម៍អស់នោមពីដំណើរការនៃទំលាប់ ហើយមានអត្ថបទភាគពីរមួយទៀតដែលនឹងបកស្រាយពីវិធីក្នុងការបំបែកទំលាប់អាក្រក់ និងបណ្តុះទំលាប់ល្អតែម្តង!

គួរបញ្ជាក់ផងដែរថា ព័ត៌មានដែលយើងចែករំលែកក្នុងកំរងអត្ថបទនេះសុទ្ធតែដកស្រកចេញមកពីសៀវភៅ អំណាចនៃទំលាប់ ត្រូវបាននិពន្ធដោយឆាល្ស ឌូហីគ (The Power of Habit by Charles Duhigg) ទាំងអស់! ប្រសិនបើចង់ដឹងបន្ថែមពីបញ្ហានេះ គួរអានសៀវភៅនេះទៀតរឹតតែល្អ!

អញ្ចឹងតើត្រៀមខ្លួនហើយនៅ? តោះចាប់ផ្តើមរៀនពីទំលាប់ហ្មងទៅ!

រូបបានមកពី៖ pinimg

**តើទំលាប់ជាអ្វី? ហើយហេតុអ្វីបានជាយើងមានវាគ្រប់ៗគ្នា?**

បើនិយាយឲ្យខ្លីទៅ​ ទំលាប់គឺជាសកម្មភាពមួយដែលយើងតែងធ្វើជាទៀងទាត់។ តែបើគិតពីការវិវត្តន៍បែបធម្មជាតិវិញ យើងគួរតែអរគុណហើយដែលខួរក្បាលសត្វនាំគ្នាវិវត្តន៍ឲ្យចេះមានទំលាប់នោះ! ដោយសារ ពេលដែលសកម្មភាពមួយក្លាយទៅជាទំលាប់ នោះខួរក្បាលយើងនឹងមិនចាំបាច់ចំណាយកំលាំងគិតច្រើនពេក ពេលធ្វើរឿងនោះទេ។

ឧទាហរណ៍ រាល់ព្រឹកយើងតែងស្លៀកពាក់ខោអាវររៀបចំខ្លួនចេញក្រៅ​ ត្រូវអត់? អ្នកខ្លះរៀបចំខ្លួនបណ្តើរ មើលរឿងអានីម៉េបណ្តើរក៏គ្មានបញ្ហា។

បើខួរក្បាលយើងមិនចេះបង្កើតទំលាប់នោះ ធ្វើអ្វីក៏ដោយ ក៏ខួរក្បាលយើងត្រូវគិតជានិច្ច។ សាកស្រមៃទៅថា គ្រប់ជំហាននៃការស្លៀកពាក់ តាំងពីរលាស់អាវ ស៊កដៃ ពាក់អាវ បិទលេវ ស្លៀកខោ រូតខោ សិតសក់ ស៊កជើងក្នុងស្បែកជើង… យើងត្រូវគិតពីមួយជំហានទៅមួយជំហានជានិច្ច មិនអាចធ្វើវាដោយស្វ័យប្រវត្តិទៀតបានឡើយ។

តើម៉េចនឹងមានខួរក្បាលទៅតាមដានរឿងភាគអានីម៉េទៅរួច?

សាកនឹកស្រមៃដល់ពេលយើងនៅតូចទើបរៀនស្លៀកពាក់ខោអាវដោយខ្លួនឯងជាដំបូងទៅមើល… កាលនោះទំរាំរៀបចំខ្លួនទៅសាលាហើយម្តងៗ ដូចឈ្នះសង្គ្រាមអញ្ចឹង។ វាពិបាកពីដំបូង ដោយសារខួរក្បាលយើងមិនទាន់រៀនចេះយកការស្លៀកពាក់ខោអាវជាទំលាប់នោះទេ។ តែយូរៗទៅ ប្រហែលជាប៉ុន្មានអាទិត្យ ប៉ុន្មានខែក្រោយមក យើងក៏អាចស្លៀកពាក់ដោយខ្លួនឯង ដោយមិនបាច់គិតច្រើនដូចមុនទៀតទេ។

សំណួរនោះគឺ ហេតុអ្វីបានជាធម្មជាតិឲ្យយើងវិវត្តន៍មកមានទំលាប់អញ្ចឹង? មូលហេតុគឺទីមួយ វាជួយសន្សំសំចៃកំលាំងខួរក្បាលយើងបានច្រើន។ ពេលដែលយើងមិនចាំបាច់គិតពីគ្រប់សកម្មភាពក្នុងជីវិតប្រចាំថ្ងៃយើង នោះយើងមានពេល និងកំលាំង អាចទៅគិតពីបញ្ហាផ្សេងៗដែលមានលក្ខណៈសាំញ៉ាំជាងនេះ ដូចជាការបង្កើតបច្ចេកវិទ្យាថ្មីៗ និងបង្កើតគំនិតថ្មីៗដើម្បីអភិវឌ្ឍការរស់នៅរបស់យើងជាដើម។

មូលហេតុទីពីរគឺពេលដែលខួរក្បាលយើងមិនចាំបាច់ចំណាយកំលាំងច្រើនគ្រប់ពេលពេកនោះ វាអាចរក្សារាងឲ្យនៅតូច ធ្វើឲ្យក្បាលយើងក៏មានរាងតូច ងាយស្រួលឲ្យម្តាយបង្កើតទៀតផង។ ភាពងាយស្រួលក្នុងការបង្កើតកូនជាកត្តាដ៏សំខាន់មួយ សំរាប់ឲ្យពូជសត្វ (ឬមនុស្ស) មួយអាចបន្តរស់រានមានជីវិតតកូនតចៅនៅលើលោកបាន។

នេះហើយជាផលប្រយោជន៍ត្រួសៗរបស់ទំលាប់ តែវាក៏គេចមិនផុតពីមានផលអាក្រក់ផងដែរ។ ទោះជាទំលាប់ជួយយើងសន្សំកំលាំងក៏ពិតមែន តែគួរឲ្យស្តាយខួរក្បាលយើងមិនចេះបែងចែកថា ទំលាប់ណាល្អ ទំលាប់ណាអាក្រក់នោះទេ។ ឲ្យតែយើងបន្តធ្វើសកម្មភាពដដែលៗអស់មួយរយៈពេលនោះ មិនថាវាជារឿងល្អឬរឿងអាក្រក់ទេ វានឹងក្លាយជាទំលាប់តែម្តង។

ដោយហេតុនេះហើយបានជាគ្នាយើងខ្លះសំណាង មានទំលាប់ចេះមានអំណរគុណ មានទំលាប់ចិត្តល្អ ចង់ចេះចង់ដឹង និងមានទំលាប់សកម្មជាដើម… ឯអ្នកខ្លះវិញក៏ខើចសំណាងជាប់ផុងខ្លួនជាមួយទំលាប់ដែលចូលចិត្តពន្យារការងារ ទំលាប់ខឹងច្រណែន មិនចេះមានអំណរអរគុណ និងមានចិត្តចង្អៀតជាដើម។

រូបភាពបានមកពី៖ អាល់ឈីណូ (Alcino)

តើទំលាប់មានដំណើរការដូចម្តេចខ្លះ?

គ្រប់ទំលាប់ទាំងអស់ មិនថាទំលាប់ផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍អាចចែកចេញជាបួនផ្នែក៖

១. សញ្ញា៖ ជាសញ្ញាដែលប្រាប់ខួរក្បាលយើងឲ្យចាប់ផ្តើមប្រើទំលាប់ណាមួយ។ ត្រូវដឹងថា សញ្ញានៃទំលាប់មួយៗ អាចជាវត្ថុដែលយើងមើលឃើញនឹងភ្នែក ដូចជាកំប៉ុងស្ទីងនៅកន្លែងយើងញ៉ាំអី ឬទូរទស្សន៍ក្នុងផ្ទះយើង… តែវាក៏អាចជាទីកន្លែងណាមួយ អាចជាពេលវេលាណាមួយ ជាអារម្មណ៍មួយ គំនិតមួយ ឬមនុស្សមួយប្រភេទក៏ថាបាន។

២. សកម្មភាពទំលាប់៖ ពេលដែលទទួលបានសញ្ញា យើងនឹងចាប់ផ្តើមធ្វើសកម្មភាពទំលាប់ ដែលវាអាចជាសកម្មភាពផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍ក៏ថាបាន។ សកម្មភាពទំលាប់ខ្លះសាមញ្ញបំផុត ដូចជាឲ្យតែឃើញមុខមនុស្សភ្លាម យើងទំលាប់ញញឹមដាក់គេភ្លែត។ ឯសកម្មភាពទំលាប់ខ្លះទៀតមានភាពសាំញ៉ាំខ្លាំង ​ដូចជាទំលាប់អារម្មណ៍ដែលផុសចេញក្នុងចិត្តយើងក៏លឿន ហោះរសាត់បាត់ខ្លួនវិញក៏លឿននោះឯង ដល់ថ្នាក់អ្នកវិទ្យាសាស្ត្រត្រូវវាស់សកម្មភាពទាំងនេះដោយគិតជាមីលីសេកុង (milliseconds) ទើបវាស់វាទាន់។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

អត្ថបទថ្មី