ពីក្មេងរៀនត្រួតថ្នាក់ក្លាយជានិស្សិតអាហារូបករណ៍ឆ្នើមឈ្នះពានរង្វាន់ផ្នែកវិទ្យាសាស្ត្រនៅបរទេស
- 2019-06-28 11:46:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្មេងរៀនត្រួតថ្នាក់ក្លាយជានិស្សិតអាហារូបករណ៍ឆ្នើមឈ្នះពានរង្វាន់ផ្នែកវិទ្យាសាស្ត្រនៅបរទេស
ចន្លោះមិនឃើញ
«អ្នកផ្ទះខ្ញុំលំបាក តែពុកម៉ែមិនដែលឲ្យពួកខ្ញុំឈប់រៀនទេ ចឹងហើយខ្ញុំត្រូវតែរៀន ខ្ញុំត្រូវតែស៊ូបន្តទៀតទោះជាលំបាកយ៉ាងណាក៏ដោយ» ។ នេះជាសម្ដីម្ចាស់ជ័យលាភីពានរង្វាន់មូលនិធិសាស្រ្តាចារ្យថេប និលនិធិ លើផ្នែក Best Performance in Science with Highest Distinction នៃសាកលវិទ្យាល័យថៃល្បីឈ្មោះ Prince Songkla University។
ធ្លាប់ជាក្មេងរៀនខ្សោយ ធ្លាក់ត្រួតថ្នាក់ពីរបីឆ្នាំជាប់គ្នា តែពេលនេះ យុវតីវ័យ ២៣ឆ្នាំ ចន្ធូ លីនដា បានប្រែក្លាយជានិស្សិតអាហារូបករណ៍ព្រះរាជទានសម្តេចចក្រីសុរិនថន ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញរូបវិទ្យាជាមួយសញ្ញាប័ត្រកិត្តិយសលំដាប់ទី ១ (First Class Honors) ពីមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសកលវិទ្យាល័យសុងខ្លានគរិន្ទ ប្រទេសថៃ។
មានស្រុកកំណើតនៅខេត្តព្រៃវែង លីនដា ជាកូនពៅ ក្នុងចំណោមបងប្អូន ២នាក់ដែលមានឪពុកជាមន្រ្តីរាជការស៊ីវិល និងម្ដាយជាកសិករ ។ ដោយសារកូនទាំង២ត្រូវរៀន និងចំណូលគ្រួសារតិចតួចផងនោះ ធ្វើឲ្យលីន ដា មិនដែលបានរៀនគួរបន្ថែម ឬសូម្បីតែរៀនភាសាអង់គ្លេសដូចក្មេងដទៃទៀតទេ។ បើទោះស្ថានភាពគ្រួសារលំបាកយ៉ាងណា ឪពុកម្ដាយលីនដាមិនដែលឲ្យកូន ៗ ឈប់រៀនឡើយ ផ្ទុយទៅវិញ មានតែជំរុញនិងលើកទឹកចិត្តកូន ៗ ឲ្យខិតខំតស៊ូ ព្រោះក្រៅពីទ្រព្យសម្បត្តិ មានតែចំណេះទេដែលអាចជួយមនុស្សឲ្យសម្រេចគោលដៅជីវិតបាន ។
ពាក្យប្រៀនប្រដៅដ៏កក់ក្តៅពីឪពុកម្ដាយ និងការលើកទឹកចិត្តនេះហើយ ដែលធ្វើឲ្យលីនដាមិនបោះបង់ បើទោះជាជួបបរាជ័យ និងដួលជាច្រើនដងក្តី។ រហូតដល់ឆ្នាំ ២០១១ ការខិតខំប្រឹងប្រែងរៀនសូត្រមិនឈប់ឈររបស់ លីនដា បានលេចចេញជាលទ្ធផលដែលសូម្បីខ្លួននាងផ្ទាល់ក៏ស្មានមិនដល់ដែរ គឺ នាងបានជាប់ជ័យលាភីជាសិស្សពូកែរូបវិទ្យាកម្រិតមធ្យមសិក្សាបឋមភូមិចំណាត់ថ្នាក់លេខ ១ ប្រចាំខេត្តព្រៃវែង និងលេខ ១៤ ទូទាំងប្រទេស។
ក្នុងឆ្នាំ ២០១៤ លីនដាបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ជាមួយនិទ្ទេស D លំដាប់ពិន្ទុ ៩៧.៥២០ និងបានផ្លាស់មករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការចំណាយកាន់តែច្រើនឡើង ទាំងថ្លៃផ្ទះជួល ថ្លៃបង់សាលា និងថ្លៃហូបចុកប្រចាំថ្ងៃផង ការលំបាកនៅតែមានសម្រាប់ក្មេងស្រីមកពីជនបទដែលខ្សត់ខ្សោយទាំងភាសាអង់គ្លេស ខ្សោយទាំងកុំព្យូទ័រ មិនអាចឲ្យគាត់រកការងារក្រៅសមរម្យជួយសម្រាលបន្ទុកគ្រួសារបានទេ។ ដោយចង់សម្រាលបន្ទុកគ្រួសារ និងចង់ជិះយន្តហោះផង លីនដាសម្រេចចូលរួមប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសថៃបានដោយជោគជ័យ។
ការសិក្សានៅសាកលវិទ្យាល័យថៃ តម្រូវឲ្យរៀនជាភាសាថៃទាំងស្រុង ម្យ៉ាងភាសាអង់គ្លេសក៏មិនចំណាប់ កុំព្យូទ័រក៏មិនដែលមានប្រើហ្នឹងគេ តែនិស្សិតស្រីមកពីខេត្តព្រៃវែងរូបនេះ បានប្រឹងជម្នះរហូតដល់បានក្លាយជាសិស្សពូកែជាងគេក្នុងចំណោមនិស្សិតវិទ្យាសាស្ត្រដទៃទៀតក្នុងមហាវិទ្យាល័យ ហើយថែមទាំងទទួលបានពានរង្វាន់មូលនិធិសាស្ត្រាចារ្យថេប និលនិធិ ផ្នែក Best Performance in Science with Highest Distinction ។
កាន់តែរំភើប លីនដានិងក្រុមការងារបានដណ្ដើមជ័យលាភីលេខ ១ ក្នុងចំណោម ១៦៨ក្រុមមកពីទូទាំងប្រទេស ក្នុងការប្រកួតមនុស្សយន្តសង្គ្រាម “Seacon War of Steel 4” អំឡុងពេលទៅហ្វឹកហាត់ការងារនៅ Department of Science Service ដែលស្ថិតនៅក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ថៃ។
ពីក្រោយភាពជោគជ័យទាំងអស់នេះ លីនដា បានឲ្យដឹងថា ខ្លួនតែងខិតខំប្រឹងរៀនសូត្រពីមនុស្សពូកែៗ រួមផ្សំនឹងភាពអំណត់ យកចិត្តទុកដាក់រៀនសូត្រ និងហ៊ានទទួលយកការប្រឈមថ្មីដើម្បីឲ្យខ្លួនឯងរីកចម្រើន។ បច្ចុប្បន្ន លីនដាកំពុងដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ Control Science and Engineering នៅប្រទេសចិន ដើម្បីសម្រេចក្ដីស្រមៃកាន់តែធំរបស់ខ្លួន ដែលចង់ក្លាយជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលអនាគត ។
ត្បិតធ្លាប់មានប្រវត្តិការសិក្សាមិនពូកែពីមុនមក តែយុវតី លីនដាអាចស៊ូជម្នះឈោងចាប់ជោគជ័យទាល់តែបាន។ តាមរយៈបទពិសោធន៍នេះ កញ្ញាក៏សូមលើកទឹកចិត្តដល់ យុវជនខ្មែរផ្សេងទៀតដែលកំពុងជួបការលំបាកក្នុងការសិក្សា កុំអាលបាក់ទឹកចិត្ត កុំបោះបង់ឲ្យសោះ ត្រូវបណ្ដុះនិស្ស័យព្យាយាមតស៊ូ ប្រឹងប្រែងដោយសុទិដ្ឋិនិយម និងជឿជាក់ថាខ្លួនអាចធ្វើបាន។ ហើយការទទួលកម្លាំងចិត្តជំរុញពីគ្រួសារពិតជាសំខាន់ខ្លាំងណាស់ ចំពោះយុវជនឲ្យចៀសឆ្ងាយពីបញ្ហាផ្លូវចិត្ត និងសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួន៕