វត្ថុបុរាណខ្មែរ បាន​មក​ដល់​ទឹក​ដី នៃប្រទេស​ដើម​វិញ​ហើយ​

  • 2019-07-05 03:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុត វត្ថុបុរាណ​តាំង​មុន​សម័យអង្គរ សម័យអង្គរ និង​ក្រោយ​សម័យ​អង្គរ បាន​វិលត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញហើយ​ ក្រោយ​ពី​ ជនជាតិជប៉ុន​ស្ម័គ្រចិត្ត​ប្រគល់​ឲ្យ​កម្ពុជា។ ពិធីប្រគល់​វត្ថុបុរាណ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ នៅ​សារមន្ទីរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ ខែកក្កដា ឆ្នាំ ២០១៩។

អ្នកចុះអត្ថលេខាទទួលខាងកម្ពុជា លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរ (រូបភាពខាងស្ដាំដៃ) ឯខាងជប៉ុន លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា (Fumiko Takakuwa)

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ការប្រគល់​នូវ​វត្ថុបុរាណ​ ៨៥មុខ/បំណែក នៅពេល​នេះ គឺជា​លើក​ទី ២ បន្ទាប់​ពី​ អ្នក​ស្រី​ហ្វូមីកូ តាកាកុវ៉ា និង​ស្វាមី បាន​ប្រគល់​វត្ថុបុរាណ​ម្ដង​រួច​មក​ហើយ​​កាល​ពី​លើក​មុន នូវ​ក្បាច់ចម្លាក់​ នៅភ្នំព្រះរាជ្យទ្រព្យ កាល​ពីពេល​កន្លងមក។ ទន្ទឹម​នឹង​ការប្រគល់​នូវ​វត្ថុបុរាណ​នេះ អ្នកស្រី​ហ្វូមីកូ តាកាកុវ៉ា ក៏​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥ពាន់ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​សារមន្ទីរ​ជាតិ​ខ្មែរ​ ផងដែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់​បានលើកឡើងថា៖ “គ្រប់ពេលវេលា ការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិ គឺជាការវិលមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្កលដ៏ឧត្តមរបស់ជាតិ។ ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណ​មក​កាន់ប្រទេសកំណើតវិញបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌"។

លោកជំទាវបានលើកឡើងទៀតថា ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់បុគ្គលឯកជនសារមន្ទីរ ក្រុមហ៊ុន ក៏ដូចស្ថាប័ននានាលើសកលលោកដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជានៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។

កម្ពុជាចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមតែបង្ហាញពីការចូលរួមលើកតម្លៃដល់វប្បធម៌ជាតិសាសនានីមួយៗប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរុំារ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្ម នៃអំពើប្រល័យពូជសាសន៍ ប៉ុល ពត។

គួរ​បញ្ជាក់​ថា ក្រសួង​វប្បធម៌ បាន​រៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរ ចំនួន៨៥មុខ/បំណែក ពីលោកស្រី ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន បានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាវិញ ដើម្បីឧទ្ទិសស្វាមីរបស់លោកស្រី គឺលោកបណ្ឌិតសាស្រ្តាចារ្យ ម៉ូរីហ្វូមី តាកាកុវ៉ា។ វត្ថុបុរាណទាំងនេះ ជាបដិមាព្រហ្មមញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វ ធ្វើពីសំរីទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរសម័យអង្គរ និងសម័យក្រោយអង្គរ។ អំណោយវត្ថុបុរាណទំង ៨៥មុខនេះ ត្រូវបាននាំតាមរយៈ លោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩៕

សូមទស្សនា នៃវត្ថុបុរាណខ្មែរ ដែល​បាន​មក​ដល់​សារមន្ទីរជាតិ ដូច​ខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា