ស៊ីញ៉ូភ្លាមបត់ភ្លាមម៉េចដែរ?

  • 2019-07-12 03:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ខឹង​​អាប៉ិមួយ​ស្រាប់តែ​ស៊ីញ៉ូភ្លាម​បត់​ភ្លាម​ហើយ​បាន​ធ្វើ​ឲ្យ​ញ៉ុម​ដួលម៉ូតូ​”។ វា​ជាសម្ដី​របស់​យុវជន​ម្នាក់​ឈ្មោះ​ សុខ​ រឿន​ ដែល​ធ្លាប់​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​សារ​តែ​ភាគីម្ខាង​ទៀត​​បើក​បរម៉ូតូ​​ ដោយ​ស៊ីញ៉ូភ្លាម​បត់​ភ្លាម​។  

Motor-Light Asign

 

សុខរឿន ​និយាយឆ្ការដៃឆ្ការជើង​បណ្ដើរ​ប្រាប់​ Sabay ថា កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ជួប​គ្រោះថ្នាក់​ក្នុងពេលបើក​បរម៉ូតូ​ ដោយ​ម៉ូតូ​ដែល​នៅមុខ​របស់​លោក​​ពេល​បត់​ទើប​ស៊ីញ៉ូ​ភ្លើង ដែល​ធ្វើ​ឲ្យ​លោក​​ចាប់​ហ្រាំង​មិនទាន់​។​ លោក​បន្ដថា “ញ៉ុម​បាន​ឃើញ​ញឹក​ញាប់​ណាស់​អ្នកបើកបរ​ប្រភេទ​នេះ ស៊ីញ៉ូ​ភ្លាម​បត់​ភ្លាម។  

យុវជន​ឈ្មោះ​ ដេត​ រស់​នៅ​ម្ដុំ​បឹង​ត្របែក​​បាន​រៀប​រាប់​ដែរ​ថា "ខ្ញុំក៏ធ្លាប់​ជួប​ប្រទះ​បញ្ហា​នេះដែរ​ ហើយ​ភាគច្រើន​ គឺ​អ្នក​រត់​ម៉ូតូឌុប​ និងម៉ូតូកង់បី”​។ លោក​បាន​និយាយ​ថា នៅគ្រា​ដែល​ម៉ូតូ​ឌុប​ឃើញ​ភ្ញៀវ​ ពួកគាត់​បាន​បត់​ភ្លាម​​ដើម្បី​ទៅ​ដណ្ដើម​ភ្ញៀវ​នោះ​។​  

អ្នកបើកបរម៉ូតូ​មួយ​រូប​ទៀត​ គឺកញ្ញា ​មុំ មូលី បាន​និយាយ​ដែរ​ថា អ្នក​បើក​បរ​បត់ភ្លៀម​មិនមើល​មុខក្រោយ​​ ឬស៊ីញ៉ូភ្លាមបត់​ភ្លាម​ គឺ​បង្កគ្រោះ​ថ្នាក់​ដល់ខ្លួន​ឯង​ផង និង​អ្នក​ដទៃផង ដែលធ្វើ​ឲ្យ​អ្នក​បើកបរទេ​នៅខាងក្រោយ​​មិន​អាចបញ្ឈប់​ម៉ូតូ​ទាន់​ ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​។​ កញ្ញា​បញ្ចេញ​ទស្សនៈ​ថា “ការបើក​បរ​បែប​នេះ គឺ​ជាការ​បើក​បរ​យានជំនិះ​ដែល​គ្មាន​សុជីវធម៌”។​  

ប្រជាពលរដ្ឋ​មួយរូប​ទៀត​ឈ្មោះ​សុផាត រស់​នៅ​ខាង​ក្រោយ​វិទ្យាល័យ​សន្ធរម៉ុក​​ បាន​និយាយ​ថា ការបើក​បរ​មិន​បាន​មើល​ឆ្វេង​មើល​ស្ដាំ​ ហើយ​បត់​ភ្លាម​បែប​នេះ គឺ​ជាប្រការ​មិន​ល្អនោះទេ​។ លោក​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​អ្នក​បើក​បរ​ស៊ីញ៉ូភ្លាម​បត់​ភ្លាម​ ក៏​មាន​​អ្នក​បើក​បរ​មួយ​ចំនួន​ទៀត​​ បត់​យានជំនិះ​ទាំង​ពុំ​បាន​ស៊ីញ៉ូ​ភ្លើង​ ឬងាក​​ឆ្វេង​ស្ដាំ​នោះឡើយ​។​ លោក​បាន​ចាត់​ទុក​ថា អ្នក​បរ​ទាំង​នេះ គឺជាដើម​ហេតុ​​នៃគ្រោះ​​ថ្នាក់​ចរាចរណ៍​។​  

យោង​តាម​របាយការណ៍​របស់​ប៉ូលិស​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មាន​ចំនួន​ ៤ ទៅ​ ៥ ​នាក់​ ក្នុង​១ថ្ងៃ។ ជនដែល​រងគ្រោះ​ភាគច្រើន​ជាអ្នក​បើកបរ​ម៉ូតូ​។  

ផ្អែក​តាម​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​​មាត្រា​ ២៦ បាន​ចែង​ថា មុន​នឹង​​ផ្លាស់​ប្ដូរ​​ទិសដៅ​​នៃ​យាន​របស់​ខ្លួន​​ដូច​ជា​ ក្នុង​ការ​បត់​ឆ្វេង​​ឬស្ដាំ​ពេល​ប្ដូរ​​គន្លង​ផ្លូវ​​ពេល​អែប​​ខាង​ ដើម្បី​ឈប់​ ឬ ចត​ អ្នក​បើក​បរ​ត្រូវ​បន្ថយ​ល្បឿន​​ និង​ត្រូវ​​ជឿជាក់​ជាមុន​ថា មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ ហើយ​ត្រូវ​ឲ្យ​សញ្ញា​យ៉ាង​ច្បាស់​​និង គ្រប់គ្រាន់​​ជា​ដំណឹង​​ដល់​អ្នក​ដទៃ​ ដែល​កំពុង​​ប្រើប្រាស់​​ផ្លូវ​នោះ​ដែរ។​  

នៅ​ពេល​ចេញ​ដំណើរ​ពី​ចំណត​​អ្នក​បើក​បរ​ត្រូវ​ឲ្យ​សញ្ញា​យ៉ាង​ច្បាស់​​ និង គ្រប់​គ្រាន់​ជា​ដំណឹង​​ដល់​អ្នក​ដទៃ​ដែល​កំពុង​​ប្រើប្រាស់​​ផ្លូវ​នោះ ដោយ​ត្រូវ​ជឿជាក់​ថា ការ​ចេញ​ដំណើរ​របស់​យានយន្ត​គ្មាន​បណ្ដាល​ឲ្យ​មានគ្រោះថ្នាក់​​ដល់​អ្នក​ដទៃ​ឡើយ​៕ 

 

Motor-Light-1

ចុះ! ប្រិយមិត្ត​ធ្លាប់​ជួប​ប្រទះ​រឿង​បែប​នេះ​ទេ ដែល​ម៉ូតូ​ខ្លះ​ស៊ីញ៉ូភ្លាម​បត់​ភ្លាម​?

សូមចុចអាន៖ ទៅផ្លូវ​ទេពផនប្រយ័ត្ន​ ស្ទះ​ចរាចរណ៍​

សូមចុចអាន៖ ស្ពាន​អ្នក​លឿង​បាន​តភ្ជាប់គ្នា​​ហើយ​!​

សូមចុចអាន៖ យប់​​​អីចឹង​​ចរាចរណ៍​​គល់​ស្ពាន​​អាកាស​ ៧​មករា​​ខុស​ពីពេល​​ថ្ងៃ​​យ៉ាង​ម៉េច​ដែរ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី