​អ្នក​ធ្វើ​នំ​ដូ​ណាត់​ជនជាតិ​ខ្មែរ​ម្នាក់នៅ​សហរដ្ឋ​អាមេរិក ល្បីដល់​ថ្នាក់​អតីត​ប្រធានាធិបតី W.Bush ឲ្យ​មេដាយ​

  • 2019-07-30 09:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ធ្វើ​នំ​ដូណាត់​ជនជាតិ​ខ្មែរ​ម្នាក់ គឺ​លោក ទិត្យ ង៉ូយ ត្រូវ​បាន​ផលិតករ​អាមេរិក​មួយ​ក្រុម បាន​សុំ​សិទ្ធិ​ថត​ជា​វីដេអូ​ឯកសារ​ប្រវត្តិ​​ស្ដី​ពី​ភាព​ជោគជ័យ​របស់​លោក​ក្នុង​ដំណើរ​ជីវិត​យូរ​អង្វែង​លើ​ការ​ផលិត​នំ​ដូណាត់​នៅ​សហរដ្ឋ​ដែល​សូម្បី​អតីត​ប្រធានាធិបតី​អាមេរិក ក៏​រំភើប​ចិត្ត​។

ខ្សែ​ភាពយន្ត​ឯកសារ​ប្រវត្តិ​នេះ ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា “The Donut King Ted Ngoy“ ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ។ មិន​មាន​ការ​បញ្ជាក់​លម្អិត​ថា សាច់​រឿង​យ៉ាង​ណា​ខ្លះ​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ត្រឹម​ថា គឺ​និយាយ​ពី​ការ​តស៊ូ​របស់​តួអង្គ​លោក ទិត្យ ង៉ូយ ដែល​ជា​ជនជាតិ​ខ្មែរ ធ្វើ​នំ​ដូណាត់​នៅ​សហរដ្ឋ​អាមេរិក រហូត​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​លើ​ទឹក​ដី​លោក ដូណាល់ ត្រាំ នេះ។

ហើយ​បើ​តាម​គម្រោង សាច់​រឿង​ខាង​លើ គ្រោង​នឹង​បញ្ចប់​ការ​ថត និង​ដាក់​បញ្ចាំង​នៅ​រយៈ​ពេល​មិន​យូរ​ខាង​មុខ ក្រោយ​ពេល​ដែល​ឈុត​ខ្លះ​នៃ​រឿង បាន​ថត​រួច​រាល់​នៅ​សហរដ្ឋ​អាមេរិក​ហើយ។ ដោយ​ឡែក​ឈុត​ខ្លះ​ទៀត គ្រោង​មក​ថត​បញ្ចប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ។ លោក ហ៊ុយ យ៉ា​ឡេង ដែល​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង ព្រម​ជា​អ្នក​សម្រប​សម្រប​ឲ្យ​លោក ទិត្យ ង៉ូយ ថ្លែង​ថា "នៅ​អាមេរិក​និយាយ​ពី​ការ​តស៊ូ​ធ្វើ​នំ​ដូណាត់​នោះ គឺ​ថត​ចប់​ហើយ ហើយ​មក​ថត​នៅ​យើង​នេះ គឺ​និយាយ​ពី​ខ្សែ​ជីវិត​គាត់​នៅ​ទី​នេះ កាល​ពី​តូច មុន​ទៅ​អាមេរិក​អី​ហ្នឹង វា​យ៉ាង​ម៉េច​ៗ​ខ្លះ!”។

និយាយ​ពី​លោក ទិត្យ ង៉ូយ លោក​ត្រូវ​បាន​និរទេស​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក នៅ​អំឡុង​ឆ្នាំ ១៩៧៥ ក្នុង​ពេល​លោក​មាន​មាន​វ័យ​ប្រមាណ​ជា ៣០​ឆ្នាំ ។ ទៅ​ដល់​ទឹក​ដី​គេ លោក​ក៏​បាន​ធ្វើ​ការ​ឲ្យ​គេ​ក្នុង​ហាង​នំ​ដូណាត់។ ៣​ខែក្រោយ​មក ដោយ​មើល​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ប្រសិទ្ធភាព​ការងារ បុរស​ជនជាតិ​ខ្មែរ​រូប​នេះ ក៏​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ថៅកែ ដោយ​ប្រគល់​តំណែង​ជា​អ្នក​គ្រប់គ្រង​ហាង​ដែល​សូម្បី​តែ​សាមី​ខ្លួន ក៏​មិន​នឹក​ស្មាន។

លោក ទិត្យ ង៉ូយ បាន​ដឹកនាំ​ហាង​នំ​ដូណាត់​របស់​ថៅកែ​បាន​ជោគជ័យ​បន្ត​បន្ទាប់ ស្រប​ពេល​លោក​ក៏​ជោគជ័យ​ដូច​គ្នា​ដែរ។ បុរស​វ័យ​ជាង ៧០​ឆ្នាំ ប្រាប់​ថា ជាមួយ​នឹង​ការ​ធ្វើ​ការ​ឲ្យ​គេ លោក​បាន​សន្សំ​លុយ​ខ្លះ រហូត​គ្រប់​ទិញ​បាន​ហាង​ដូណាត់​មួយ​មក​ជា​របស់​ផ្ទាល់ខ្លួន និង​បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ​មក​ធ្វើ​ជា​ថៅកែ​ខ្លួន​ឯង​វិញ។ ដោយ​មាន​បទ​ពិសោធន៍​ជោគជាំ និង​ច្បាស់​លាស់​លើ​កិច្ច​ការងារ​នេះ​ស្រាប់ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ក៍​អាច​ពង្រីក​សាខា​បាន​ជា​ច្រើន។

មក​ទល់​បច្ចុប្បន្ន តាម​លោក ទិត្យ ង៉ូយ លោក​ពង្រីក​សាខា​កើន​ដល់ ៦៧​ទី​តាំង​ហើយ និង​បាន​ទទួល​ឲ្យ​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​គេ​ឲ្យ​ធ្វើ​ការ​បាន​រាប់​រយ​នាក់ រហូត​ពួក​គេ​អាច​ក្លាយ​ជា​ថៅកែ​ដូច​លោក​ដែរ​ជា​បន្ត​បន្ទាប់។ លោក​ថា គិត​មក​ដល់​ពេល​នេះ ហាង​នំ​ដូណាត់​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ ៧០-៨០% គឺ​មាន​ថៅកែ​ជា​ជន​ជាតិ​ខ្មែរ។

សមិទ្ធផល​អស្ចារ្យ​ទាំង​នេះ តាម​លោក ហ៊ុយ យ៉ា​ឡេង សូម្បី​អតីត​ប្រធានាធិបតី​អាមេរិក​លោក George W. Bush ក៏​បាន​ប្រគល់​មេដាយ​ជូន​ដល់​បុរស​ជនជាតិ​ខ្មែរ​រូប​នេះ​ដែរ ព្រម​ឲ្យ​ឈ្មោះ​លោក​ទៀត​ថា "American Donat King”។ ក្រោយ​មក ជីវិត​តស៊ូ​របស់​លោក ង៉ូយ ជាមួយ​នំ​ដូណាត់ ត្រូវ​បាន​គេ​យក​មក​ចង​ក្រង​ជា​ប្រលោម​លោក មាន​ចំណង​ជើង​ថា "The Donut King Ted Ngoy” ដែល​មាន​ទាំង​ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ ហើយ​ប្រលោម​លោក​នេះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍ រហូត​ផលិតករ​អាមេរិក​មួយ​ក្រុម បាន​មក​សុំ​សិទ្ធិ​ផលិត​ជា​ភាពយន្ត​នា​ពេល​នេះ​ទៀត។

ភាពយន្ត​ឯកសារ​ប្រវត្តិ​របស់​ខាង​លើ​ស្ដេច​នំ​ដូណាត់​ជនជាតិ​ខ្មែរ​ខាង​លើ ត្រូវ​បាន​ចង​ក្រង​ជា​ភាពយន្ត​ខ្នាត​ធំ​ជាមួយ​ការ​ចំណាយ​ដែល​បាន​គ្រោង​ពី ៥០ម៉ឺន​ដុល្លារ​ទៅ​ដល់ ១លាន​ដុល្លារ​អាមេរិក​ឯណោះ។ ក្រោយ​ពី​ថត​ចប់ សាច់​រឿង​នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត។ យ៉ាង​ណា ខ្សែ​រឿង នឹង​ត្រូវ​យក​មក​ដាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក​ឬ​អត់​លោក ទិត្យ ង៉ូយ ប្រាប់​ថា មិន​ទាន់​ច្បាស់​នោះ​ទេ៕

អត្ថបទ៖ ទារិកា