ធនាគារ ABA នឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្មក្នុងទំហំទឹកប្រាក់សរុបចំនួន 128 ពាន់លានរៀល
- 2019-08-01 08:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA នឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្មក្នុងទំហំទឹកប្រាក់សរុបចំនួន 128 ពាន់លានរៀល
ចន្លោះមិនឃើញ
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ដែលជាធនាគារឈានមុខគេមួយក្នុង ចំណោមគ្រឹះស្ថានធនាគារនានានៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីរ៉ូដសូ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុង គោលបំណងជូនជាដំណឹងអំពីការធ្វើបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (សញ្ញាបណ្ណ ABA) ក្នុងទំហំទឹកប្រាក់សរុបចំនួន 128 ពាន់លានរៀល (32 លានដុល្លារអាមេរិក) នាពេលខាងមុខនេះ។
សញ្ញាបណ្ណ ABA នឹងក្លាយជាមូលបត្របំណុលទីមួយ ដែលត្រូវបានបោះផ្សាយ ដោយធនាគារពាណិជ្ជនៅក្នុង ប្រទេសកម្ពុជា។ ហើយវាក៏ជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសង កម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global Ratings ផងដែរ។ មួយផ្នែកធំ នៃសញ្ញាបណ្ណនេះ នឹងត្រូវធ្វើបរិវិសកម្ម ដោយវិនិយោគិនស្ថាប័នក្នុងស្រុក ហើយផ្នែកដែលនៅសល់ នឹងត្រូវបានបម្រុងទុកសម្រាប់វិនិយោគិនរូបវន្តបុគ្គល ដែលមានបំណងចង់វិនិយោគលើសញ្ញាបណ្ណនេះ។
ធនាគារ ABA មានគោលបំណងប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណ សម្រាប់ចំណាយ លើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន។ ហើយឥណទានទាំងនោះ នឹងជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចនិងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លក្ខខណ្ឌសំខាន់ៗនៃ “សញ្ញាបណ្ណ ABA”៖
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញ មូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ។
អំពីធនាគារ ABA៖
ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញ ជូនដល់អតិថិជន រួមទាំងសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គលជាដើម។
គិតមកដល់ត្រឹមថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន 3.36 ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យខ្លួន ក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ 2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទានកម្រិត “B” ពី Standard and Poor’s (S&P) Global Ratings។ ហើយក្នុងឆ្នាំ 2018 S&P បានអះអាងជាថ្មីនូវចំណាត់ឥណទាននេះជាមួយនឹងទស្សនវិស្ស័យ “វិជ្ជមាន”។
ធនាគារ ABA ក៏បានទទួលពានរង្វាន់ “ធនាគារល្អបំផុតនៅកម្ពុជា” ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ពីទស្សនាវដ្ដីធំៗដូចជា The Banker, Euromoney និង Global Finance។
ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម។
អំពី SBI Royal Securities៖
SBI Royal Securities គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែប រួមមាន ការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើងសាមូលបត្រផងដែរ។ នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុន SBI Royal Securities ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយ Asiamoney magazine។
បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ2010 SBI Royal Securities ជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុន ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើប្រតិបតិ្តការអាជីវកម្មមូលបត្រ។
SBI Royal Securities បានបំពេញនូវប្រតិបត្តិការជាច្រើនដែលរួមមាន IPO of the Port of Sihanoukville (CSX: PAS), the IPO of Phnom Penh Special Economic Zone (CSX: PPSP), និង សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជា ដែលបោះផ្សាយដោយហត្ថាកសិករលីមីតធីត (SX: HKL21A)។
សម្រាប់ព័ត៌មានបន្ថែម៖
លោក សេង ចាន់ធឿន នាយកគ្រប់គ្រង – នាយកផ្នែកហិរញ្ញវត្ថុសាជីវកម្ម ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី ទូរស័ព្ទ៖ +855 23 999 595 ទូរស័ព្ទដៃ៖ +855 16 925 259 / +855 77 333 629 អ៊ីមែល៖ tseng@sbiroyal.com វិបសាយ៖ www.sbiroyal.com
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិ ធនាគារ ABA ទូរស័ព្ទ៖ +855 98 203 512 ទូរស័ព្ទដៃ៖ +855 98 630 168 អ៊ីមែល៖ zhiger@ababank.com វិបសាយ៖ www.ababank.com