Malcom បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Barca ក្រោយ​រួម​រស់​បាន​តែ​ ១​ឆ្នាំ

  • 2019-08-02 14:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Malcom បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Zenit St. Petersburg ដោយ​ចុះ​កុងត្រា​រយៈពេល ៥​ឆ្នាំ នេះ​បើ​តាម​ការ​ប្រកាស​របស់​បណ្ដាញសង្គម​ផ្លូវការ​របស់​ក្លឹប​រុស្ស៊ី​មួយ​នេះ។

យ៉ាងណាមិញ តម្លៃ​ផ្ទេរ​ចេញ​ពី​ក្លឹប Barcelona មិន​មាន​ប្រកាស​ផ្លូវការ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Zenit ចំណាយ​ជាង ៤៤​លាន​ដុល្លារ ដើម្បី​ទិញ​យក​កីឡាករ​ប្រេស៊ីល​រូប​នេះ។

រូបភាព៖ Zenit

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​លេង​ក្នុង​ក្លឹប​កាតាឡាន់​បាន​តែ​មួយ​រដូវ​កាល​ទេ ដោយ​បាន​បង្ហាញ​ខ្លួន​បាន ២៤​ដង និង​រកគ្រាប់​បាល់​បាន ៤​គ្រាប់។

គួរ​រម្លឹក​ផង​ដែរ​ថា Barcelona បាន​នាំ​ចូល​កីឡាករ​រូប​នេះ នៅ​ខែ​កក្កដា​ឆ្នាំ២០១៨ ដោយ​បាន​ដាក់​សំណើ​តម្លៃ ៤៥​លាន​ទៅ​កាន់​ក្លឹប​បារាំង​ Bordeaux ក្រោយ​ពេល​ដែល​ក្លឹប​បារាំង​មួយ​នេះ​បាន​ព្រមព្រៀង​ក្រៅ​ផ្លូវ​ការ​ជាមួយ Roma ក្នុង​តម្លៃ​ ៤៤​លាន​ដុល្លារ​៕

ប្រភព៖ Zenit Football Club

អត្ថបទ៖ ហ៊ីម រស្មី