រឿងធំៗ កើតមានក្ដៅគគុក នៅខេត្តព្រះសីហនុ ក្នុងសប្ដាហ៍នេះ
- 2019-08-09 02:59:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងធំៗ កើតមានក្ដៅគគុក នៅខេត្តព្រះសីហនុ ក្នុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
- ជំនន់ទឹកភ្លៀង
- ដាច់ផ្លូវ ផ្អាកចរាចរណ៍
- អាគារខ្ពស់៩ជាន់ទើបសង់រួច ប្រេះស្នាម
- ការទម្លាក់យីហោរបស់កឺកឺ សរសេរអក្សរខុសបច្ចេកទេស
រឿងសំខាន់ខាងលើនេះ បានកើតមានឡើងនៅក្នុងសប្ដាហ៍នេះ នៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឲ្យកក្រើកនៅលើបណ្ដាញសង្គម និងបណ្ដាសារព័ត៌មានមួយចំនួន ដែលបានចេញផ្សាយជាហូហែរ។
- ជំនន់ទឹកភ្លៀង
ជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះសីហនុ បានក្លាយទៅជាប្រធានបទក្ដៅគគុកមួយនៅក្នុងសប្ដាហ៍នេះ។ ជំនន់ទឹកភ្លៀងក៏បានបង្ខំឲ្យអគ្គិសនីខេត្តព្រះសីហនុ សម្រេចចិត្តផ្អាកចរន្តអគ្គិសនី នៅវេលាម៉ោង ១រំលងអធ្រាត ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩។ ការផ្អាកចរន្តអគ្គិសនីនេះ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ នៅអំឡុងជំនន់ទឹកភ្លៀង។
- សមត្ថកិច្ចបញ្ចេញកម្លាំងទាំងយប់
នៅយប់ថ្ងៃដដែល ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជូន កងកំលាំងអន្តរាគមន៌ ស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ ចេញទៅអន្តរាគមន៌ កន្លែងជន់លិចទឹកភ្លៀង នាយប់ថ្ងៃទី០៨ សីហា ២០១៩ វេលាម៉ោង ២៤.00។
- អំពីស្ថានភាពភ្លៀង និងជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ និងកោះកុង
ខេត្តព្រះសីហនុនៅតែប្រឈមនឹងការជន់លិច ដោយសារឥទ្ធិពលភ្លៀង។ បន្ថែមលើខេត្តមួយនេះ ក៏មានខេត្តកោះកុង បណ្តាខេត្តនៅភាគខាងកើតជាប់ព្រំប្រទល់ប្រទេសវៀតណាម អាចនៅមានបន្ត ខណៈលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រអាចមានកម្ពស់ ១ ទៅ ២ម៉ែត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា ឆ្នាំ២០១៩។
រូបភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ
- ឥទ្ទិពលជំនន់ទឹកភ្លៀង កាត់ផ្ដាច់ផ្លូវដោយអន្លើ នៅខេត្តព្រះសីហនុ
យោងតាមសេចក្ដីរាយការណ៍ពី លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ នៅក្នុងសប្ដាហ៍នេះដែរ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទឹកហូរច្រោះបាក់ផ្លូវ ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិនរង់ចាំជំនាញមកពិនិត្យ និងធ្វើការជួសជុលឡើងវិញ។
- អាគារខ្ពស់៩ជាន់ទើបសង់រួច ប្រេះស្នាម
នៅក្នុងសប្ដាហ៍នេះដែរ មន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងមន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យអាគារមួយ ដែលមានកម្ពស់៩ជាន់ទើបសាងសង់រួចរាល់ ប៉ុន្ដែមានស្នាមប្រេះនៅតាមបន្ទប់មួយចំនួន ហើយខ្លះថា ទ្រេតផង។ អាគារមួយនេះ ស្តិនៅភូមិ៤ សង្កាត់ ៤ ខណ្ឌ/ក្រុង ព្រះសីហនុ។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ Sabay តាមទូរសព្ទថា ក្រោយពីទទួលបានដំណឹងភ្លាម ខាងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ឥលូវនេះ ខាងមន្រ្តីជំនាញ របស់ក្រសួងដែនដី បានដាក់ម៉ាស៊ីនវាស់ អំពីកម្រិតស្ដង់ដាររបស់អាគារនេះ ដែលលទ្ធផលរាល់ ៣ម៉ោង មានចម្លើយម្ដង។ «ដូច្នេះយើងមិនទាន់សន្និដ្ឋានបែបណានៅឡើយទេ យើងកំពុងពិនិត្យ និងសិក្សាអំពីបច្ចេកទេសនៅឡើយ»។
- ការទម្លាក់យីហោរបស់កឺកឺ សរសេរអក្សរខុសបច្ចេកទេស
ក្នុងចំណោមយីហោជាច្រើនដែលបានទម្លាក់ គឺមានយីហោមួយរបស់ហាងចិន ដែលបានដាក់ឈ្មោះថា «ភោជនីយដ្ឋាន ទ្វារមាស» បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងចូលរួម Comment និង Share ច្រើននៅក្នុងសប្ដាហ៍នេះ។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ Sabay ថា «យើងបានអប់រំដល់ម្ចាស់ហាង និងបានតម្រូវឲ្យម្ចាស់ហាងធ្វើការស្នើសុំលើកផ្លាកសារថ្មី នៅការិយាល័យច្រកចេញចូលតែមួយ»។
ប្រភពរូប៖ ហ្វេសបុក និង មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ