គ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី ព្រមាន​ពី​ការ​រីកចម្រើន​ក្រុម​បាល់ទាត់​អាស៊ាន

  • 2019-08-18 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Brad Maloney សញ្ជាតិ​អូស្រ្តាលី និង ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៨ ឆ្នាំ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​សារភាព​ថា​ក្រុម​អាស៊ីអាគ្នេយ៍​កំពុងតែ​ចាប់ផ្តើម​រីក​ចម្រើន​ដូច​មហាអំណាច​បាល់ទាត់​អាស៊ី​ហើយ។

លោក ម៉ាឡូនី ( Maloney)​ ទើប​​តែ​បាន​ដឹកនាំ​ក្រុម​ម៉ាឡេស៊ី​បំបាក់​ជម្រើស​ជាតិ​អូស្រ្តាលី​ខ្លួន​ឯង ០-៣ នៅ​វគ្គ group stage ក្នុង​ពាន​រង្វាន់ AFF U-18 ដែល​កម្ពុជា​ទើប​ឈ្នះ​ថៃ និង វៀតណាម​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​ក្នុង​ពិភពបាល់ទាត់។

ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​អូស្ត្រាលី theworldgame.sbs.com លោក​ម៉ាឡូនី​បាន​និយាយ​ថា​នេះ​ គឺ​ជា​សញ្ញា​ព្រមាន​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី (FFA) លើការ​វិនិយោគ និង ការ​ប្តេជ្ញាចិត្ត​ដែល​ទាមទារ​ដើម្បី​បន្ថែម​ល្បឿន ស្រប​ពេល​ដែល​ក្រុម​អាស៊ាន​កំពុងរីកចម្រើន។

អតីត​ខ្សែ​បម្រើ​ក្លឹប Perth Glory បាន​បន្ថែម​ថា ក្រុម​អាស៊ាន​ចាប់ផ្តើម​បន្ថយ​គំលាត​កាន់​តែ​ខ្លាំង​ហើយ​ជាមួយ​ក្រុម​មហាអំណាច​បាល់ទាត់​អាស៊ី។

“ខ្ញុំ​គិត​ថា ក្រុម​នៅ​អាស៊ាន​​មិន​អាច​មើល​រំលង​បាន​ទៀត​ទេ។ មាន​កីឡាករ​ល្អៗ​ជា​ច្រើន​នៅ​ទីនេះ ដែល​​​មនុស្ស​ភាគច្រើន​មិន​ទាន់​បាន​ដឹង​ពី​សមត្ថភាព​ពួកគេ"។

គ្រូ​បង្វឹក​ក្រុម​ជើង​ឯក ២០១៨ បន្ត​ថា ការ​ដឹកនាំ​ម៉ាឡេស៊ី​ផ្តួល​ប្រទេស​កំណើត​ខ្លួន​ឯង​គឺ​ជា​ "រឿង​ហួសហេតុ" ប៉ុន្តែ​លោក​ត្រូវ​តែ​ធ្វើ​ព្រោះ​​វា​ជា​តួនាទី។

ម៉ាឡេស៊ី​នឹងជួបអូស្រ្តាលី​ម្តង​ទៀត ដើម្បី​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​ថ្ងៃ​ទី១៩ ខែសីហា វេលា​ម៉ោង ៧:៣០​នាទី​ល្ងាច​​ស្អែក​នេះ ក្រោយ​ពួកគេ​យក​ឈ្នះ​ឥណ្ឌូណេស៊ី និង ភូមា​​រៀងៗខ្លួន។ តើ​អូស្ត្រាលី​អាច​សងសឹក​​លើ​ម៉ាឡេស៊ី​បាន​ក្រោយ​ចាញ់​ធ្ងន់ធ្ងរ​​ថ្មីៗ​នេះ​បាន​ឬ​ទេ? ហើយ​ម៉ាឡេស៊ី​អាច​ការពារ​តំណែងជើង​ឯក​​​របស់​ខ្លួន និង ​ក្នុង​នាម​ជា​ប្រទេស​អាស៊ាន​អាច​បន្ត​ឈ្នះ​​ក្រុម​​មហាអំណាច​បាល់ទាត់​អាស៊ី​​អូស្រ្តាលី​បាន​ដែរ​ឬ​ទេ?

ប្រភព៖ New Straits Times   ប្រែ​សម្រួល៖ សុខ លាងហ៊ត