ទុក​សក់​១៨​ឆ្នាំ បាន​ប្រវែង​២.៥​ម៉ែត្រ គេ​សុំ​ទិញ​១៥០០០​ដុល្លារ តែ​មិន​ខ្ចី​លក់

  • 2019-08-19 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រង​សក់​ក្បាល​ដែល​មាន​តម្លៃ​ខ្ពស់​ពពក​របស់​នារី​មក​ពី​ចិន​ម្នាក់​នេះ ក្រៅ​ពី​មាន​តម្លៃ​ថ្លៃ​ហើយ ក៏​ធ្លាប់​ប៊ិះ​ធ្វើ​ឲ្យ​អ្នក​បើក​ឡាន​បាត់​បង់​ជីវិតដូច​គ្នា​ដោយ​សារ​តែ​ងាក​មើល​យូរ​ពេក។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Kankanews របស់​ចិន​បាន​ចុះ​ផ្សាយ​ថា នារី​មួយ​រូប​ឈ្មោះ Feng Gao Fei រស់​នៅ ស្រុក Li Shui ខេត្ត Zhe Jiang ដែល​កំពុង​មាន​សក់​ប្រវែង​២​ម៉ែត្រ​កន្លះ កំពុង​តែ​ល្បី​កក្រើក។ តាម​នោះ​ដែរ នារី​រូប​នេះ​មិន​បាន​កាត់​សក់​របស់​ខ្លួន​តាំង​ពី​រៀន​ចប់​វិទ្យាល័យ​មក​ម៉្លេះ។

ខុស​ពី​មនុស្ស​ធម្មតា​ដែល​តែង​កក់​សក់​នៅ​ក្នុង​បន្ទប់​ទឹក​នោះ រាល់​ពេល​កក់​សក់​ម្ដង​ៗ Gao Fei ត្រូវ​ទៅ​កក់​សក់​នៅ​ទន្លេ​ជិត​ផ្ទះ ព្រោះ​បន្ទប់​ទឹក​តូច​ពេក​ផ្ទុក​សក់​នាង​​មិន​បាន ហើយ​រាល់​ពេល​កក់​ម្ដង​ៗ ក៏​ចំណាយ​ពេល​ច្រើន​ជាង​អ្នក​ដទៃ​ខ្លាំង​ផង​ដែរ គឺ​ប្រមាណ​១​ម៉ោង។

ទោះ​បី​ជា​ពេញ​ចិត្ត​នឹង​សក់​វែង​របស់​ខ្លួន​ក៏​ដោយ តែ​នារី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ក៏​ជួប​រឿង​ពិបាក​មិន​តិច​ដែរ ព្រោះ​រាល់​ព្រឹក​មុន​ចេញ​ធ្វើ​ការ គឺ​នាង​ត្រូវ​ងើប​ពី​ភ្លឺ​ព្រោះ​រយៈ​ពេល​សិត និង​បួង​សក់​នោះ​គឺ​អស់​ពេល​ជិត​១​ម៉ោង​ទៅ​ហើយ។ នាង​បាន​បន្ថែម​ថា ដោយ​សារ​តែ​សក់​វែង​របស់​ខ្លួន ក៏​ធ្លាប់​ធ្វើ​ឲ្យ​តៃកុង​ឡាន​មួយ​ចំនួន​ជួប​គ្រោះ​ថ្នាក់​ផង​ដែរ ដោយ​សារ​តែ​រវល់​មើល​សក់​នាង ភ្លេច​មើល​ខាង​មុខ។

​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ធ្លាប់​មាន​មជ្ឈ​មណ្ឌល​សក់​សុំ​ទិញ​សក់​របស់​នាង​វិញ​ក្នុង​តម្លៃ​ដល់​ទៅ១០​ម៉ឺន​យាន់ (១៥០០០​ដុល្លារ) ដើម្បី​យក​ទៅ​តាំង​ តែ​នាង​បាន​និយាយ​ថា​ទោះ​ខ្ពស់​ជាង​នេះ​ក៏​នាង​មិន​កាត់​លក់​ដែរ ព្រោះ​នាង​បាន​ទុក​អស់​១៨​ឆ្នាំ​ទៅ​ហើយ៕

ចុចអាន៖ ​ សាកធ្វើ​ម៉ូដសក់​ទាំងនេះ​មើល ច្បាស់ជាឃើញ​មុខ​ក្មេង​ហើយ CUTE​ ទៀត

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel