គ្រូស្វាយរៀង៖ ប្រាប់ពីចំនួនប្រកួត ដែល​ធ្វើ​ឱ្យ​ក្រុម​អាច​លើក​ពាន​លីគ​បាន​

  • 2019-08-25 02:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​សប្តាហ៍ទី២១ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៩​ ក្លឹប​បាល់ទាត់​ស្វាយរៀង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ទេ​​ ដោយ​​ក្រុម​នេះ​បាន​ឈ្នះ​បន្ត​ទៀត​ទៅលើ​​ក្រុម​ បឹងកេត​ ក្នុង​លទ្ធផល​២-១ នៅ​កីឡដ្ឋាន​ ខេមបូឌា អ៊ែវេ។ ​​

លោក Conor Nestor ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ស្វាយ​រៀង​បាន​និយាយ​ថា៖ «ក្រុម​ខ្ញុំ​ចាំ​បាច់​ត្រូវ​ការ​ឈ្នះ​៣ប្រកួត​ទៀត​ ដូច្នេះ​ក្រុម​ដែល​នៅ​សល់​ពួក​គេ​នៅ​មាន​ឱកាស​នៅ​ឡើយ​ជា​ពិសេស​នោះ​គឺ​ក្រុម​ដែល​ស្វាយរៀង​នឹង​ត្រូវ​ជួប។ ក្រុម​ខ្ញុំ​នឹង​នៅ​តែ​ធ្វើ​ការ​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង​បន្ត​ទៀត​​ បើ​មិន​ដូច្នេះ​ទេ​មិន​​អាច​សម្រេច​ក្ដី​ស្រមៃ​បាន​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ពួក​គេ​អាច​ធ្វើ​បាន​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​សម្រេចក្ដី​ស្រមៃ​​របស់​អ្នក​គាំទ្រ​គឺ​នាំ​ពាន​ទៅ​កាន់​ខេត្ត​ស្វាយ​រៀង។ ខ្ញុំ​និង​ក្រុម​ការងារ​​ទាំង​មូល​យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត​ ហើយ​យើង​​​ជឿជាក់​ថា​យើង​អាច​ធ្វើ​បាន​»។

​បឹងកេត បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​នៅនាទី៣០ ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​លេខ២៧ Julius Oiboh ប៉ុន្តែ២ នាទី​ក្រោយ​ប៉ុណ្ណេះ ពោល​គឺ​នៅ​នាទី៣២ ស្វាយរៀង​បាន​វាយបក​វិញ​ភ្លាមៗ​ដោយ​លេខ១០ PRIVAT។ ក្នុង​វគ្គ​ទី​២ ក្រុម​ទាំង២​បាន​បន្ត​ដាក់​សម្ពាធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​ការ​ប្រកួត​រឹត​តែ​ជក់​ចិត្ត​ក្រោម​ក្រសែភ្នែក​អ្នក​គាំទ្រ​ជាង​២ពាន់នាក់ ប៉ុន្តែ​នៅ​នាទី៦៤​ ស្វាយ​រៀង​បាន​ទាត់​បាល់​ Free-kick ចូល​យ៉ាង​ស្អាត​ដោយ​កីឡាករ​បម្រុង​លេខ​២៣ នេន សុធារដ្ឋ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​ធ្វើ​ឲ្យ​ស្វាយរៀង​បន្ត​កំណត់​ត្រា​មិន​ដែលចាញ់​របស់​ខ្លួន​ក្នុង​រយៈ​ពេល​២១ សប្ដាហ៍​កន្លង​មក៕

អត្ថបទ៖ សូវៀត