ចំណាយពេល៦ឆ្នាំ សម្ភាសមហាសេដ្ឋី២១នាក់ អ្នកនិពន្ធម្នាក់រកឃើញចម្លើយទៅនឹងសំណួរ "តើមហាសេដ្ឋីមានសុភមង្គលឬអត់?”
- 2019-09-01 08:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេល៦ឆ្នាំ សម្ភាសមហាសេដ្ឋី២១នាក់ អ្នកនិពន្ធម្នាក់រកឃើញចម្លើយទៅនឹងសំណួរ "តើមហាសេដ្ឋីមានសុភមង្គលឬអត់?”
ចន្លោះមិនឃើញ
Rafael Badziag បានសម្ភាសមហាសេដ្ឋី ២១ រូបដើម្បីសរសេរសៀវភៅរបស់គាត់ដែលមានចំណងជើងថា “The Billion Dollar Secret”។
ជាសហគ្រិន ជាវាគ្មិនដ៏ល្បីរបស់កម្មវិធី TED និង ជាអ្នកនិពន្ធដែលទទួលបានពានរង្វាន់ លោក Rafael Badziag បានរៀបរាប់ថា ជាទូទៅមនុស្សតែងមានគំនិតសន្មតនិយមចំពោះអ្នកមានលុយតែបញ្ហា២គត់ទី១ "លុយនឹងធ្វើឲ្យអ្នកសប្បាយចិត្ត" ទី២ពួកគេតែងនិយាយថា "មហាសេដ្ឋីទាំងនោះកម្សត់ណាស់ ពួកគេមានលុយ តែមិនសប្បាយចិត្តទេ"។
ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវជាងកន្លះទសវត្ស អ្នកនិពន្ធខាងលើបានសន្មតជារួមថា "អ្វីដែលខ្ញុំរកឃើញនៅក្នុងការស្រាវជ្រាវរបស់ខ្ញុំគឺថា លុយមិនបានផ្លាស់ប្តូរច្រើនអំពីលទ្ធភាពដែលឲ្យអ្នករីករាយទេ វាគ្រាន់តែលើកកម្ពស់បុគ្គលិកលក្ខណៈរបស់អ្នកប៉ុណ្ណោះ"។
“មនុស្សរីករាយនឹងកាន់តែរីករាយពេលមានលុយ ហើយមនុស្សតែងអោបទុក្ខនឹងកាន់តែវេទនាផ្លូវចិត្តពេលពួកគេមានទ្រព្យសម្បត្តិ"។
“លុយមិនបានផ្ដល់សុភមង្គលឲ្យអ្នកទេ។ វាឲ្យអ្នកនូវជម្រើស។ លុយកាន់តែច្រើន ផ្ដល់ឲ្យអ្នកនូវជម្រើសកាន់តែច្រើន។ ប៉ុន្តែមិនមែនអ្នកមានទាំងអស់សុទ្ធតែអាចគ្របគ្រងជម្រើសនោះបានទេ"។
“ដូច្នេះ តើមហាសេដ្ឋីរីករាយឬអត់? ចម្លើយដ៏ខ្លីគឺ ប្រាកដជារីករាយ ប៉ុន្តែមិនមែនដូចហេតុផលដែលអ្នកគិតនោះទេ"។
អ្នកជំនាញរូបនោះរៀបរាប់លម្អិតនូវ៣ចំណុចដែលធ្វើឲ្យពួកមហាសេដ្ឋីរីករាយ៖
ទី១ លុយរបស់មហាសេដ្ឋីជួយកសាងទំនាក់ទំនងរីករាយសម្រាប់ពួកគេ
អ្នកជំនួញទាំងនោះ ទម្រាំបានក្លាយទៅជាមហាសេដ្ឋី ពួកគេវិនិយោគ ពេលវេលា ថាមពល និង ការប្រឹងប្រែងស្ទើរ២៤ម៉ោងលើ៧ថ្ងៃ លែងស្គាល់អ្វីទៅដែលហៅថាពេលវេលាឯកជន ហើយពួកគេតែងឯការស់នៅជាមួយបញ្ហា។
ទន្ទឹមនឹងនោះ មហាសេដ្ឋីភាគច្រើនគឺជាអ្នកជំនាញផ្នែកចិត្តវិទ្យា ដែលអនុញ្ញាតឱ្យពួកគេបង្កើតទំនាក់ទំនងរយៈពេលវែងប្រកបដោយការចុះសម្រុងគ្នា និង រួមចំណែកដល់សុភមង្គលពួកគេ។ ដូច ជេក ម៉ា ជាដើមមហាសេដ្ឋីភាគច្រើនពូកែនិយាយពាក្យលើកទឹកចិត្ត ធ្វើឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់។
ទី២ មហាសេដ្ឋីចូលចិត្តការងារ និង ឱកាសដែលពួកគេបង្កើត
ពួកគេរីករាយនឹងអាជីវកម្ម និង ឧស្សាហកម្មដែលពួកគេមាន។ តាមធម្មជាតិនេះនឹងធ្វើឱ្យអ្នករីករាយជាងធ្វើការងារដែលអ្នកមិនចូលចិត្ត។ ហើយមហាសេដ្ឋីមានសេរីភាពក្នុងន័យថា ពួកគេធ្វើការមិនមែនដោយសារតែពួកគេត្រូវតែធ្វើនោះទេ ប៉ុន្តែដោយសារតែពួកគេចូលចិត្តធ្វើវា ហើយយល់ថាវាសំខាន់។
សមត្ថភាព និង ទ្រព្យសម្បត្តិរបស់ពួកគេផ្ដល់ឱ្យពួកគេនូវជម្រើសច្រើនដើម្បីកែស្ថានភាពអវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ និង បង្កើតលទ្ធផលវិជ្ជមាន។
មហាសេដ្ឋីគឺជាអ្នកបង្កើត។ ពួកគេអាចធ្វើអ្វីមួយឲ្យកើតឡើង។ ពួកគេមានឥទ្ធិពលជាវិជ្ជមានទៅលើជីវិតអ្នកដទៃ។
ទី៣ មហាសេដ្ឋីអនុវត្តទម្លាប់បង្កើតសុភមង្គល
វាស្តាប់ទៅរាងសន្មតនិយមបន្តិច តែជាការពិតមិនអាចប្រកែកបាន។ មហាសេដ្ឋីភ្លក់នូវរាល់រសជាតិជីវិតមុនពេលដែលពួកគេមានបាន។ និយាយបែបផ្សេង អ្នកមានអាចធ្វើឲ្យជីវិតពួកគេរស់ក្នុងភាពសាមញ្ញ។
Peter Hargreaves នៅតែបន្តទម្លាប់ដាំស្ពៃរបស់គាត់ ហើយនេះជាក្តីសុខរបស់មហាសេដ្ឋីជនជាតិអង់គ្លេសរូបនេះ។
ចុងក្រោយអ្នកជំនាញរូបនោះណែនាំឲ្យបំភ្លេចចរិត និង ទម្លាប់របស់មហាសេដ្ឋី ហើយមកគិតអំពី ជំនឿ សុទិដ្ឋិនិយម បំណងក្នុងការដើរតាមបេសកកម្មផ្ទាល់ខ្លួន ថែសុខភាពខ្លួនឲ្យល្អ ធ្វើខ្លួនឲ្យសកម្ម ធ្វើជាខ្លួនអ្នក ព្រោះវាជាកម្មសិទ្ធិរបស់អ្នក ដោយមិនចាំបាច់ខ្វល់ទៅធ្វើឲ្យដូចអ្នកដទៃ ធ្វើខ្លួនឲ្យមានប្រយោជន៍សម្រាប់អ្នកដទៃ និង មានប្រយោជន៍សម្រាប់ខ្លួនឯង នោះហើយជាសុភមង្គល៕
អាន៖ ន័រវែសសង់បង្គន់សាធារណៈស្អាតជាងគេលើលោក ហើយនេះជាមូលហេតុ