ខំទប់យ៉ាងណាក៏នៅធ្លាយ ឈ្មោះផ្លូវការ iPhone ចេញសប្ដាហ៍ក្រោយ

  • 2019-09-04 07:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសារ​ផ្ទៃ​ក្នុង​​មួយ​បាន​លេច​​ធ្លាយ​ឡើង​ ដែល​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​អំពី​ផលិតផល​ថ្មីៗ​ដែល Apple ត្រៀម​នឹង​ប្រកាស​ចេញ​ ក្នុង​នោះ​រួម​មាន​ឈ្មោះ និង​កាល​បរិច្ឆេទ​បញ្ចេញ iPhone, Apple Watch និង iPad និង​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ iOS ផង​ដែរ។

ឯកសារ​ដែល​លេច​ធ្លាយ​នេះ​ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា "Apple Software Development Resources” បង្កើត​ឡើង​សម្រាប់​បុគ្គលិក​ Apple, ក្រុម​វិស្វករ​របស់ Apple, ផ្នែក​លក់​រាយ និង​​អ្នក​ម៉ៅ​ការ​សេវាកម្ម​ Apple។ ឯកសារ​នេះ​ទទួល​បាន​ដោយ​គណនី AppleBeta2019 ដែល​កន្លង​មក​ធ្លាប់​ផ្ដល់​ព័ត៌មាន​ត្រូវ​អំពី Apple។

វិបសាយ​ AppleInsider បាន​ពិនិត្យ​មើល​ឯកសារ​ចំនួន ១០ ទំព័រ​រួច​ ដែល​បង្ហាញ​ថា​ Apple នឹង​ប្រកាស​ចេញ iPhone ថ្មី​ចំនួន​​៣ ដែល​នឹង​ឲ្យ​ឈ្មោះ​ថា​ "iPhone 11” “iPhone 11 Pro” និង "iPhone 11 Pro Max” ដែល​វា​មាន​កូដ​សម្គាល់ "N104” “D42” និង "D43”។ iPhone 11 រំពឹង​ថា​ជា​អ្នក​ស្នង​តំណែង iPhone XR ហើយ​ 11 Pro និង 11 Pro Max ស្នង​តំណែង XS/XS Max។

ស្មាតហ្វូន​ថ្មីៗ​ទាំង​បី​នឹង​ចេញ​លក់​ដោយ​មាន​ដំឡើង​មក​ស្រាប់​នូវ iOS 13.1.0 ដែល​ប្រភេទ​ Beta នៃ iOS ជំនាន់​នេះ ត្រូវ​បាន​ Apple ​​បញ្ចេញ​កាល​ពី​សប្ដាហ៍​មុន។

​ក្នុង​ឯកសារ​មាន​ឲ្យ​តម្រុយ​អំពី​​ការ​ចេញ​លក់​ស៊េរី​ iPhone 11 នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ដោយ​អ្នក​ប្រើ​ប្រាស់​នឹង​អាច​ដំឡើង iOS 13 ប្រភេទ​ផ្លូវ​ការ​បាន​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា។ ការ​អាប់ដេត​ដំឡើង​សុវត្ថិភាព​នឹង​បញ្ចេញ​នៅ​ថ្ងៃ​បន្ទាប់ ចំណែក iOS 13.1 នឹង​បញ្ចេញ​ជា​សាធារណ​នា​ខែ​តុលា។

​​​កាល​បរិច្ឆេទ​ដែល​បង្ហាញ​នេះ រាង​ខុស​ទម្លាប់​ Apple បន្តិច ដោយ​សារ​ជា​ធម្មតា​ Apple បង្ហាញ iPhone ថ្មី​ថ្ងៃ​អង្គារ​ ហើយ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ថ្ងៃ​សុក្រ​ រួច​ចេញ​លក់​ជា​ផ្លូវ​នៅ​ពេល​ ១ សប្ដាហ៍​បន្ទាប់។ ប៉ុន្តែ ២៧ កញ្ញា​គឺ​ក្រោយ​ការ​បើក​កុម្ម៉ង់​ទិញ ២ សប្ដាហ៍​ឯណោះ។

ចំណែក Apple Watch នឹង​មាន​ម៉ូដែល​ថ្មី​ចំនួន ៤ ត្រូវ​បង្ហាញ​នា​ថ្ងៃ​ ១០ ដោយ​ចេញ​លក់​តំណាល iPhone។ វា​មាន​លេខ​កូដ​សម្គាល់ A2156, A2157, A2092 និង A2093 ដែល​ចេញ​លក់​ជា​មួយ watchOS 6។

មាន​ iPad ថ្មី​ចំនួន​ពីរ​មាន​លេខ​កូដ​សម្គាល់ A2068 និង A2198 ដែល​ត្រូវ​បញ្ចេញ​លក់​នា​ខែ​តុលា​ ដែល​ឲ្យ​តម្រុយ​ថា​​នឹង​មាន​​ការ​ប្រកាស​ចេញ​មួយ​ទៀត ក្រោយ​កម្មវិធី iPhone មួយ​សប្ដាហ៍។ ឯកសារ​បាន​សន្និដ្ឋាន​ថា​ A2080 នឹង​ជា​​ប្រភេទ Entry ហើយ A2198 នឹង​ជា​ iPad Pro ដែល​រំពឹង​ថា​ចេញ​លក់​ជា​មួយ iPadOS 13។

ចុង​ក្រោយ​គឺ macOS 10.15 Catalina ដែល​នឹង​ត្រូវ​ចេញ​ដំណាល​គ្នា​ជា​មួយ iOS 13. iPad OS 13, watchOS 6 និង tvOS 13 នៅ​ថ្ងៃ​ទី ២៣ កញ្ញា៕

ចុចអាន ៖ iOS 13 បង្ហាញ​ពី​មុខងារ​ពិសេសៗ​របស់​ Apple Watch និង​ iPhone ជំនាន់​ថ្មី

ប្រភព៖ AppleInsider   ប្រែ​សម្រួល៖ សុខហេង