ឲ្យតម្រុយចេញបទថ្មី ឥឡូវស្រាប់តែឃើញ លំ សុក្រិត ទៅអង្គុយលក់ស្បែកជើងជជុះធ្វើមុខឡើងស្ងួត
- 2019-09-05 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតម្រុយចេញបទថ្មី ឥឡូវស្រាប់តែឃើញ លំ សុក្រិត ទៅអង្គុយលក់ស្បែកជើងជជុះធ្វើមុខឡើងស្ងួត
ចន្លោះមិនឃើញ
ប្រមាណ២ខែមុន អតីតតារាចម្រៀងផលិតកម្ម Rock លោក លំ សុក្រិត បានឲ្យតម្រុយថារូបលោក និងមិត្តរួមអាជីពលោក ជេក នឹងចេញចម្រៀងថ្មី ក្រោយស្ងប់ស្ងាត់ប៉ុន្មានឆ្នាំ។ ប៉ុន្តែថ្មីៗនេះ គេស្រាប់តែឃើញលោក ទៅលក់ស្បែកជើងនៅទួលគោកទៅវិញ។
លោក លំ សុក្រិត ខ្លួនឯងបានបញ្ចេញព័ត៌មាននេះ ដោយលោកបានបង្ហោះរូបភាពថ្មីៗបង្ហាញពីលោកអង្គុយលក់ស្បែកជើងប្រភេទជជុះក្នុងទឹកមុខស្ងួត ធ្វើឲ្យមានការភ្ញាក់ផ្អើល។ តាមរូបភាពប៉ុន្មានសន្លឹកនោះ សុក្រិត បានសរសេរសារភ្ជាប់ដោយអះអាងថា ទំនិញរបស់លោកទើបមកដល់ថ្មី ល្អៗប្រភេទក្បាលគីប។
ជុំវិញបញ្ហានេះ តារាចម្រៀងមកពីខេត្តកំពង់ធំប្រាប់សប្បាយថា លោកពិតជាលក់ស្បែកជើង ប៉ុន្តែថា លោកបានប្រកបរបរនេះយូរឆ្នាំហើយ មិនមែនទើបថ្មីៗនេះទេ។ "តាមពិតខ្ញុំលក់យូរហើយបង តាំងឆ្នាំ ២០១៤ ប៉ុន្តែទើបតែឥឡូវចេះ Post”។
លំ សុក្រិត បានឲ្យដឹងទៀតថា តាំងពីស្ងប់ស្ងាត់ការងារចម្រៀងមក គឺលោកបានមកប្រកបរបរនេះរហូត ក្នុងនោះលោកប្រាប់មូលហេតុថា លោកជ្រើសរើសមុខរបរលក់ស្បែកជើងនេះ គឺដោយសារតែលោកជាមនុស្សម្នាក់និយមរបស់ប្រើប្រាស់ប្រភេទមួយទឹក។ ផ្សំនឹងលោកជាអ្នកពូកែលេងម៉ូដស្រាប់ផង ទើបលក់យល់ថារបរនេះល្អ ហើយក៏ចាប់ផ្ដើមចេញរកស៊ីតែម្ដង។
ប៉ុន្មានឆ្នាំកន្លងមកនេះ ម្ចាស់អាជីវកម្ម ប្រាប់ថា មុខរបររបសលោក បានឲ្យផលតិកតក់ មិនទាន់ឲ្យផលអ្វីដុំកំភួនទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សុក្រិត បានបង្ហើបថា មកដល់បច្ចុប្បន្នរបរលក់ស្បែកជើងជជុះរបស់លោកដែលមានយីហោ "ផ្ទះក្បាលគីប" ពង្រីកបាន ៤សាខា ហើយ។ ទីតាំងដំបូងដែលលោកបើកដំណើរការ គឺនៅទួលគោក ជាទីតាំងបោះដុំធំទៅសាខានៅខេត្ត។
បន្តមកទៀតលោកបានបន្តទៅបើកនៅខេត្តព្រះវិហារ រួចបន្តមក កំពង់ធំ និងចុងក្រោយគេ គឺនៅតាខ្មៅ។ លោក លំ សុក្រិត ប្រាប់ថា បើដំណើរការកាន់តែល្អ លោកគ្រោងនឹងបើកនៅទីតាំងតាមខេត្ត ក្រុង ផ្សេងៗបន្តទៀត។ បើទោះជាក្នុងរូប គេឃើញលោក លំ សុក្រិត អង្គុយលក់ ប៉ុន្តែសាមីខ្លួនប្រាប់ថា លោកមិនបាននៅលក់ដោយផ្ទាល់នោះទេ គឺលោកមានបុគ្គលរបស់លោកជាអ្នកលក់។
ដោយឡែកលោក គ្រាន់តែមើលការខុសត្រូវពីខាងលើ និងគ្រប់គ្រងទៅលើការនំាចូលឥវ៉ាន់តម្រូវតាមទីផ្សារប៉ុណ្ណោះ។ ដោយឡែកការងារសិល្បៈ ដែលលោកឲ្យតម្រុយប្រមាណជាង១ខែមុន គឺលោកក៏បានចេញបទថ្មីរួចហើយដែរ ដោយបទនោះមានចំណងជើងថា "ឯការទេអូន" ដែលទទួលបានការគាំទ្រគួរសម៕