ក្មេងប្រុស​អាយុ ១១ ឆ្នាំ​បង្កើត​កម្មវិធីហ្គេម​ រហូត​ដល់ Apple ផ្តល់អាហារូបករណ៍​​ ១០០%

  • 2019-09-05 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុមារា Yuma Soerianto កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ជុំវិញ​ភាព​ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា ដោយ​សរុប​មក​ទល់​ពេល​នេះ​ក្មេង​ប្រុស​វ័យ ១១ ឆ្នាំ​អាច​បង្កើត​កម្មវិធី-ហ្គេម​ដាក់​ឲ្យ​ទាញ​យក​លើ App Store បាន​ដល់​ទៅ ៧ ហើយ។

Yuma Soerianto ពេល​​ចូល​រួម​ព្រឹត្តិការណ៍ WWDC ២០១៨ របស់​ក្រុមហ៊ុន Apple

***#សរសេរ​កូដ​តាំង​ពី​អាយុ ៦ ឆ្នាំ***

បោះ​ជំហាន​សិក្សា​ពី​ការ​សរសេរ​កូដ​តាំង​ពី​អាយុ ៦ ឆ្នាំ ដោយ​ក្មេង​ប្រុស​រស់​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​រូប​នេះ​បាន​បញ្ជាក់​ថា៖ "ពី​មុន​ពេល​ចេញ​ពី​សាលា ទៅ​ដល់​ផ្ទះ​ខ្ញុំ​រមែង​មើល​ទូរទស្សន៍ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​មើល​ការ​ផ្សាយ​ឡើង​វិញ​នោះ​ទេ ដោយ​ភាព​ធុញទ្រាន់ ខ្ញុំ​ក៏​ប្តូរ​គំនិត​មក​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​មើល​ទូរទស្សន៍​នេះ​វិញ"។

តាម​ប្រភព​ពី CNET បាន​ឲ្យ​ដឹង​ទៀត​ថា​ឪពុក​របស់ Yuma បាន​បង្រៀន​រូប​គេ​តាម​រយៈ ​ហ្គេម​ Online នៅ​លើ​អ៊ីនធឺណិត ជាមួយ​នឹង​មេរៀន​ការ​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន។ ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​ចេះ​បង្កើត​ហ្គេម​តូចៗ​ដំណើរការ​លើ Browser ជាមួយ​និង​ការ​ធ្វើ​ប័ណ្ណ​ជូនពរ​ថ្ងៃ​ខួប​កំណើត ដល់​ថ្នាក់​ហៅ​មិត្តភ័ក្ដិ​ឲ្យ​មក​លេង​ដើម្បី​ឈ្នះ​ចូល​វគ្គ​ទទួល​ពាក្យ​ជូនពរ​ពី Yuma។

#ចូល​ដល់​វ័យ ៨ ឆ្នាំ

ឈាន​ចូល​ដល់​វ័យ ៨ ឆ្នាំ កាល​ពី​ ២០១៥ ឪពុក​បន្ត៖ "គាត់​រមែង​ងើប​ពី​ដំណេក​មុន​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ ហើយ​តែងតែ​ឃើញ​គាត់​មើល​មេរៀន​ដោយ​ខ្លួន​ឯង​រៀងរាល់​ព្រឹក នេះ​ជា​អ្វី​ដែល​ស​បង្ហាញ​ពី​ទំហំ​ចិត្ត​ដែល​គាត់​ចង់​សិក្សា​ពី​កូដ"។

ក្នុង​ចំណោម​កម្មវិធី​ទាំង ៧ មួយ​ប្រភេទ​ចុង​ក្រោយ​នេះ​ទាក់ទង​នឹង​បច្ចេកវិទ្យា AR ដោយ​ចំណាយ​ពេល ៣ ខែ ឲ្យ​ឈ្មោះ Let's Stack AR ដែល​បើក​ឲ្យ​អ្នក​លេង​ចូលរួម​បេសកកម្ម​ជួយ​សង្គ្រោះ​សត្វ​ទា, បើក​យានអវកាស UFO និង​រៀប​ប្លុក។

ឯ​កម្មវិធី​មាន​ប្រយោជន៍​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ Weather Duck អនុញ្ញាត​ឲ្យ​អ្នក​មាន​សត្វ​ទា​ប្រាប់​ថា​ថ្ងៃ​នេះ​គួរ​ស្លៀកពាក់​អ្វី​សម្រប​ទៅ​នឹង​អាកាសធាតុ ហើយ Hunger Button ដែល​ផ្តល់​យោបល់​ពី​ភោជនីយដ្ឋាន​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ជៀសវាង​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ។

#ជាប់អាហារូបករណ៍​ចូលរួម​ព្រឹត្តិការណ៍ WWDC របស់​ក្រុមហ៊ុន Apple

Yuma ពេល​ជួប​លោក Tim Cook ក្នុង​កម្មវិធី WWDC

ជាមួយ​នឹង​ភាព​ជោគជ័យនេះ​ Yuma ក៏​ធ្លាប់​ទទួល​បាន​នូវ​អាហារូបករណ៍​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍ WWDC របស់​ក្រុមហ៊ុន Apple ដោយ​រូប​គេ​បាន​បញ្ជាក់​ដូច្នោះ​ថា៖ "គ្រា​ដែល​ខ្ញុំ​កំពុង​ដើរ​តែ​ម្នាក់​ឯង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ ក៏​ស្រាប់​តែ​ជួប​លោក Tim Cook ជា CEO របស់ Apple ហើយ​ខ្ញុំ​ក៏​បង្ហាញ​កម្មវិធី​ដែល​បាន​បង្កើត​ជូន​ទៅ​គាត់​មើល"។

ជាងនេះ​ទៀត​ឪពុក​របស់ Yuma លោក Hendri បាន​និយាយ​ថា​៖ "ខ្ញុំ​សង្ឃឹម​ ១០ ឆ្នាំ​ទៅ​មុខ គាត់​នឹង​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការ​ផ្លាស់ប្តូរ​ពិភពលោក​តាម​រយៈ​បច្ចេកវិទ្យា ប៉ុន្តែ​ពេល​នេះ​ Yuma ត្រឹម​វ័យ ១១ ឆ្នាំ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​គាត់​ចង់​ក្លាយ​ជា​អវកាសយានិក"៕

អានអត្ថបទ:

ប្រភព៖ Cnet   អត្ថបទ៖ កៅ រក្សា