មក​ដឹង​ច្បាស់អំពី​ចំណុច​ពិសេសៗ​ iPhone 11 Pro និង​ 11 Pro Max

  • 2019-09-11 02:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ Apple បាន​ប្រកាស​​ iPhone 11 ទាំង​បី​ស៊េរី ហើយ​ក្នុង​នោះ​ ម៉ូដែល "Pro” មាន​ការ​កែ​ប្រែ​ខ្លាំង​ជាង​ស៊េរី​ធម្មតា ជា​ពិសេស​នៅ​លើ​ផ្នែក​កាមេរ៉ា​និង​អេក្រង់​។

iPhone 11 Pro និង​ 11 Pro Max មាន​ការ​ដំឡើង​កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់ កម្រិត​ ១២ មេហ្គាភិកសែល​ ដូចគ្នា​ទាំង​អស់។​ កាមេរ៉ា​ធម្មតា​ពុំ​សូវ​មាន​ការ​កំណែ​អ្វី​ទេ ឯ​កាមេរ៉ា​ប្រភេទ telephoto វិញ​ នៅ​តែ​ជា 2x optical zoom ដដែល​ ប៉ុន្តែ​ភ្លឺ​ជាង​មុន​បន្តិច​ ព្រោះ​ប្រើ f/2.0 ជា​ជាង​ f/2.4 ដូច​ស៊េរី​មុន។ ចំណែក​ឯ មួយ​គ្រាប់​ថ្មី​វិញ​ជា​ប្រភេទ Ultra-wide សម្រាប់​ថត​រូប​ទូលាយ​ដល់​ទៅ ១២០ ដឺក្រេ​។

ពេល​ថត​រូប​កាមេរ៉ា​ទាំង​បី​គ្រាប់​ដំណើរ​ការ​ស្រប​ពេល​តែ​មួយ​ ដើម្បី​រក្សា​ការ​ focus និង exposure ឲ្យ​នៅ​ដដែល​ ដូចនេះ​រូប​ ដែល​អ្នក​ថត​មិន​ថា​ពី​កាមេរ៉ា​មួយ​ណា​ឡើយ​គឺ​គុណភាព​វា​នៅ​ប្រហាក់​ប្រហែល​គ្នា។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​កាមេរ៉ា​ទាំង​បី​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 4K 60fps ហើយ​ពេល​ប្រើ​កម្មវិធី​ឈ្មោះ Filmic វា​អនុញ្ញាត​ឲ្យ​ថត​ប្រើ​កាមេរ៉ា​ម្ដង ៤ គ្រាប់ (គិត​ទាំង​កាមេរ៉ា​មុខ​) ។ Apple បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផ្លាស់​ប្ដូរ​ពី​កាមេរ៉ា​មួយ​ទៅ​មួយ​ទៀត​ ពុំ​មាន​ភាព​ខុស​គ្នា​ខ្លាំង​លើ​គុណភាព។

អេក្រង់​របស់​ iPhone ទាំង​ពីរ​រក្សា​នៅ​ទំហំ​ដដែល​ពោល​គឺ iPhone 11 Pro ទំហំ ៥,៨ អ៊ីញ និង iPhone 11 Pro Max ទំហំ ៦,៥ អ៊ីញ។ អេក្រង់​នេះ​អាច​បញ្ចេញ​ពន្លឺ​បាន​រហូត​ដល់ ១២០០ nits ប៉ុន្តែ​ស៊ី​ថ្ម​តិច​ជាង​មុន ១៥% ។ គួរ​បញ្ជាក់ វា​មិន​មាន​មុខងារ 3D Touch ទៀត​ឡើយ។

iPhone ថ្មី​ទាំង​ពីរ​អាច​សាក​បាន​ក្នុង​ល្បឿន​ ១៨ វ៉ាត់ ហើយ​ទីបំផុត​ Apple សម្រេច​ចិត្ត​ដាក់​ឆ្នាំង​សាក​ល្បឿន​លឿន​នេះ​ក្នុង​ប្រអប់​ហើយ​។ Apple ថា iPhone 11 Pro កាន់​ថ្ម​យូរ​ជាង XS ៤ ម៉ោង ឯ​ iPhone 11 Pro Max កាន់​យូរ​ជាង​ XS Max ៥ ម៉ោង។

iPhone ទាំង​ពីរ​ប្រើ​បន្ទះ​ឈីប A13 Bionic ដែល CPU និង GPU លឿន​ជាង​មុន ២០% មិន​តែ​ប៉ុណ្ណោះ CPU ស៊ី​ថ្ម​តិច​ជាង​មុន ៣០% និង GPU ៤០%។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ជម្រើស ៦៤/២៥៦/៥១២GB ។

iPhone 11 Pro ផ្តើម​តម្លៃ ៩៩៩ ដុល្លារ និង iPhone 11 Pro Max ផ្តើម​តម្លៃ ១០៩៩ ដុល្លារ ដាក់​លក់​នៅ​ថ្ងៃ ២០ កញ្ញា៕

​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ