Mourinho បង្ហើប​ពី​​មូលហេតុ​ដែល​គាត់​គិត​ធ្វើ​ឱ្យ Alexis Sanchez ដុនដាប់​ខ្លាំង នៅ Man Utd

  • 2019-09-14 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតគ្រូបង្វឹក Manchester United លោក Jose Mourinho បានអះអាងថា Alexis Sanchez ធ្លាក់​ទម្រង់​លេង​​ខ្លាំង​ងើប​មិន​រួច​នៅ​ក្រុម​បិសាច​ក្រហម តាម​លោក​យល់​មូលហេតុ​ចម្បង​គឺ​បណ្តាល​មក​ពី​ភាព​មិន​សប្បាយ​ចិត្ត​ជា​​ប្រចាំ។

បន្ទាប់ពី​ផ្លាស់​ទៅ​ទឹកដី Old Trafford កាលពី​ខែ​មករា​ឆ្នាំ ២០១៨ ដែល​ជា​កិច្ច​ព្រមព្រៀង​កើត​ចេញ​ពី​ការ​ដោះដូរ​ឲ្យ Henrikh Mkhitaryan ចូលរួម​ជាមួយ​ Arsenal វិញ កីឡាករ​ឈីលី​ធ្លាក់​ជើង​ស្រែក​លែង​លឺ​រហូត​ដល់​ថ្នាក់​ក្លឹប​ដាក់​ឲ្យ Inter ខ្ចី​ជើង​នៅ​ដើម​រដូវ​កាល​នេះ។

ការ​ដែល Sanchez មិន​សូវ​បាន​បង្ហាញ​ខ្លួន​គឺ​ជា​រឿង​មួយ ប៉ុន្តែ​អតីត​គ្រូ​បង្វឹក Real Madrid, Chelsea និង Man Utd រូប​នេះ​បាន​ប្រាប់ The Telegraph ថា​ការ​លំបាក​របស់ Sanchez មួយ​ទៀត​គឺ​ខ្វះ​ភាព​កក់ក្តៅ​នៅ Man Utd ដែល​ធ្វើ​ឲ្យ​គេ​តែងតែ​កើត​ទុក្ខ​ជា​ប្រចាំ។

Sanchez ត្រូវ​បាន​រាយការណ៍​ថា​ពេល​ទៅ​ដល់​ Old Trafford ដំបូងៗ​កីឡាករ​រូប​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​មិត្ត​រួម​ក្រុម​ភាគ​ច្រើន។ សូម្បី​ពេល​ទទួល​ទាន​អាហារ ក៏​​អតីត​កីឡាករ Arsenal និង Barcelona អង្គុយ​កណ្ដោច​កណ្ដែង​តែ​ឯង​ដែរ។

​ក្រោយ​មក​បន្តិច Paul Pogba ឃើញ Sanchez បាន​ប្រាក់​​ឈ្នួល ៥៥៥,០០០ ដុល្លារ​ក្នុង​១​អាទិត្យ (ខ្ពស់​ជាង​ខ្លួន​ដល់​ទៅ​​២​ដង) ភ្នាក់ងារ​របស់​កីឡាករ​បារាំង​រូប​នេះ​បាន​ឡាំប៉ា​ទារ​ឡើង​ប្រាក់​ខែ​ដែរ។

លោក Mourinho បាន​និយាយ​ថា “ Sanchez …ខ្ញុំ​អាច​យល់​ពី​អារម្មណ៍​របស់​គេ មិន​មែន​ជា​មនុស្ស​​រីករាយ​ទេ។ ហើយ​ខ្ញុំ​គិត​ថា​ក្នុង​កិច្ចការ​ទាំង​អស់ នៅ​ពេល​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​ យើង​នឹង​ធ្វើ​មិន​បាន​ល្អ​ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ...”។

“ក្នុង​នាម​ជា​គ្រូ​បង្វឹក ពេល​ខ្លះ​អ្នក​មាន​សិទ្ធិ​ទាមទារ​​ខ្ពស់​បំផុត​ពី​កីឡាករ ប៉ុន្តែ​​វិធី​​នេះ​មិន​ជោគជ័យ​គ្រប់​ពេល​ទេ។...ដូច្នេះ​នៅ​អ៊ីតាលី​​គាត់​នឹង​ប្រសើរ​ឡើង​វិញ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​អាច​ធ្វើ​បាន។ ខ្ញុំ​តែងតែ​ជូនពរ​ដល់​កីឡាករ​គ្រប់​រូប"។

អាន៖ Conte គ្រូ​បង្វឹក​មាន​ប្រាក់​ឈ្នួល​​ខ្ពស់​​បំផុត​មិន​ធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ Serie A

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី