អ្នកស្រី Coleen Rooney ភរិយារបស់ខ្សែប្រយុទ្ធ Wayne Rooney និងអ្នកស្រី Rebekah Vardy ភរិយារបស់ខ្សែប្រយុទ្ធ Jamie Vardy បានប៉ះសម្ដីគ្នានៅក្នុងបណ្ដាញសង្គម ដែលទាក់ទងនឹងការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនទៅកាន់សារព័ត៌មាន The Sun។
អ្នកស្រី Rooney បានបង្ហោះនៅលើបណ្ដាញ Twitter ថា៖
- រយៈពេលជាច្រើនឆ្នាំហើយ មនុស្សដែលខ្ញុំទុកចិត្ត ហើយ Follow ខ្ញុំតាមបណ្ដាញ Instagram បានទម្លាយរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបង្ហោះជារូបភាព ឬ Story ទៅកាន់សារព័ត៌មាន The Sun ដោយគ្មានការអនុញ្ញាតពីខ្ញុំ។ ខ្ញុំក៏ចាប់ផ្ដើមសង្ស័យ ហើយក៏រកឃើញវិធីម្យ៉ាងគឺ ប្លុកគ្រប់គ្នាមិនឲ្យចូលមើល Story របស់ខ្ញុំ ដោយលើកលែងតែ Account មួយទេ។ កន្លងជាង ៥ខែ រឿងប្រឌិតដែលខ្ញុំបង្ហោះក្នុង Story ដូចជារឿង កំណត់ភេទរបស់កូននៅម៉ិកស៊ីកូ រឿងត្រលប់ចូលធ្វើសិល្បៈក្នុងទូរទស្សន៍ និងរឿងលិចទឹកនៅផ្ទះថ្មី សុទ្ធតែបែកទៅ The Sun ទាំងអស់។ វាពិតជាពិបាកណាស់ ដែលអត់ទ្រាំមិននិយាយអ្វីនោះ។ ខ្ញុំក៏ Screenshot ទុកនូវអ្នក View Story របស់ខ្ញុំ ដែលមានតែម្នាក់គត់។ ម្នាក់នោះគឺ... Account របស់ Rebeckah Vardy។
ទាក់ទិននឹងរឿងនេះដែរ ប្រពន្ធរបស់ Vardy ក៏បង្ហោះតាម Instagram ឆ្លើយតបទៅវិញថា៖
- ដូចអ្វីដែលខ្ញុំបានប្រាប់ឯងតាមទូរស័ព្ទ ខ្ញុំសង្ឃឹមថាឯងបាន Call មកខ្ញុំពេលមានរឿងបែបនេះកើតឡើង។ មានអ្នកកាសែតជាច្រើនសួរខ្ញុំ អំពីរឿងរបស់ឯងអំឡុងប៉ុន្មានឆ្នាំនេះ។ ម៉េចមិន Call ប្រាប់ខ្ញុំឲ្យដូរ Password? ច្រើនឆ្នាំនេះ មនុស្សជាច្រើនបានចូលលេង Account Instagram របស់ខ្ញុំ សូម្បីតែសប្ដាហ៍នេះ Account ខ្ញុំបាន Follow មនុស្សដែលខ្ញុំមិនស្គាល់ផង។ តើខ្ញុំបានអីមកវិញ ពីលក់ព័ត៌មាននេះ? ខ្ញុំមិនត្រូវការលុយទេ។ ខ្ញុំចូលចិត្តឯងខ្លាំងណាស់ Coleen ហើយខ្ញុំមិនសប្បាយចិត្តទេ ដែលឯងបង្ហោះបែបនេះ ជាពិសេសពេលដែលខ្ញុំកំពុងតែមានផ្ទៃពោះ។ ខ្ញុំគួរឲ្យស្អប់ខ្ពើមណាស់ ដែលត្រូវតែបដិសេធរឿងនេះ។ ឯងគួរតែ Call មកខ្ញុំពីដំបូង។
មិនទាន់មានការឆ្លើយតបបន្តពីប្រពន្ធរបស់ Rooney ទេ៕
ប្រភព៖
Goal
អត្ថបទ៖ សេរី មង្គល