មិនជាប់សាច់ឈាមនឹងគ្នាសោះ ប៉ុន្តែតារាខ្មែរ៤ដួងនេះ មុខមាត់ដូចគ្នាបេះដាក់
- 2019-10-10 03:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនជាប់សាច់ឈាមនឹងគ្នាសោះ ប៉ុន្តែតារាខ្មែរ៤ដួងនេះ មុខមាត់ដូចគ្នាបេះដាក់
ចន្លោះមិនឃើញ
នៅលើលោកនេះ មានរឿងចម្លែក និងអស្ចារ្យជាច្រើន ដែលយើងនឹកស្មានមិនដល់។ និយាយពីមនុស្សដែលមានមុខមាត់ដូចគ្នាបេះដាក់ គឺសំដៅលើបុគ្គលដែលជាកូនភ្លោះ។ ប៉ុន្តែជាមួយគ្នា បុគ្គលខ្លះដែលមិនជាប់សាច់ឈាមអ្វីនឹងគ្នាបន្តិចសោះ ក៏មានមុខមាត់ដូចគ្នាដែរ ដែលឃើញភាគច្រើននៅក្នុងសង្គមបរទេស។ ប៉ុន្តែឥឡូវនេះនៅក្នុងសង្គមសិល្បៈខ្មែរវិញ ក៏ឃើញសិល្បការិនីមួយចំនួន មានមុខមាត់ដូចបងប្អូនបង្កើត បើទោះពួកគេគ្មានជាប់ពាក់ព័ន្ធអ្វីក្រៅពី មិត្តរួមអាជីពនោះ។ ខាងក្រោមនេះ គឺសិល្បការិនី៤នាក់ដែលមានមុខមាត់ដូចគ្នា។
១.ជីជី និង ម៉េង យៀកលី៖ ជីជី ជាតារាស្រីរៀមច្បង បើធៀបនឹង យៀកលី ដែលទើបតែចូលសិល្បៈកាលពីឆ្នាំ ២០១៥ ។ ប៉ុន្តែចំណុចដែលដូចគ្នា គឺពួកគេមានសម្ផស្សស្រស់ស្អាតដូចគ្នា ហើយអ្វីដែលកាន់តែដូចទៀតនោះ គឺតារាស្រីទាំងពីរដួង មានរូបរាងដូចគ្នាខ្លាំងពេក រហូតធ្វើឲ្យមានការភ័ន្តច្រឡំម្ដងហើយម្ដងទៀតពីអ្នកគាំទ្រ។ បើតាមសាមីខ្លួន ម៉េង យៀកលី បានឲ្យដឹងថា នាងបានទទួលសំណួរជាច្រើនពីអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តមួយចំនួនពីបញ្ហារូបរាងរបស់នាង។
យៀកលី ថ្លែងថា "បងឯងមើល មានគេច្រឡំខ្ញុំថាជាបង ជីជី រហូត ពេលចេញទៅក្រៅម្ដងៗ គេសួរថា បងឯងហ្នឹងជីជីមែន...(សើច)!"។ ស្រីស្អាតមកពីប៉ោយប៉ែត បន្តថា នាងបានបដិសេធជារឿយថា នាងមិនមែនជារៀមច្បង ជីជី ទេ នាងគឺ យៀកលី ប៉ុន្តែម្ដងហើយម្ដងទៀត នាងនៅតែទទួលបានសំណួរដដែលដូចគ្នាពីអ្នកគាំទ្រមួយចំនួន។
២.ជា ស្រីរ័ត្ន និង ស៊ឹម ថៃណា៖ បើនិយាយពីជំនាន់ តារាស្រីទាំងពីរនេះ រឹតតែខុសគ្នាឆ្ងាយទៀត បើធៀបនឹងគូខាងលើ ក៏ព្រោះតែ ស៊ឹម ថៃណា ជាតារាស្រីចាស់វស្សាមួយរូប។ ដោយឡែក ជា ស្រីរ័ត្ន គឺជាតារាជំនាន់ក្រោយ ហើយបច្ចុប្បន្នបាន និងកំពុងពេញនិយម។ ភាពពេញនិយមរបស់តារាស្រីវ័យ ២៦ឆ្នាំរូបនេះ នាំឲ្យការចាប់អារម្មណ៍ទៅលើរូបរាង មុខមាត់របស់នាងជាមួយរៀមច្បង ស៊ឹម ថៃណា។
ចំណុចនេះ សាមីខ្លួនសិស្សប្អូន បានអះអាងថា នាងទទួលបានពាក្យមួយចំនួនដែរពីអ្នកគាំទ្រនាង ដែលលើកឡើងថា នាង និងរៀមច្បង ស៊ឹម ថៃណា មានមុខមាត់ដូចគ្នា។ ដោយឡែក ស្រីរ័ត្ន ខ្លួនឯង ក៏ទទួលស្គាល់ដែរថា នាងពិតជាមានមុខមាត់ ដូចសិស្សច្បងពិតមែន៕