តារា​ស្រី​​វីដេអូ​​លេខ​១​ចិន Li Ziqi ក្លាយ​ជា​មហាសេដ្ឋី​​រាប់​សិប​លាន​ដុល្លារ​នៅ​អាយុ​២៩​ឆ្នាំ

  • 2019-10-16 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Li Ziqi គឺ​ជា​តារា​ស្រី​ផលិត​វីដេអូ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​ចិន។ ដោយ​សារ​តែ​ស្នាដៃ​របស់​ខ្លួន ថ្មី​ៗ​នេះ​នាង​បាន​ក្លាយ​ជា​​មហាសេដ្ឋី​វ័យ​ក្មេង ព្រោះ​​មាន​ទ្រព្យសម្បត្តិ​រាប់​លាន​ដុល្លារ​នៅ​ពេល​មាន​វ័យ​មិន​ទាន់​៣០​ឆ្នាំ។

បណ្ដាញ​ព័ត៌មាន Dianshangbao បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ធ្វើ​វីដេអូ​​ពីស្រុក​ស្រែ ក៏​ដូច​ជា​វប្បធម៌​ចិន​ឈ្មោះ Li Ziqi បាន​ក្លាយ​ជា​មហាសេដ្ឋី​រួច​ហើយ ដោយ​មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ទោះ​បី​ជា​នៅ​មាន​វ័យ​ក្មេង​ក៏​ដោយ។

តាម​នោះ​ដែរ ចំណូល​ប្រចាំ​ឆ្នាំ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩០ អាច​រក​បាន​ពី​៧ ទៅ​ ៨​លាន​ដុល្លារ ហើយ​គិត​មក​ដល់​ជិត​ចុង​ឆ្នាំ​២០១៩​នេះ ទ្រព្យ​សម្បត្តិ​របស់​នាង​មាន​ប្រមាណ​រាប់​សិប​លាន​ដុល្លារ។

“អាយុ​១៤​ឆ្នាំ Li Ziqi ​​ធ្លាប់​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​លាង​ចាន​ឲ្យ​គេ រក​បាន​មួយ​ខែ​ប្រមាណ​៤០​ដុល្លារ។ អាយុ​២៩​ឆ្នាំ នាង​រក​បាន​១​ឆ្នាំ ៧​ទៅ​៨​លាន​ដុល្លារ។ ពី​មនុស្ស​ម្នាក់​ដែល​រក​អង្ករ​ច្រក​ឆ្នាំ​ង​សឹង​មិន​បាន ពេល​នេះ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​មាន​វ័យ​មិន​ដល់​៣០​ឆ្នាំ។ ប្រការ​នេះ​គឺ​លើស​ពី​ការ​រំពឹង​ទុក​របស់​មនុស្ស​គ្រប់​គ្នា” ​នេះ​បើ​តាម Dianshangbao ឲ្យ​ដឹង។

ក្រៅ​ពី​ចំណូល​ពី​ការ​​ដែល​ទស្សនិក​ជន​មើល​វីដេអូ​របស់​ខ្លួន ស្រី​ស្អាត​រូប​នេះ​ក៏​ចាប់​ផ្ដើម​លក់​ម្ហូប​អាហារ​ដែល​​នាង​ធ្វើ​ក្នុង​វីដេអូ​ដូច​គ្នា។ នារី​តស៊ូ​កើត​ឆ្នាំ​១៩៩០​រូប​នេះ ធំ​ដឹង​ក្ដី​ឡើង​ក្នុង​គ្រួសារ​អ្នក​ក្រ​មួយ នៅ​តំបន់​ដាច់​ស្រយាល​ខេត្ត Si Chuan ប្រទេស​ចិន។ ម្ដាយ​ស្លាប់​ចោល ឪពុក​មាន​ប្រពន្ធ​ថ្មី តាំង​ពី​តូច​គឺ​ត្រូវ​បាន​តា​យាយ​ជា​អ្នក​ចិញ្ចឹម។ មុន​ពេល​ធ្វើ​វីដេអូ នាង​បាន​ប្រឡូក​អស់​ហើយ រាល់​ការងារ​ពលកម្ម​នៅ​ទីក្រុង ដើម្បី​ផ្ញើ​លុយ​ឲ្យ​យាយ។​

ឆ្នាំ​២០១២ នៅ​ពេល​យាយ​ឈឺ​ធ្ងន់ ហើយ​មិន​មាន​អ្នក​មើល នាង​ត្រូវ​ចោល​ការងារ​នៅ​​ទីក្រុង​ហើយ​មក​ស្រុក​មើល​យាយ។

ពេល​ទំនេរ​ក៏​ធ្វើ​វីដេអូ​ពីជីវិត​នៅ​ស្រុក​ស្រែ សូម្បី​តែ​នាង​ផ្ទាល់​ក៏​មិន​ជឿ​ថា​មាន​អ្នក​ចូល​ចិត្ត​មើលវីដេអូ​របស់​ខ្លួន​ដូច​នេះ​ដែរ។ បច្ចុប្បន្ន Ziqi មាន​អ្នក​គាំទ្រ​ជាង​១០​លាន​នាក់​លើ​បណ្ដាញ​សង្គម Weibo និង​៥​លាន​នាក់​លើ Youtube ដោយ​គ្រប់​វីដេអូ​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​ទស្សនា​រាប់​លាន​ដង៕

ចុចអាន៖ ​​ ឈប់ផឹកតែទឹកដោះគោ៤ខែ ក្មេងស្រីម្នាក់សន្សំលុយទិញបានសំបុត្រយន្តហោះ ផ្អើលបណ្តាញសង្គម

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ Caramel